ខេត្តកំពង់ស្ពឺ ៖ក្មេងទំនើងឈាមរាវម្នាក់ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវយ៉ាងអនាធិបតេយ្យ គាប់ជួន ត្រូវកម្លាំងសមត្ថកិច្ច កំពុងចេញល្បាតប្រទះឃើញ ក៏ចាប់ឃាត់ខ្លួននាំយកមកអប់រំ និងដាក់ពិន័យឱ្យធ្វើអនាម័យ៤៨ម៉ោង ព្រមទាំងដកហូតម៉ូតូទុករយៈពេល៩០ថ្ងៃ។
ករណីក្មេងស្ទាវបង្ហោះម៉ូតូខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅតាម បណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ។
ក្មេងទំនើងដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើ មានឈ្មោះលន ផាលិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិព្រៃជ្រលួជ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។
តាមប្រភពពីសមត្ថកិច្ច បានដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ មានក្មេងទំនើងម្នាក់ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ បង្កការភ្ញាក់ផ្អើលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងបង្កហានិភ័យដល់ អ្នកដំណើរដទៃទៀត និងត្រូវបានសមត្ថកិច្ចជំនាញស្រុកបសេដ្ឋ កំពុងចេញល្បាតប្រទះឃើញ ក៏ធ្វើការបង្ក្រាប និងឃាត់ខ្លួន ក្មេងស្ទាវខាងលើ នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ។
ប្រភពដដែលបន្តថា ក្រោយឃាត់ខ្លួន ក្មេងទំនើងឈ្មោះលន ផាលិ រួមនឹងមធ្យោបាយម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខ តាកែវ ១ឌៅ-៩២២៣ ត្រូវបានសមត្ថកិច្ចនាំយកមកអធិការដ្ឋានស្រុកបសេដ្ឋ ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជិះបង្ហោះម៉ូតូតាមផ្លូវប្រាកដមែន។
ជុំវិញករណីនេះ សមត្ថកិច្ចបានធ្វើការអប់រំដាក់ពិន័យយុវជនរូបនេះ ឱ្យធ្វើពលកម្មធ្វើអនាម័យ៤៨ម៉ោង មុននឹងធ្វើកិច្ចសន្យា ប្រគល់ជូន អាណាព្យាបាលដើម្បីគ្រប់គ្រងបន្ត ដោយឡែកមធ្យោបាយម៉ូតូ ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ គ្រប់កំណត់រយៈពេល ៩០ថ្ងៃ៕