Friday, November 29, 2024
Homeព័ត៌មានជាតិតែងតាំងសម្តេចគុយ សុផល ជំនួសសម្តេច គង់ សំអុល ជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

តែងតាំងសម្តេចគុយ សុផល ជំនួសសម្តេច គង់ សំអុល ជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

ភ្នំពេញ  ៖ បន្ទាប់ពីសម្ដេចចៅហ៊្វាវាំង គង់ សំអុល បានទទួលមរណភាព ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធមក ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ លោកឧកញ៉ាមហាមន្ត្រី គុយ សុផល ជាសម្តេចមហាមន្ត្រី គុយ សុផល និងត្រាស់បង្គាប់តែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជំនួសសម្តេចចៅហ៊្វាវាំង គង់ សំអុល។

ក្នុងព្រះរាជក្រឹត្យ លេខ នស រកត ០៩ ២៤ ១០៧២  ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទានគោរមងារ ឧកញ៉ាមហាមន្ត្រី គុយ សុផល ជាសម្តេចមហាមន្ត្រី គុយ សុផល។

ក្នុងព្រះរាជក្រឹត្យ លេខ នស រកត ០៩ ២៤ ១០៧៣  ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខតំណែងសម្តេចមហាមន្ត្រី គុយ សុផល ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។

សូមបញ្ជាក់ថា សម្តេចចៅហ៊្វាវាំង គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ ។

សពសម្តេចចៅហ៊្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ត្រូវបានតម្កល់ដើម្បីប្រារព្ធពិធីបុណ្យ តាមប្រពៃ ណីសាសនា នៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងវិថីហ្សូសិបប្រូសទីតូ (២១៨) សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ៕ ខៀវទុំ

RELATED ARTICLES