Tuesday, September 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឪម៉ែរ.../ត់ចោល កូនដុ.../តផ្ទះឆេះខ្ទេ.../ច

ឪម៉ែរ…/ត់ចោល កូនដុ…/តផ្ទះឆេះខ្ទេ…/ច

ភ្នំពេញ ៖ យុវជនម្នាក់ បានប្រើប្រាស់គ្រឿងញៀនជាប្រចាំ ទោះជាឪពុកម្តាយហាមឃាត់ និងព្យាយាមលួងលោមអូសទាញយ៉ាងណាក៏មិនព្រមស្តី ហើយរាល់ពេលបែកថ្នាំម្តងៗ ចេះតែបង្ករឿងអុកឡុកឈ្លោះប្រកែកជាមួយឪពុកម្តាយរាល់ថ្ងៃ រហូតដល់ឪពុកម្តាយទ្រាំលែងបាន ក៏នាំគ្នារត់ចោល គេចទៅស្រុកកំណើតអស់ ស្រាប់តែកូនប្រុសបែកថ្នាំខឹងសម្បា យកដែកកេះដុតពូកដេកក្នុងបន្ទប់ជួល បណ្តាលឱ្យឆាបឆេះសន្ធោសន្ធៅ ផ្អើលអ្នកជិតទាំងយប់។

ហេតុការណ៍អគ្គិភ័យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្ទះជួល លេខ៦៦៤ ផ្លូវលំ ភូមិថ្មគោល១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋអ្នករស់នៅបន្ទប់ជួល ក្បែរបន្ទប់កើតហេតុខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ ដោយសារតែយុវជនបែកថ្នាំរូបនេះ បានប្រើប្រាស់គ្រឿងញៀនដល់ថ្នាក់បែកថ្នាំ ម្តាយឪពុកនិយាយលែងស្តាប់ និងតែងតែអុកឡុករករឿងឈ្លោះប្រកែកគ្នាជាមួយនឹងឪពុកម្តាយជារៀងរាល់ថ្ងៃ ធ្វើឱ្យឪពុកម្តាយទ្រាំលែងបាន ក៏ដាច់ចិត្តនាំគ្នារត់ចោលទៅនៅស្រុកកំណើតវិញអស់ ដោយទុកឱ្យយុវជននេះ នៅបន្ទប់ជួលខាងលើតែម្នាក់ឯង ជាហេតុធ្វើឱ្យរូបគេខឹងសម្បា ក៏បែកគំនិតយកដែកកេះដុតពូកដេក បណ្តាលឱ្យឆាបឆេះ រួចក៏កឹបសោខាងក្រៅ ហើយរត់គេចខ្លួនបាត់ ធ្វើឱ្យភ្លើងបានឆេះរាលដាលសន្ធោសន្ធៅពេញក្នុងបន្ទប់ បង្កឱ្យការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាទាក់ទងសុំជំនួយរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យមកជួយពន្លត់ ហើយភ្លាមនោះដែរ ប្រជាពលរដ្ឋបានវ៉ៃផ្តាច់សោបន្ទប់ រួចយកទឹកនិងបំពង់ពន្លត់អគ្គិ ភ័យ បាញ់ទប់ស្កាត់រហូតដល់ភ្លើងរលត់អស់ទាំងស្រុង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់ នៅក្នុង ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង របស់ការិយាល័យរាជធានីភ្នំពេញ ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានឱ្យដឹងថា ចំពោះប្រភេទសំណង់ខាងលើនេះ គឺថ្មបេតុង ទំហំ១៥ម៉ែត្រ គុណនឹង ២០ម៉ែត្រ ឆេះខូចខាតបន្ទប់ ទំហំ ៤ម៉ែត្រ គុណនឹង ៤ម៉ែត្រ រួមទាំងសម្ភារៈប្រើប្រាស់អស់មួយចំនួន តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការបាញ់ឱ្យរលត់ទៅវិញ នៅវេលាម៉ោង ៧និង៥០នាទី យប់ថ្ងៃដដែល។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ដោយបញ្ជាក់ថា ករណីនេះគឺបណ្តា លមកពីកូនដុត ដោយខឹងម្តាយឪពុករត់ចោលទៅស្រុកអស់ ទុកឱ្យនៅតែម្នាក់ឯង។

ក្រោយពេលកើតហេតុ អាជ្ញាធរមូលដ្ឋាន សហការជាមួយសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវរកជនបង្កហេតុខាងលើ ដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES