ភ្នំពេញ៖យូរី បានកែប្រែទីផ្សារចម្រៀងរបស់ខ្លួននៅចុងឆ្នាំ២០២៤ តាមរយៈការងាកមកច្រៀងបទស្លូវវិញម្ដង ខណៈដែលកន្លងមកមានការិះគន់ថានាងច្រៀងបានតែបទញាក់ អត់ស៊ីបទស្លូវទេ ប៉ុន្ដែពេលនេះតារាហង្សមាសបានច្រៀងបទបែបខូចចិត្ដដែរហើយ ។នេះជាការតេស្ដសម្ថភាពរបស់ខ្លួន ដើម្បីប្រជែងតារាខ្លាំងៗរបស់ហង្សមាសដែលយូរី ចេញម្ដង៣បទគឺ«កាត់ចិត្ត បែបណាមិនឈឺចាប់ » ,«ព្រមល្ងង់ ព្រោះមិនចង់បាត់បង់» និងបទ”ចងចាំម្នាក់នេះផងបានទេ?» ។


ការប្ដូរយុទ្ធសាស្រ្ដពង្រឹងទីផ្សារចម្រៀងរបស់យូរី នាពេលនេះកើតមានក្រោយពីតារាល្បីៗរបស់ហង្សមាសទាំងប្រុសទាំងស្រីបានដើរចេញពីហង្សមាសជាបន្ដបន្ទាប់ តែយូរី គ្មានដំណឹងនៃការរត់ចោលហង្សមាសទេ ។ចំណែកអត្ថន័យបទចម្រៀងរបស់នាងខាងលើយូរី ដាក់អារម្មណ៍បានល្អព្រោះតែអ្នកនិពន្ធហាក់ដឹងរឿងនាងនិងសរសេរបទចម្រៀងនេះឡើងចំពេលដែលយូរី កំពុងតែមានវិបត្តិស្នេហាខូចចិត្តក្រោយចែកផ្លូវលោកថៅកែជា នី ជាង២ឆ្នាំ។ប្រភពបានឲ្យដឹងថាបរាជ័យស្នេហាជាមួយថៅកែនោះបានធ្វើឲ្យយូរី ឈឺចាប់ខ្លាំង ហេតុនេះហើយបានជានាងមិនសប្បាយចិត្តនោះទេ នៅពេលដែលឭគេនិយាយរឿងថៅកែមានស្រីស្នេហ៍ថ្មីនៅចំពោះមុខនាង បើទោះជាមិត្តភក្ដិបានព្យាយាមលួងលោមនាងថារូបស្អាតនិងល្បីប៉ុណ្ណឹងដែរ កុំឲ្យនាងខ្វល់រឿងថៅកែទៀត ព្រោះនាងអាចរកបានបុរសល្អជាងនេះនៅពេលណាក៍បានដែរ ។


គួរបញ្ជាក់ថាយូរី បានដើរចេញពីសាន់ដេ ចូលទៅហង្សមាសជំនួសតំណែងនាងទេព បូព្រឹក្ស ដែលជាអ្នកលេងសម្រស់និងក្បាច់រាំដូចគ្នា ហើយនៅទ្រនុំធំនេះនាងពិបាកប្រជែងជាមួយតារាជើងខ្លាំងៗដែលច្រៀងបទមនោសញ្ចេតនាបានល្អជាងនាង។តែក្នុងនាមជាតារាចម្រៀងអាជីពយូរី ក៍មិនខុសពីតារាផ្សេងៗទៀតដែរ ពោលគឺចង់ច្រៀងឲ្យបានច្រើនទម្រង់ ប៉ុន្ដែការច្រៀងបទស្លូវជាថ្មីនេះក៍មិនមែនជាលើកទី១ដែរ ព្រោះអំឡុងនៅផលិតកម្មRock និងសាន់ដេ នាងក៍ធ្លាប់ចេញបទប្រភេទនេះដែរគ្រាន់តែកន្លងមកគេស្គាល់នាងច្បាស់តាមរយៈការច្រៀងបទញាក់ច្រើនជាង ។


គួរបញ្ជាក់ថាយូរី មិនសូវកាក់កបរឿងស្នេហាទេដែលតាមព័តមានថានាងបានបរាជ័យស្នេហ៍ចំនួន៣លើកមកហើយគឺចែកផ្លូវគ្នាជាមួយអតីតអ្នកដឹកនាំសាន់ដេលោករ៉េត កាលពីឆ្នាំ២០១៨ និងផ្អាកលែងចាប់ដៃប្រុសរូបសង្ហារប៊ីម៉ូ ដែលគេសង្ស័យថានាងនិងលោកជាគូស្នេហ៍នៅចុងឆ្នាំ២០១៩ ខណៈដែលចុងក្រោយនាងមើលមុខគ្នាលែងចំជាមួយលោកជា នី ។ដោយសារតែខ្លាចដើរជាន់ដានចាស់បែបនេះហើយ ទើបយូរី ពន្យាពេលបង្ហាញមុខគូស្នេហ៍ថ្មី ព្រោះនាងមិនចង់ជួបស្នេហ៍ហេងស៊យជាលើកទី៤ ឡើយ ។ចំណែកតារាស្និតយូរី បង្ហើបថាស្រីស្អាតរូបសម្រស់ឆើតឆាយរូបនេះបែកថៅកែភ្លាម មានប្រុសទាំងក្នុងនិងក្រៅស្រុកចង់ធ្វើសង្សារថ្មីនាង តែក្នុងនោះប្រុសចាស់ តាមស្នេហាយូរី ច្រើនជាងប្រុសក្មេង។ពួកគេចង់ឲ្យយូរី មានចិត្តក្លាហាន បង្ហាញគូស្នេហ៍ថ្មីដើម្បីឲ្យថៅកែបានភ្លឺភ្នែក តែនាងបែជាជ្រើសផ្លូវលាក់មុខបណ្ដូលចិត្តថ្មីទៅវិញ ៕

