Thursday, September 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធដេកកំដរបុណ្យស.../ព ប្តីលួ.../ចទូរស័ព្ទគេ ជាប់.../ខ្នោះ

ប្រពន្ធដេកកំដរបុណ្យស…/ព ប្តីលួ…/ចទូរស័ព្ទគេ ជាប់…/ខ្នោះ

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ បានមកដេកកំដរបុណ្យសពសាច់ញាតិរបស់ខ្លួន ដោយបានដាក់ទូរស័ព្ទចំនួន ២ គ្រឿង នៅលើក្បាលដំណេក ស្រាប់តែវេលាទៀបភ្លឺ មានជនសង្ស័យម្នាក់ បានដើរមកហៅប្រពន្ធរបស់ខ្លួន ដែលមកដេកកំដរបុណ្យសពនោះដែរ ដើម្បីឱ្យទៅធ្វើការរោងចក្រ លុះត្រឡប់ទៅវិញ ប្រទះឃើញទូរស័ព្ទជនរងគ្រោះទុកនៅកណ្តាលវាល ក៏លួចយកទៅ តែក៏ត្រូវម្ចាស់គេឆែកតាមប្រព័ន្ធ iCloud រកឃើញទីតាំង ប្តឹងសមត្ថកិច្ចចុះចាប់វាយខ្នោះភ្លាមៗ។

ករណីលួចទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង១០នាទីទៀបភ្លឺ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសឿង ជាវ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។  ចំពោះវត្ថុតាង ដកហូតបាន រួមមាន ទូរស័ព្ទដៃ ចំនួន២គ្រឿង (ម៉ាក iPhone 11 ពណ៌ស្វាយ ១គ្រឿង និងម៉ាក iPhone 12 Pro Max ពណ៌ខៀវ ១គ្រឿង) ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះញឹម សែងដាវ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ជនរងគ្រោះបានមកកំដរបុណ្យសពសាច់ញាតិខ្លួន នៅចំណុចទីតាំងកើតហេតុខាងលើ។ រហូតដល់វេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ជនរងគ្រោះបានឡើងទៅសម្រាកនៅលើផ្ទះបុណ្យសព ជាមួយបងប្អូន និងក្រុមគ្រួសារ ដោយជនរងគ្រោះសម្រាកនៅជាប់នឹងមាត់ទ្វារផ្ទះ ហើយទុកទូរស័ព្ទដៃ ចំនួន២គ្រឿងដូចខាងលើ សាកថ្មនៅលើក្បាលដំណេក។

ប្រភពដដែល បន្តថា លុះដល់ម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃដដែល ជនរងគ្រោះបានក្រោកពីដេក រកមើលទូរស័ព្ទដៃរបស់ខ្លួន មិនឃើញ ក៏នាំគ្នាផ្អើលឆោឡោ ឡើងដើររក បន្ទាប់មកជនរងគ្រោះបានឱ្យប្អូនថ្លៃឆែកតាមប្រព័ន្ធ iCloud រកទូរស័ព្ទ ពេលនោះក៏ឃើញប្រព័ន្ធ iCloud លោតទីតាំងនៅផ្សារគគីរ ភ្លាមនោះជនរងគ្រោះ រួមជាមួយក្រុមគ្រួសារ បាននាំគ្នាមកដល់ទីតាំងលោតប្រព័ន្ធ iCloud ក៏ឃើញជនសង្ស័យបម្រុងនឹងយកទូរស័ព្ទដៃលក់ ក៏នាំគ្នាឃាត់ខ្លួនជនសង្ស័យ ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា នៅវេលាម៉ោង៥និង១០នាទីទៀបភ្លឺ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ខ្លួនបានដើរទៅផ្ទះបុណ្យសព ហើយក៏ឡើងទៅហៅប្រពន្ធរបស់ខ្លួន ដែលមកសម្រាកនៅលើផ្ទះបុណ្យសព (ដេកកំដរបុណ្យសព) ដើម្បីឱ្យទៅធ្វើការរោងចក្រ ពេលហៅប្រពន្ធរួចហើយ ក៏ដើរត្រឡប់មកវិញ ឃើញទូរស័ព្ទដៃ ចំនួន២គ្រឿងនៅលើក្បាលដំណេករបស់ជនរងគ្រោះ រួចក៏លួចយកទាំង២គ្រឿង យកមកផ្ទះ រួចក៏បន្តសកម្មភាពយកទូរស័ព្ទទាំង២គ្រឿង ទៅលក់នៅផ្សារគគីរ ស្រាប់តែត្រូវម្ចាស់គេប្តឹងប៉ូលិសចុះចាប់ខ្លួនបានតែម្តង។ មូលហេតុខ្លួនលួចទូរស័ព្ទដៃនេះ គោលបំណងយកទៅលក់ដើម្បីយកលុយប្រើប្រាស់។ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES