Friday, November 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុកម៉ូតូភ្លេ.../ចដកសោ ចោរស្រីលួចជិះ

ទុកម៉ូតូភ្លេ…/ចដកសោ ចោរស្រីលួចជិះ

ខេត្តកណ្តាល ៖ បុរសម្នាក់ ជិះម៉ូតូ ១គ្រឿង ជូនកូនទៅសាលារៀន លុះត្រឡប់មកវិញ ទុកម៉ូតូនៅក្នុងដីឡូត៍ផ្ទះរបស់ខ្លួន ដោយមិនបានដកសោចេញទេ រួចជិះម៉ូតូ ១គ្រឿងទៀត ចេញទៅធ្វើការបាត់ លុះក្រោយមកលេចមុខស្ត្រីដៃឆើតម្នាក់ ប្រទះឃើញម៉ូតូមានសោជាប់ស្រាប់ ក៏ចូលទៅលួចជិះគេចខ្លួន តែមិនបានប៉ុន្មានម៉ោងផង ត្រូវម្ចាស់គេតាមរកឃើញ ប្តឹងសមត្ថកិច្ចចាប់ក្របួចជាប់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នៅចំណុច ដីឡូត៍ក្នុងរបងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ចោរស្រីដែលលួចម៉ូតូគេ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប៉ោ រស្មី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំពោះវត្ថុតាងដកហូតបាន  ម៉ូតូ ១គ្រឿង ម៉ាក Honda Super Cub ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល 1F-1709 ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះទិត្យ សុធានី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានលំនៅ ភូមិកើត ហេតុខាងលើ។

តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីជូនកូនទៅសាលា មកដល់ផ្ទះវិញ បានយកម៉ូតូម៉ាក Honda Super Cub ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល 1F-1709 មកទុកក្នុងរបងដីឡូត៍មុខផ្ទះរបស់ខ្លួន ដោយមិនបានដកកូនសោចេញពីម៉ូតូនោះទេ រួចក៏ជិះម៉ូតូ ១គ្រឿងទៀត ចេញទៅធ្វើការនៅឯភ្នំពេញ បាត់ទៅ។

របាយការណ៍ដដែល បន្តថា លុះដល់វេលាកើតហេតុខាងលើ ប្រពន្ធរបស់ជនរងគ្រោះ បានទូរស័ព្ទប្រាប់ជន រងគ្រោះថា ម៉ូតូ ១គ្រឿង ខាងលើ ត្រូវបានចោរលួចបាត់ហើយ ភ្លាមៗជនរងគ្រោះបានជិះម៉ូតូត្រឡប់មកផ្ទះវិញ ដើម្បីឆែកកាមេរ៉ា មើលឃើញភិនភាគជនសង្ស័យជា មនុស្សស្រី ដែលបានធ្វើសកម្មភាពចូលលួចម៉ូតូ ជិះចេញទៅបាត់។ បន្ទាប់មក ជនរងគ្រោះបានជិះម៉ូតូដើររក រហូតដល់សួនច្បារមាត់ទន្លេក្រុងតាខ្មៅ ក៏ប្រទះឃើញជន សង្ស័យកំពុងជិះម៉ូតូរបស់ខ្លួន ក៏ឃាត់ទុក និងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅ ឱ្យឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង យកមកសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ម៉ាក Honda Super Cub ពណ៌ខៀវ នោះប្រាកដមែន។

ស្ត្រីសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES