Wednesday, October 16, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ដល់ថ្ងៃបើកប្រាក់ខែ រោងចក្រអតើបើក កម្មករ២០០នាក់ តវ៉ាអត់ចូលធ្វើការ

 ដល់ថ្ងៃបើកប្រាក់ខែ រោងចក្រអតើបើក កម្មករ២០០នាក់ តវ៉ាអត់ចូលធ្វើការ

ខេត្តបន្ទាយមានជ័យ ៖ កម្មករ-កម្មការិនីរោងចក្រកាត់ដេរ មួយកន្លែង មានចំនួនប្រមាណជិត២០០នាក់ បាននាំគ្នាមិនចូលធ្វើការ និងតវ៉ាសុំបើកប្រាក់ខែ បន្ទាប់ពីក្រុមហ៊ុនមិនព្រមបើកប្រាក់ខែឱ្យ តាមថ្ងៃកំណត់។

ការតវ៉ារបស់ក្រុមកម្មករ-កម្មការិនី បានធ្វើឡើង កាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចខាងមុខក្រុមហ៊ុន (ML INTIMATE APPAREL.CAMBODIA.LTD) មានទីតាំងស្ថិតក្នុភូមិអូរនាង សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។

តំណាងកម្មករ កម្មការិនី បានបញ្ជាក់ប្រាប់ថា មូលហេតុដែលពួកគាត់សម្រេចចិត្តមិនចូលធ្វើការ នាំគ្នាតវ៉ានៅមុខរោងចក្រនេះ  គឺដោយសារក្រុមហ៊ុន (ML INTIMATE APPAREL.CAMBODIA.LTD) មិនព្រមបើកប្រាក់ខែ ឱ្យពួកគេ តាមថ្ងៃកំណត់ត្រូវបើក ទើបនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ពួកគេនាំគ្នាធ្វើការតវ៉ាសុំឱ្យខាងក្រុម ហ៊ុនបើកប្រាក់ខែ ជូនពួកគេទើបចូលធ្វើការវិញ។

តំណាងរូបនេះ បានបន្តថា រយៈពេលកន្លងមក កម្មករ-កម្មការិនីដែលធ្វើការងាររោងចក្រខាងលើ រាល់ខែ គឺនៅថ្ងៃទី០៦ ត្រូវបើកប្រាក់ខែ ជូនកម្មករ-កម្មការិនីហើយ តែនៅខែកញ្ញា ឆ្នាំ២០២៤ នេះ ស្រាប់តែដល់ថ្ងៃ មិនឃើញបើកប្រាក់ខែជូន ទើបកម្មករ កម្មការិនី សម្រេចឈប់ធ្វើការទាំងអស់គ្នា ហើយធ្វើការតវ៉ាសុំបើកប្រាក់ខែសិន ទើបចូលធ្វើការវិញ។

លោកញឹប ភឿង អភិបាលរងក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា  កម្មករ-កម្មការិនី ប្រមាណជាង១០០នាក់ ដែលធ្វើការនៅក្នុងរោងចក្រមួយនេះ គឺជាក្រុមហ៊ុនកាត់ដេរ នៅតំបន់ឧស្សាហកម្មអូរនាង ក្រុងប៉ោយប៉ែត បាននាំគ្នាមិនចូលធ្វើការ ហើយនាំគ្នាតវ៉ាសុំឱ្យក្រុមហ៊ុនបើក ប្រាក់ខែជូនពួកគាត់ ដែលការតវ៉ានៅក្នុងបរិវេណក្រុម ហ៊ុន ធ្វើឡើងតាំងពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបរំសាយ ក្រោយមានការសម្របសម្រួលពីលោកយឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ទីជំនាញពាក់ព័ន្ធ។

លោកបានបញ្ជាក់ថា ការសម្របសម្រួលរវាងកម្មករ កម្មការិនី និងក្រុមហ៊ុនខាងលើនេះ គឺសម្រេចបើកប្រាក់ខែជូនពួកគាត់ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុននេះ លុះក្រោយពីមានការសម្របនិងទទួលយក ទើបក្រុមកម្មករ-កម្មការិនី បានរំសាយ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤៕

RELATED ARTICLES