Tuesday, September 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បជល់មាន់ ចា.../ប់បានមាន់៣ក្បាល

បង្ក្រា…/បជល់មាន់ ចា…/ប់បានមាន់៣ក្បាល

ខេត្តកណ្តាល ៖ ក្រុមអ្នកញៀនល្បែងជល់មាន់ភ្នាល់ដាក់លុយ ១ក្រុម កំពុងសម្ងំជល់មាន់ នៅក្រោមដើមស្វាយ ក្បែរមាត់ទន្លេ ត្រូវសមត្ថកិច្ចឆ្មក់ចុះបង្ក្រាប ធ្វើឱ្យផ្អើលឆោឡោ រត់ចែកផ្លូវគ្នាអស់ នៅសល់តែមាន់ជល់ ចំនួន៣ក្បាល រួមនិងវត្ថុតាងមួយចំនួន ត្រូវសមត្ថកិច្ចចាប់ដកហូតយកមករក្សាទុក។

ប្រតិបត្តិការឆ្មក់បង្ក្រាបសង្វៀនបញ្ជល់មាន់នេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចក្រោមដើមស្វាយក្បែរមាត់ទន្លេ ស្ថិតក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក។

ជនសង្ស័យជល់មាន់ មានគ្នាប្រហែលជាង ១០នាក់ បានរត់គេចខ្លួនអស់ មុនសមត្ថកិច្ចទៅដល់។ ចំពោះវត្ថុតាងចាប់យក រួមមាន មាន់ជល់ (រស់) ចំនួន៣ក្បាល រុំដែករួច ២ក្បាល និង១ខ្នាយក្បាលទៀត មិនទាន់រុំខ្នាយដែក។ ជញ្ជីងថ្លឹងមាន់ ចំនួន១។ កន្ត្រកដាក់មាន់ ចំនួន១។ ស្កុតរុំជើងមាន់ប្រើរួច ៣ដុំ។ ស្កុតរុំជើងមាន់មិនទាន់ប្រើ ចំនួន៧ដុំ។ ស្បែកជើង ៣គូ។ ទឹកសុទ្ធចំនួន១ដប និងខ្នាយដែក ចំនួន២គូ។

លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បានបញ្ជាក់ប្រាប់ថា នៅវេលាម៉ោងកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកដាច់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជល់មាន់នៅក្រោមដើមស្វាយ ក្បែរមាត់ទន្លេ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ បានចុះទៅដល់កន្លែងកើតហេតុខាងលើ តែពេលកម្លាំងសមត្ថកិច្ចចូលទៅ ក្រុមអ្នកញៀនល្បែងទាំងនោះ បាននាំគ្នារត់គេចខ្លួនបាត់អស់ ខណៈដែលមធ្យោបាយយានជំនិះ កង់ម៉ូតូ ត្រូវបានក្រុមអ្នកញៀនល្បែងទាំងនោះ លាក់ទុកនៅទីឆ្ងាយ មិនជិះយកមកសង្វៀនជល់មាន់នោះទេ។

បន្ទាប់មក កម្លាំងសមត្ថកិច្ចបានចាប់យកវត្ថុតាង ដូចខាងលើ បញ្ជូនមករក្សាទុកនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក ដើម្បីស្រាវជ្រាវរកមុខសញ្ញាទាំងនោះ៕

RELATED ARTICLES