Saturday, November 23, 2024
Homeនយោបាយប្រមុខរដ្ឋស្តីទីកម្ពុជា ស្នើថៃ ពិចារណា ចុះបញ្ជីរួមគ្នា បេតិកភណ្ឌដូចបុណ្យសង្ក្រាន្ត

ប្រមុខរដ្ឋស្តីទីកម្ពុជា ស្នើថៃ ពិចារណា ចុះបញ្ជីរួមគ្នា បេតិកភណ្ឌដូចបុណ្យសង្ក្រាន្ត

ភ្នំពេញ ៖ សម្ដេចហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យភាគីកម្ពុជានិងភាគីថៃ ពិ ចារណាលើការចុះបញ្ជីរួមគ្នា លើបេតិកភណ្ឌមួយចំនួន ជាមួយប្រទេសមីយ៉ាន់ម៉ា និងឡាវ ផងដែរ ដែលជាប្រទេសប្រកាន់ព្រះពុទ្ធសាសនា និងជាប្រទេសជិតខាងដែលមានវប្បធម៌ ប្រពៃណីនិងទំនៀមទម្លាប់ស្រដៀង គ្នា ចៀសវាងការដណ្ដើមកម្មសិទ្ធិគ្នា ដូចជាពិធីបុណ្យសង្ក្រាន្ត ជាដើម ហើយប្រសិនបើយើងអាចចុះបញ្ជីរួមគ្នាបានមែននោះ វាបង្ហាញពីសាមគ្គីភាព និងជាគំរូដ៏ល្អដល់អ្នកជំនាន់ក្រោយ ដើម្បីកុំឱ្យមានការដណ្ដើមគ្នាថា ជារបស់ជារបស់ប្រទេសនេះ របស់ប្រទេសនោះ។

សម្តេចហ៊ុន សែន បានថ្លែងស្នើបែបនេះ នៅព្រឹកថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេច បានអនុញ្ញាតឱ្យលោក ឆឺតគៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ចប់អាណត្តិ ចូលជួបសម្ដែងការគួរសម និងជម្រាប លា នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនេះ សម្ដេចប្រមុខរដ្ឋស្ដីទី បានសម្តែងនូវក្តីរីករាយ ដែលបានជួបជាមួយលោក ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា មុននឹងលោកត្រូវចាកចេញពីព្រះរាជាណាចក្រកម្ពុជា ក្រោយចប់អាណត្តិការទូតនៅកម្ពុជា។

លោកឯកអគ្គរាជទូតថៃ បានថ្លែងអំណរគុណចំពោះសម្ដេចប្រមុខរដ្ឋស្ដីទី ដែលបានផ្ដល់ឱកាសឱ្យលោកបានចូលជួប ជម្រាបលា នាពេលនេះ។ លោកសូមអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះសម្តេច ជាថ្មីម្តងទៀត ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា ក្នុងនីតិកាលទី៥នេះ។ ក្នុងរយៈពេលជិត ២ឆ្នាំ នៃអាណត្តិការទូតរបស់លោក លោកបានបំពេញការងារក្នុងការពង្រឹងទំនាក់ទំនង ដោយផ្អែកលើការយោគយល់និងជំនឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ដែលបានក្លាយជាដៃគូយុទ្ធ សាស្ត្រ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសដំណើរទស្សនកិច្ចរបស់សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសថៃ។

លោកឯកអគ្គរាជទូតថៃ បានបានបញ្ជាក់ថា ប្រទេសយើងទាំងពីរ មានទំនាក់ទំនងជិតស្និទ្ធ។ លោកក៏បានសម្តែងនូវក្តីរីករាយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្មដែលត្រូវបានពង្រីកគួរឱ្យកត់សម្គាល់ និងសង្ឃឹមថា ពេលអនាគត ទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនលូតលាស់ជាងនេះទៅទៀត។ ប្រទេសថៃ បានក្លាយជាអ្នកវិនិយោគលំដាប់ទី៦ នៅក្នុងប្រទេសកម្ពុជា ជាដៃគូផ្នែកពាណិជ្ជកម្ម ហើយចំនួនទេសចរថៃ ជាប់លំដាប់ទី១ និងសង្ឃឹមថា ទេសចរថៃ នឹងមកទស្សនាកម្ពុជា បន្តទៀត ជាពិសេសទៅកាន់ខេត្តសៀមរាប។

