Thursday, November 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រសួងមហាផ្ទៃថា ផែនការផ្តួលរំ.../លំរាជរដ្ឋា ភិបាល ក្រុមប្រ.../ឆាំងជ្រុលនិយមបរាជ័យ

ក្រសួងមហាផ្ទៃថា ផែនការផ្តួលរំ…/លំរាជរដ្ឋា ភិបាល ក្រុមប្រ…/ឆាំងជ្រុលនិយមបរាជ័យ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ថា ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់ក្រុមប្រឆាំងជ្រុលនិយម នៅក្រៅប្រទេស ដែលបានកំណត់ធ្វើនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ បានទទួលបរាជ័យយ៉ាងអាម៉ាស់ទាំងស្រុង ដោយសន្តិសុខ សណ្តាប់ធ្នាប់សាធា រណៈ សន្តិភាព ស្ថិរភាព ត្រូវបានធានាយ៉ាងរឹងមាំជាប្រក្រតី នៅទូទាំងប្រទេស។

សេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ មានខ្លឹមសារទាំងស្រុងថា «នាពេលកន្លងទៅថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ក្រោមលេសធ្វើបាតុកម្មសម្តែងមតិដោយសន្តិវិធី បានកំណត់យកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីអនុវត្តផែនការផ្តួលរំលំរាជរដ្ឋាភិបាល ដែលកើតចេញពីការ បោះឆ្នោតយ៉ាងស្របច្បាប់។ ក្រសួងមហាផ្ទៃ មានកិត្តិយសសូមប្រកាសជូនបងប្អូនជនរួមជាតិទាំងអស់ មេត្តា ជ្រាបថា ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នេះ បានទទួលបរាជ័យយ៉ាងអាម៉ាស់ទាំងស្រុង ដោយសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពនិងសន្តិភាព ត្រូវបានធានាយ៉ាងរឹងមាំជាប្រក្រតីនៅទូទាំងប្រទេស។

ការបរាជ័យនៃផែនការក្រុមជ្រុលនិយមមួយក្តាប់តូចនេះ កើតចេញពីការអនុវត្តផែនការសន្តិសុខ របស់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ចចម្រុះគ្រប់លំដាប់ថ្នាក់ និងកម្លាំងប្រជាការពារទូទាំងប្រទេស។ ជាពិសេសកម្លាំងយុវជន និងប្រជាជនគ្រប់មជ្ឈដ្ឋាន ពុំបានលង់ជឿលើឧបាយកលទុច្ចរិត ញុះញង់អុចអាលបោកបញ្ឆោតអូសទាញឱ្យចូលរួមនោះឡើយ។ លើសពីនេះ មេបណ្តាញមួយចំនួន ទាំងក្នុងនិងក្រៅប្រទេស បានភ្ញាក់រលឹកទាន់ពេល ចូលសារភាព និងប្រកាសលាតត្រដាងអំពីផែនការទុច្ចរិតរបស់មេខ្លោងនៅពីក្រោយខ្នងផងដែរ។ តែទោះជាយ៉ាងក៏ដោយ ក៏នៅមានក្រុមជនជ្រុលនិយមមួយក្តាប់តូច នៅតែបន្តអនុវត្តតាមផែនការល្មើសច្បាប់នេះ ដោយធ្វើសកម្មភាពគ្រប់មធ្យោបាយ ដើម្បីចូលមកកាន់រាជធានីភ្នំពេញ។ តបទៅនឹងឥរិយា បថដ៏គឃ្លើននេះ អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ បានចាត់វិធានការរារាំង ទប់ស្កាត់ ឃាត់ដំណើរជន សង្ស័យដែលអាចជាមុខសញ្ញា ចូលមករាជធានីភ្នំពេញ បានចំនួន ១៨៨នាក់ ដោយពន្យល់អប់រំណែនាំ រួចអនុ ញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ។ បានឃាត់ខ្លួននិងអនុវត្តវិធានការរដ្ឋបាល ដោយគ្រាន់តែអប់រំណែនាំ ធ្វើកិច្ច សន្យាឱ្យវិលត្រឡប់ទៅផ្ទះវិញ ចំនួន៥៧នាក់ និងបានឃាត់ខ្លួនមេបណ្តាញមួយចំនួន បញ្ជូនទៅតុលាការអនុវត្តតាមច្បាប់ ភ្ជាប់ដោយភស្តុតាងយ៉ាងរឹងមាំ រួមមានអាវុធកែច្នៃផ្សេងៗ ឧបករណ៍សម្ភារៈបង្កគ្រោះថ្នាក់ដល់អាយុ ជីវិតមនុស្ស សារសំឡេងបញ្ជាញុះញង់ឱ្យប្រើហិង្សា ព្រមទាំងមធ្យោបាយល្មើសមួយចំនួនទៀត សម្រាប់អនុវត្តផែនការដ៏ខ្មៅងងឹតនេះ។ ក្រសួងមហាផ្ទៃ សូមសម្តែងនូវការកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុត ជូនចំពោះប្រជាជនទូទាំងប្រទេស ដែលបានបង្ហាញនូវស្មារតីសាមគ្គីដ៏រឹងមាំជាមួយរាជរដ្ឋាភិបាល កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចការពារ ថែរក្សាសុខសន្តិ ភាព និងស្ថិរភាពសង្គម។ ដូចគ្នានេះ សូមកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមនិងកម្លាំងប្រជាការពារ ដែលបានបំពេញតួនាទីរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការធានារក្សាការពារសុខសន្តិភាពនិងស្ថិរភាពសង្គម។ ជាពិសេស សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងការបំផ្លាញចោលទាំងស្រុងនូវផែនការទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចដែលប៉ុនប៉ងយកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីប្រមូលកម្លាំងផ្ដួលរំលំរាជរដ្ឋាភិបាល ដែលកើតចេញពីឆន្ទ:របស់ប្រជាជន តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់។

ក្រសួងមហាផ្ទៃ មានជំនឿយ៉ាងមុតមាំលើទឹកចិត្តស្នេហាជាតិរបស់ប្រជាជនកម្ពុជា គ្រប់មជ្ឈដ្ឋាន អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំងកម្លាំងប្រជាការពារទូទាំងប្រទេស ក្នុងការបន្តស្មារតីដ៏អង់អាច ចូលរួមជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីការពារនិងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ស្ថិរ ភាពសង្គម និងសន្តិភាព ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍសង្គមជាតិ ប្រកប ដោយចីរភាពក្រោមអគ្គមគ្គុទេសក៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា»៕ ខៀវទុំ

RELATED ARTICLES