Thursday, November 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបន្លំ.../ខ្លួនជាបុគ្គលិកធនាគារ បោកលុយ ៣ម៉ឺនដុល្លារ

បន្លំ…/ខ្លួនជាបុគ្គលិកធនាគារ បោកលុយ ៣ម៉ឺនដុល្លារ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានក្លែងបន្លំធ្វើជាបុគ្គលិកធនាគារអេស៊ីលីដា ដោយបង្កើតគណនីតេឡេក្រាម ដាក់អត្តសញ្ញាណធនាគារ រួចទាក់ទងទៅជនរងគ្រោះ ធ្វើការឆបោកបានប្រាក់ប្រមាណជាង ៣ម៉ឺនដុល្លារ ទីបំផុតអស់លក្ខណ៍ ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ហ.ស.រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារ Hotline Scam 24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ.ស.រ ជាប់ពាក់ព័ន្ធនឹងករណីក្លែងបន្លំជាបុគ្គលិកធនាគារអេស៊ីលីដា ឆបោកប្រាក់ពី ជនរងគ្រោះ សរុបប្រមាណជាង ៣ម៉ឺនដុល្លារ។ប្រតិបត្តិការនេះធ្វើឡើងក្រោមការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាប្រធានក្រុមការងារ Hotline Scam 24/7 ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជ អាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក បានក្លែងបន្លំជាបុគ្គលិកធនាគារអេស៊ីលីដា និងបង្កើតគណនីតេឡេក្រាម ដោយដាក់អត្តសញ្ញាណធនាគារ រួចធ្វើការទាក់ទងទៅជន រងគ្រោះដែលជាអតិថិជនធនាគារអេស៊ីលីដា តាមរយៈលេខទូរស័ព្ទ និងបណ្តាញសង្គមតេឡេក្រាម ដោយបោកបញ្ឆោតថា នឹងទទួលបានកម្រៃបន្ថែម រាល់ពេលដែលអតិថិជនប្រតិបត្តិការផ្ទេរប្រាក់ម្តងៗ ទៅតាមការ ណែនាំរបស់ក្រុមឆបោក ។ ដោយមិនបានពិចារណាឱ្យល្អិតល្អិន ជនរងគ្រោះដែលជាអតិថិជន បានធ្វើតាមការណែនាំរបស់ក្រុមឆបោក និងបានផ្ទេរប្រាក់ រួមជាមួយលេខកូដដកប្រាក់ ទៅឱ្យក្រុមឆបោកដោយមិនដឹងខ្លួន។

ជុំវិញករណីខាងលើនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលប្រើប្រាស់គណនីធនាគារទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នជនឆបោក ដែលតែងតែព្យាយាមទំនាក់ទំនងទៅលោកអ្នកតាមគ្រប់មធ្យោបាយ ដោយជូនដំណឹងថា លោកអ្នកទទួលបានទឹកប្រាក់ពីការប្រើប្រាស់សេវាកម្ម ឬកម្មវិធី Mobile App របស់ធនាគារ ហើយបានតាំងខ្លួនជាបុគ្គលិកធនាគារ ដោយពុំបានបង្ហាញអត្តសញ្ញាណ ឬប្រភពច្បាស់ លាស់ ដើម្បីអូសទាញលោកអ្នក ឱ្យប្រាប់ពីលេខគណនី ចំនួនទឹកប្រាក់ លេខសម្ងាត់ ឬលេខ OTP ជាដើម ក្នុងបំណងទុច្ចរិត៕

RELATED ARTICLES