លោកឯកអគ្គរាជទូតថៃ ក៏បានមានប្រសាសន៍ពីភាពរីកចម្រើនច្រើនផងដែរលើវិស័យអប់រំ ដែលរាជរដ្ឋាភិបាលថៃ បានផ្ដួចផ្ដើមកសាងអគារបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលកំពង់ឈើទាល ខេត្តកំពង់ធំ និងនៅខេត្តកំពង់ស្ពឺ ជាដើម។

ជាកិច្ចឆ្លើយតប សម្ដេចហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានថ្លែងអរគុណចំពោះអ្វីដែលលោកឯកអគ្គរាជទូតថៃ បានលើកឡើងជុំវិញទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ សម្ដេច ពិតជារីករាយដែលទំនាក់ទំនងប្រទេសយើងទាំងពីរ បានរីកលូតលាស់ ព្រមទាំងអរគុណលោកឯកអគ្គរាជទូត ដែលបានសម្របសម្រួលលើដំណើរទស្សន កិច្ចរបស់អតីតនាយករដ្ឋមន្ត្រីថៃ មកកាន់ព្រះរាជាណាចក្រកម្ពុជា និងតាមរយៈការរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ព្រះរាជាណាចក្រថៃ កន្លងទៅនេះ ដែលយើងបានលើកម្ពស់ទំនាក់ទំនងដល់ភាពជាដៃគូយុទ្ធសាស្ត្រ។

សម្ដេចហ៊ុន សែន បានមានប្រសាសន៍បន្តថា យើងជាប្រទេសជិតខាងនឹងគ្នា ដែលមានវប្បធម៌ និងទំនៀមទម្លាប់ស្រដៀងគ្នា។ សម្ដេច ក៏បានអរគុណដល់ប្រទេសថៃ ដែលក្លាយជាដៃគូដ៏សំខាន់ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា។ ការទៅមករកគ្នារវាងប្រទេសទាំងពីរ យើងត្រូវតែបើកទូលាយបន្ថែមទៀត ដើម្បីឱ្យប្រជាជនប្រទេសទាំងពីរ មានឱកាសទៅធ្វើទស្សនកិច្ចស្វែងយល់ផ្សេងៗ ក៏ដូចជាការទៅពិនិត្យព្យាបាលជំងឺ ជាដើម។ ក្នុងនោះ ប្រទេសថៃ បានក្លាយទៅបង្អែកដ៏សំខាន់សម្រាប់ប្រទេសជិតខាង ដូចជា ប្រទេសឡាវ មីយ៉ាន់ម៉ា កម្ពុជា ដើម្បីស្វែងរកសេវាព្យាបាលជំងឺ ដែលមានតម្លៃសមស្រប ហើយថៃ ក៏មានមន្ទីរពេទ្យជាច្រើនដែលជាប់នឹងព្រំដែនប្រទេសកម្ពុជា ផងដែរ ហើយសម្ដេច បានផ្ដល់អនុសាសន៍ថា គួរតែបង្កើនការតភ្ជាប់បន្ថែមទៀត។

