Wednesday, October 16, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដើរលក់មាន់ បន្លំលួ.../ចទូរស័ព្ទ ជា.../ប់ខ្នោះ

ដើរលក់មាន់ បន្លំលួ…/ចទូរស័ព្ទ ជា…/ប់ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ បានប្រើល្បិចដើរលក់មាន់ នៅក្នុងផ្សារ លុះមានឱកាសល្អ បន្លំលួចទូរស័ព្ទអាជីវករដែលដាក់សាកថ្មនៅក្នុងតូបលក់ដូរ ត្រូវម្ចាស់គេឃើញទាន់ ស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីជនសង្ស័យដើរលក់មាន់ បន្លំលួចទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្សារតាយ៉ាវ ស្ថិតក្នុងភូមិហ្លួង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះវ៉ាន់ សុភក្ត្រា ហៅគា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ទោ ឌី ទាវ អធិការនគរបាលស្រុកមង្គលបុរី បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្សារតាយ៉ាវ ស្ថិតភូមិហ្លួង ឃុំឫស្សីក្រោក ស្រុកមង្គលបុរី មានជនសង្ស័យម្នាក់ បានប្រើល្បិច ធ្វើជាដើរលក់មាន់រស់ នៅក្នុងផ្សារ ដោយដើរអំពាវនាវលក់មាន់បណ្តើរ ភ្នែកសម្លឹងរកមើលទូរស័ព្ទ ឬរបស់ទ្រព្យមានតម្លៃរបស់អាជីវករលក់ដូរនៅក្នុងផ្សារបណ្តើរ លុះប្រទះឃើញ អាជីវករម្នាក់ រវល់លក់អីវ៉ាន់ សាកទូរស័ព្ទដៃ ១គ្រឿង ម៉ាក Oppo ចោលនៅលើតុ ក៏ធ្វើសកម្មភាពលួចទូរស័ព្ទនោះ តែគាប់ជួនត្រូវបានម្ចាស់គេប្រទះឃើញ ស្រែកឆោឡោ ធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋ និងអាជី វករនៅក្នុងផ្សារ ចាប់ក្របួចជនសង្ស័យជាប់ រួចប្តឹងកម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបុរី ឱ្យចុះអន្តរាគមន៍ឃាត់ខ្លួនយកទៅសាកសួរ ព្រមទាំងដក ហូតបានទូរស័ព្ទជនរងគ្រោះ មកវិញផងដែរ។

លោកអធិការ បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតទូរស័ព្ទរបស់ជន រងគ្រោះ យកមកប្រគល់ជូនម្ចាស់វិញ។ ចំណែកជនសង្ស័យ បានឆ្លើយសារភាពថា រូបគេពិតជាបន្លំដើរលួចទូរ ស័ព្ទរបស់អាជីវករនៅក្នុងផ្សារមែន ដោយធ្វើជាដើរលក់មាន់រស់ ដើម្បីមើលឱកាសល្អ លួចរបស់ទ្រព្យរបស់អាជីវករ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយ មានជ័យ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES