ភ្នំពេញ៖នាដការីសុខគា គីមលាង បានឈានជើងចូលប្រឡូកក្នុងអាជីពសម្ដែងជាលើកដំបូងថតឲ្យផលិតកម្មLD ដែលភាពយន្ដទី១របស់នាងទើបបានថតបញ្ចប់កាលពីពេលថ្មីៗនេះនឹងត្រៀមដាក់បញ្ចាំងនាពេលខាងមុខ។តាមប្រភពថាគីមលាង ដែលជាគោលដៅនៃផលិករទាំងឡាយចង់បាននាងធ្វើជាតួឯក តែនាងខកខានមិនបានថតព្រោះពេលនោះកំពុងជាប់សិក្សារមិនមានពេលវេលាគ្រប់គ្រាន់នោះ ស្រាប់តែពេលនេះលេងរឿងទី១បែជានាងព្រមធ្វើជាតួម្ដាយគេទៅវិញ ។មតិខ្លះថាគីមលាង គួរតែធ្វើជាតួឯក ព្រោះទាំងរូបសម្រស់ ទេពកោសល្យ និងវ័យរបស់នាង មិនគួរណាអ្នកដឹកនាំរឿងឲ្យលេងជាតួម្ដាយបែបនេះឡើយ ។
តើហេតុអ្វីបានជានាដការីសុខគា គីមលាង ព្រមធ្វើជាតួម្ដាយ ? ក្នុងជំនួបតាមទូរស័ព្ទកាលពីពេលថ្មីៗនេះសុគា គីមលាង បានឲ្យដឹងថាដោយសារតែនាងជឿរជាក់លើបច្ចេកទេសក្រុមការងារLD ទើបនាងថតរឿងដំបូងឲ្យផលិតកម្មមួយនេះ ម្យាងទៀតនាងចង់ចូលរួមលើកស្ទួយពីវិស័យភាពយន្ដខ្មែរឲ្យទៅមុខថែមទៀតផងដែរ។ គីមលាង ថារឿងនោះនាងលេងជាតួម្ដាយមែន តែជាអ្នកម្ដាយវ័យក្មេង មិនមែនម្ដាយចាស់ទេ ហើយឈុតនាងថតមានច្រើនប្លង់ និងឈុតពិបាកៗជួបច្រើនដែរដូចជាថតនៅរូងភ្នំ ក្នុងទឹក៣ម៉ោងក៍មាន ព្រោះរឿងនោះទាក់ទងអបិយជំនឿរ។នាដការីដ៍ស្រស់សោភា បន្ថែមថារឿងមួយនេះនាងប្រឹងឡើងស្គមខ្លួនទៅហើយ ព្រោះឈុតខ្លះថតដល់ទៀបភ្លឺ តែនាងគ្មានអ្នកតាអីចូលទេ គឺមានតែម្ចាស់ទឹកម្ចាស់ដីជួយឲ្យនាងថតឆាប់ត្រូវ ព្រោះបើយើងលេងមិនត្រូវគឺធ្វើឲ្យពិបាកដល់ក្រុមការងារទាំងមូលតែម្ដង ។
ទោះជាយ៉ាងណានារីដ៍ស្រស់សោភា រូបនេះសារភាពថារឿងដែលនាងបារម្ភបំផុតក្នុងអាជីពភាពយន្ដជាលើកទី១នោះគឺខ្លាចពេលដាក់បញ្ចាំងទៅគ្មានអ្នកមើល….(សើច)។ប៉ុន្ដែនាងថាបានបញ្ចេញសម្ថភាពលេងរឿងមួយនេះអស់ទៅហើយ និងចិត្តនាងចង់ឲ្យអ្នកមើលរឿងនេះគឺដូចជាកំពុងនៅក្នុងឈុតពិតៗតែម្ដង មិនមែនសម្ដែង ។
សុខគា គីមលាង ថាតាមពិតនាងត្រូវថតរឿងឲ្យLD តាំងពីរឿង”នាងនាថ “ម្លេះ ប៉ុន្ដែដោយសារតែពេលនោះនាងអត់មានពេលវេលាគ្រប់គ្រាន់ទើបនាងខកខាន ។តែសម្រាប់ឆ្នាំ២០២៤ នេះនាងបានដាក់ចិត្តដាក់កាយថតភាពយន្ដ និងក៍សម្លឹងមើលការថតរឿងភាគ ប្រសិនបើពេលវេលាសមស្រប ព្រោះនាងក៍ចង់រក្សារឯកសារផ្ទាល់ខ្លួនទាក់ទងការសម្ដែងភាពយន្ដនេះមួយផ្នែកដែរ ។នាងថាស្នាដៃក្នុងភាពយន្ដនាងសូមទទួលការិះគន់ជានិច្ចក្នុងន័យស្ថាបនាឲ្យរូបនាងកាន់តែបំពេញនូវចំណុចខ្វះខាត។
គួរបញ្ជាក់ថាសុខគា គីមលាង ត្រូវបានផលិតករក្នុងស្រុកសឹងតែទាំងអស់តែម្ដងដែលចាប់អារម្មណ៍ និងចង់ឲ្យនាងធ្វើជាតួឯកក្នុងភាពយន្ដរបស់គេ ព្រោះតែនាងមានសម្រស់ពីធម្មជាតិ១០០% និងជានាដការីម្នាក់ដែលធ្លាប់ហាត់របាំបុរាណ និងរបាំព្រះរាជទ្រព្យរយៈពេល១៦ឆ្នាំ ពោលគឺរៀនតាំងពីអាយុ៩ឆ្នាំម្លេះ ។បច្ចុប្បន្នគីមលាង ជាជាគ្រូរបាំបុរាណ និងរបាំព្រះរាជទ្រព្យនៅសាលាមធ្យមវិចិត្រសិល្បៈ ហើយនាងកាន់តែលេចធ្លោថែមទៀតពេលចេញមុខក្នុងស្ពត Range Rover 2024 ។ស្រីស្អាតអាយុ២៥ឆ្នាំ កម្ពស់១,៧០ម៉ែត្រ ទម្ងន់៥០ គ.ក្រ ថាបេះដូងនាងមិនទាន់មានម្ចាស់ចិត្តឡើយ តែថ្មីៗនេះគេចាប់អារម្មណ៍នៅពេលដែលឃើញគីមលាង បណ្ដើរលោកឃីម ហ្សានីត ទៅចូលរួមកម្មវិធី កម្រាលព្រំក្រហម និងពិធីប្រគល់ពានរង្វាន់នៃ2nd Cambodian Asian Film Festival ។គីមលាង ថាមូលហេតុដែលនាងទៅកម្មវិធីនោះជាមួយលោកហ្សានីត ព្រោះនាងនិងលោកថតរឿងLD ជាមួយគ្នាដោយនាងធ្វើជាតួម្ដាយ លោកហ្សានីត ជាតួឪពុក ។នាងថាលោកហ្សានីត ចាត់ទុកនាងជាប្អូនស្រី ហើយលោកជាសុភាពបុរសអត់ចេះរញ៉ៃរញៃជាមួយនាងឡើយ ។
គេចាំមើលថាស្នាដៃនាដការីសុខគា គីមលាង ហៅKon Ant ឬកូនស្រមោច ក្នុងអាជីពកុនលើកទី១នឹងទទួលបានជោគជ័យដែរឬអត់ ?