ភ្នំពេញ៖ពិធីករលោកប៉ែន ចំរ៉ុង បានចាយលុយធំធ្វើពិធីបង្កក់កូនស្រីទី២ចំរ៉ុង សោម៉ាម៉ានីណា គម្រប់១ខែ និងផ្គួបខួបកំណើតកូនស្រីទី១ចំរ៉ុង បេឡាជុតិម៉ា គម្រប់៤ឆ្នាំ បើទោះជាថ្ងៃខួបពិតប្រាកដកូនដំបូងរបស់លោកគឺនៅថ្ងៃទី២៤ ខែកញ្ញា ក្ដី ប៉ុន្ដែដោយមិនចង់ធ្វើពិធីច្រើនដងទើបលោកធ្វើពិធីនោះបូកបញ្ចូលគ្នាតែម្ដង។


តារាសម្ដែងស៊ឹម សោភ័ណ្ឌ ដែលចូលរួមពិធីបង្កក់និងខួបកំណើតកូនស្រីរបស់ប៉ែន ចំរ៉ុង រៀបចំនៅផ្ទះរបស់លោកចំរ៉ុង ផ្ទះលេខ៤៦ ផ្លូវលំ ភូមិគោកចំបង់ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យរាជ ធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៩ ខែ៩ នោះបានឲ្យដឹងថាកម្មវិធីនោះក៍ធ្វើបញ្ចូលគ្នាជាមួយការចាប់អាជីពសិល្បៈរយៈពេល២២ឆ្នាំ (២០០២-២០២២ )របស់លោកចំរ៉ុង ផងដែរ ទើបមានតារានិងផលិតករល្បីៗទៅសាទរលោកចំរ៉ុង ដល់ផ្ទះបែបនេះ ។ប៉ុន្ដែទាំងម្ចាស់កម្មវិធីលោកចំរ៉ុង និងភរិយាលោកអ្នកនាងម៉ាណេ អត់ប្រាប់ថាពិធីជប់លៀងនោះចំណាយលុយអស់ប៉ុន្មានឡើយ ។

លោកប៉ែន ចំរ៉ុង បានថ្លែងថាមូលហេតុដែលលោករៀបចំធ្វើពិធីខួបកំណើតកូនស្រីទី១ និងបង្កក់កូនទី២ធំបែបនេះគឺដោយសារតែពេលលោកគិតថាពេលដែលជីវិតលោកធ្លាក់ដល់សូន្យ ធ្លាក់ដល់បាតគឺមានតែប្រពន្ធកូននេះហើយនៅក្បែរលោក និងលើកទឹកចិត្តជានិច្ច។

សូមរំលឹកថាប៉ែន ចំរ៉ុង បានបានរៀបការជាមួយអ្នកនាងហ៊ុន ម៉ាណេ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយអ្នកនាងម៉ាណេ សម្រាលកូនស្រីទី១ឈ្មោះចំរ៉ុង បេឡាជុតិម៉ា ហៅBell កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ និងកូនស្រីទី២ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ។ប៉ុន្ដែបើសរុបកូនទាំងអស់លោកចំរ៉ុង មានកូនស្រី៣នាក់ទៅហើយគឺកូនទី១របស់លោកជាមួយអ្នកនាងភិន សុដាលីស ឈ្មោះKaterina ដែលសម្រាលកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ពោលគឺអាយុជិ៨ឆ្នាំ ទៅហើយ តែរហូតមកដល់ពេលនេះសុដាលីស មិនដែលឲ្យលោកចំរ៉ុង បានជួបមុខកូននាងផ្ទាល់ម្ដងណាទេ បន្ទាប់ពីចែកផ្លូវគ្នាទាំងចម្រូងចម្រាសកាលពីឆ្នាំ២០១៥ ។ប្រភពបានឲ្យដឹងថាការមានកូនស្រី៣នាក់មិនទាន់គ្រប់គ្រាន់សម្រាប់ផែនការណ៍របស់លោកចំរ៉ុង ទេ ព្រោះលោកចិញ្ចឹមចិត្តចង់បានកូនប្រុស ហេតុនេះអាចនៅឆ្នាំ២០២៥ ពិធីកររូបនេះនឹងធ្វើពិធីបង្កក់កូនប្រុសវិញម្ដងក៍ថាបានដែរ ។ គួរបញ្ជាក់ថាក្នុងអាជីពសិល្បៈជាង២ទសវត្សន៍មកដល់ឆ្នាំ២០២៤ ប៉ែន ចំរ៉ុង នៅមានជំហរឹងមាំតែអាជីពពិធីករប៉ុណ្ណោះ ខណៈដែលអាជីពសម្ដែងភាពយន្ដលោកមិនសូវចេញមុខទៀតទេ ព្រោះផលិតករសម្លឹងមើលតារាថ្មីៗច្រើនជាង។នៅPnn លោកចំរ៉ុង បានចាប់ដៃជាមួយពិធីការិនីវ័យក្មេងជាច្រើនដួង ខណៈដែលនៅរដូវប្រាំងវិញលោកក៍ចេញច្រៀងតាមកម្មវិធីកាត់សក់មង្គលការបន្ថែមផងដែរ ទើបនាំឲ្យលោកចំរ៉ុង មានជីវភាពមធ្យម មានផ្ទះល្វែងរស់នៅ និងរថយន្ដជិះមិនចាញ់រៀមច្បងឡើយ ។ចំណែកការប្រឡូកក្នុងវិស័យអចលនទ្រព្យវិញលោកចំរ៉ុង បានស្ងាត់ទៅវិញតាំងពីមុនផ្ទុះកូវីដម្លេះ ។គេចាំមើលថាលោកចំរ៉ុង នឹងសម្រេចបំណងយកកូនទី៤ ជាកូនប្រុសបានដូចបំណង ឬស្វាក់តែកូនស្រីទៀត ?








