វៀតណាម៖ថ្លែងប្រាប់តាមឆាតហ្វេសបុកពីប្រទេសវៀតណាមនៅរសៀលថ្ងៃទី៩ កញ្ញា អតីតពិធីការិនីCTN ផូ មុនីពៅ បានរៀបរាប់ទាំងក្ដុកក្ដួលនិងសម្លេងមួយៗថានាងកំពុងតែមានទុក្ខជាទម្ងន់ព្រោះបងស្រីទី៦ របស់នាងបានទទួលមរណភាពកាលពីថ្ងៃទី២៤ ខែសីហា ហើយអនុស្សារីយ៍ទាំងឡាយជាមួយបងពេលនេះគឺនៅសល់តែស្រមោល តែបើមានជិតក្រោយពិតនាងផ្សងបានកើតជាបងប្អូនគ្នាជាមួយបងស្រីនាង ម្ដងទៀត។


ផូ មុនីពៅ រៀបរាប់ក្នុងសម្លេងអួលណែនដើមកចង់ស្រក់ទឹកភ្នែកថា«បងស្រីខ្ញុំគាត់ទ្រាំ ប្រឆាំងនិងជំងឺមួយនេះជាច្រើនឆ្នាំមកហើយ ឥឡូវគាត់ទៅបានសុខហើយ លែងឈឺចាប់ទៀតហើយ ។គាត់កើតជំងឺឆ្អឹងរាំរ៉ៃតាំងពីមានអាយុ៨ឆ្នាំម្លេះ ហើយក្រុមគ្រួសារធ្លាប់យកគាត់ទៅព្យាបាលនៅថៃ និងវៀតណាម នៅតែមិនជា ហើយពេទ្យថាជំងឺនេះយ៉ាងយូ បានត្រឹមតែអាយុ២០ឆ្នាំ តែបងស្រីខ្ញុំគាត់តតាំងជំងឺនេះរហូតដល់គាត់មានអាយុដល់ទៅ៤៩ឆ្នាំ ទើបអស់ត្រឹមហ្នឹង។ខ្ញុំចាត់ទុកថាបងខ្ញុំជាមនុស្សដ៍អស្ចារ្យម្នាក់ដែលគាត់បានតស៊ូប្រឆាំងជំងឺមួយនេះបានជាច្រើនឆ្នាំ”។


ផូ មុនីពៅ និយាយទាំងក្រៀមក្រំថានាងពិតជាខូចចិត្តខ្លាំងដែលរូបនាងនិងបងស្រីវាសនាឲ្យបានជួបគ្នាត្រឹមតែប៉ុណ្ណោះ ព្រោះនាងនិងបងស្រីប្រៀបបានមនុស្ស២នាក់ជីវិត១ គឺស្រលាញ់គ្នាខ្លាំងបំផុត ហើយនាងប្រាថ្នាថាបើមានជិតក្រោយពិតសូមឲ្យនាងនិងបងស្រីបានធ្វើជាបងប្អូននិងគ្នាជាថ្មី។


ផូ មុនីពៅ និងស្វាមីនាងលោកEric Boissoneau និងកូនប្រុសAlexis Boisssoneu បានទៅចូលរួមបុណ្យសពបងស្រីនាងឈ្មោះផូ សាវ៉ែន នៅខេត្តកំពង់ចាម ខណៈដែលនាងមានបងប្អូនទាំងអស់ចំនួន៨នាក់គឺកូនប្រុស៤នាក់ ស្រី៤នាក់ ក្នុងនោះអ្នកស្រីសាវ៉ែន ជាកូនទី៦ ចំណែកមុនីពៅ ជាកូនទី៨ ។មុនីពៅ ដែលពេលនេះកំពុងរស់នៅប្រទេសវៀតណាម ព្រោះស្វាមីនាងលោក Eric Boissoneau ជាមន្រ្ដីស្ថានទូតបារាំង កំពុងបម្រើការនៅវៀតណាមនោះបានចុះឡើងមកខ្មែរញឹកញាប់ជាងមុនដើម្បីជួបជុំឪពុកម្ដាយនាងនៅភ្នំពេញ ដែលពួកគាត់កាន់តែមានវ័យចំណាស់ទៅហើយ ។ប៉ុន្ដែមុនីពៅ ដែលបង្ហើបតាំងពី២ឆ្នាំមុនថាចង់បានកូនទី២ នោះ ឥឡូវនៅមិនទាន់បានសម្រេចបំណងធំមួយនេះទេ។

សូមរំលឹកថាផូ មុនីពៅ បានរៀបការជាមួយស្វាមីជនជាតិបារាំង លោកEric Boissoneau ថ្ងៃទី១៩ ខែ២ ឆ្នាំ២០១១ ហើយចំណងស្នេហាជាង១៣ឆ្នាំនេះទទួលបានកូនប្រុស១ឈ្មោះ Alexis Boisssoneu អាយុជាង៦ឆ្នាំ ។មុនីពៅ នៅតែស្រលាញ់អាជីពពិធីការិនី ប៉ុន្ដែទោះជាស្វាមីបានមកធ្វើការនៅវៀតណាមជាង១ឆ្នាំ ហើយនាងចុះឡើងមកខ្មែរជាញឹកញាប់ក៍នាងគ្មានបំណងវិលរកអាជីពចាស់ដែរ។អតីតពិធីការិនីល្បីឈ្មោះរូបនេះចេះនិយាយភាសារបារាំងបានយ៉ាងស្ទាត់ជំនាញ ដូចគ្នាទៅនិងលោកគួច ខេវិន ,ស៊ិនឌី និងលាន អាហ្រ្វីលគីនីន ។ មុនីពៅ ស្ថិតក្នុងចំណោមតារាដែលយកស្វាមីជាជនជាតិបរទេសមានដូចជាអ្នកនាងកែវ ស្រីនាង ,អឿន ដាលីស ,សូ អេណា និងរ៉េត សារីតា ជាដើម ។មុនីពៅ ធ្លាប់បង្ហើបថានៅពេលដែលមានមានវ័យចំណាស់នឹងចុះឡើងមកខ្មែរឲ្យបានញឹកញាប់ជាងនេះ ព្រោះនាងមានអាជីវកម្មផ្ទាល់ខ្លួនមួយចំនួនដែរនៅក្រុងភ្នំពេញដែលគ្រប់គ្រងជំនួសដោយបងប្អូនាង ខណៈដែលពេលនេះរូបនាងស្វាមីជាប់ទៅធ្វើការអាណត្តិថ្មីនៅប្រទេសណានាងនិងកូនក៍ទៅរស់នៅជាមួយប្ដីនៅទីនោះក្នុងមួយអាណត្តិរយៈពេល៤ឆ្នាំ ទើបផ្លាស់ទៅប្រទេសថ្មីទៀត។

ផូ មុនីពៅ ដែលកំពុងតែមានទុក្ខធំនោះនាងក៍បានអរគុណដល់មិត្តភក្ដិដែលបានផ្ញើរសាររំលែកទុក្ខដល់នាងនិងគ្រួសារជាបន្ដបន្ទាប់ជុំវិញការបាត់បងស្រីជាទីស្រលាញ់របស់នាង។តាមស្ថានភាពនាងពេលនេះមុនីពៅ ពិតជាអាលោះអាល័យដល់បងស្រីខ្លាំង ដោយនាងនិយាយទាំងទឹកភ្នែកថា«នេះគឺជាការឃ្លាតឆ្ងាយពីក្រុមគ្រួសាររបស់បងស្រីដោយគ្មានថ្ងៃត្រឡប់ឡើយ» ៕