សម្ដេចប្រមុខរដ្ឋស្តីទី ពិតជារីករាយ ដោយដឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើង ហើយកសិករកម្ពុជា នៅជាប់តាមបណ្ដាព្រំដែន មានឱកាសលក់កសិផលទៅឱ្យប្រទេសថៃ ផងដែរ។ សម្ដេច ក៏បានអរគុណដល់រដ្ឋាភិបាលថៃ ដែលបានបង្កលក្ខណៈងាយស្រួល និងសម្របសម្រួលដល់ពលករដែលបម្រើការងារនៅប្រទេសថៃ ដោយសម្ដេចបានមានប្រសាសន៍បញ្ជាក់ថា ពលករទាំងនោះ មិនត្រឹមតែទទួលបានប្រាក់បៀវត្សក្នុងនោះទេ ប៉ុន្តែពួកគេថែមទទួលបាននូវបច្ចេកទេសនិងជំនាញ ដែលអាចយកមកបំពេញការងារពេលត្រលប់មកកម្ពុជា វិញផងដែរ។ សម្ដេចហ៊ុន សែន ក៏បានអរគុណដល់រាជរដ្ឋាភិបាលថៃដែលបានយកចិត្តទុកដាក់លើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ហើយនិងបានថ្លែងអំណរគុណដល់ព្រះរាជទានរបស់ព្រះអង្គម្ចាស់ ក្សត្រី ស៊ិរិនថន ក្នុងការស្ថាបនាវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល នៅខេត្តកំពង់ធំ និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ក៏ដូចជាអាហារូបករណ៍ប្រចាំឆ្នាំរបស់ព្រះអង្គ ដែលបានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ជាច្រើននៅកម្ពុជា។ សម្តេច បានអរគុណដល់កីឡាករប្រដាល់ថៃ ដែលបានមកចូលរួមប្រកួតកីឡា ជាបន្ត បន្ទាប់ នៅប្រទេសកម្ពុជា ហើយសម្តេច ក៏បានស្នើឱ្យភាគីកម្ពុជា និងភាគីថៃ ពិចារណាលើការចុះបញ្ជីរួមគ្នាលើបេតិកភណ្ឌមួយចំនួន ជាមួយប្រទេសមីយ៉ាន់ម៉ា និងឡាវ ដែលជាប្រទេសប្រកាន់ព្រះពុទ្ធសាសនា ដូចគ្នា ចៀសវាងការដណ្ដើមកម្មសិទ្ធិគ្នាទៅវិញទៅមក ឧទាហរណ៍ដូចជាពិធីបុណ្យសង្ក្រាន្ត ជាដើម។ ប្រសិនបើយើងអាចចុះបញ្ជីរួមគ្នាបានមែននោះ វាជាការបង្ហាញពីសាមគ្គីភាព និងជាគំរូដ៏ល្អដល់អ្នកជំនាន់ក្រោយ ដើម្បីកុំឱ្យមានការដណ្ដើមគ្នាថា ជារបស់ជារបស់ប្រទេសនេះ របស់ប្រទេសនោះ។

ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ សម្ដេចហ៊ុន សែន បានលើកឡើងពីគំនិតផ្ដួចផ្ដើមរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត់ លើរូបមន្ត Visa 2 + X គឺចាប់ផ្ដើមពីកម្ពុជា និងថៃ បូកនឹងប្រទេសផ្សេងទៀត។ តាមរយៈរូបមន្តនេះ ការស្នើសុំ Visa តែមួយ តែអាចទស្សនាប្រទេសកម្ពុជា និង/ឬប្រទេសថៃ បាន។ សម្ដេច បានសម្តែងនូវក្តីសង្ឃឹមថា រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងពិភាក្សាលើបញ្ហានេះ គឺចាប់ផ្ដើមពីប្រទេសកម្ពុជា និងថៃ ដល់ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ជាដើម។ សម្ដេច បានបន្តថា ក្រៅពីវិស័យសេដ្ឋកិច្ច ប្រទេសយើងទាំងពីរ ត្រូវរួមគ្នារួមចំណែកក្នុងការថែរក្សាវប្បធម៌ ហើយយើងក៏មានវេទិកាជាច្រើនទៀត ដូចជា ACMECS, Mekong, អាស៊ាន និង RCEP ជាដើម ដែលយើងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរបន្ថែមទៀត។

សម្ដេចប្រមុខរដ្ឋស្តីទី ក៏បានផ្ដាំផ្ញើតាមរយៈលោកឯកអគ្គរាជទូតថៃ នូវការសួរសុខទុក្ខដល់លោកស្រី ថែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថ្មី នៃប្រទេសថៃ ផងដែរ។

ជាចុងក្រោយ សម្ដេចប្រមុខរដ្ឋស្ដីទី ក៏បានជូនពរលោកឯកអគ្គរាជទូតថៃ ដែលចប់អាណត្តិបេសកកម្មនៅកម្ពុជា សូមទទួលបាននូវជោគជ័យជាបន្តបន្ទាប់ទៀត៕ ខៀវទុំ

RELATED ARTICLES