Wednesday, September 18, 2024
Homeតារាខ្មែរទេព បូព្រឹក្ស ៖ខួបស្នេហ៍៨ឆ្នាំ ទៅរឹតចំណងស្នេហានៅអាមេរិក

ទេព បូព្រឹក្ស ៖ខួបស្នេហ៍៨ឆ្នាំ ទៅរឹតចំណងស្នេហានៅអាមេរិក

ភ្នំពេញ៖ទេព បូព្រឹក្ស ដឹកដៃងួន ចាន់ដេវីត ទៅអាមេរិកកាលពីថ្ងៃទី៧ កញ្ញា ដើម្បីប្រារពខួប​ស្នេហ៍​របស់ពួកគេគម្រប់៨ឆ្នាំ ។ ប្ដីប្រពន្ធតារា១គូនេះមិនមែនទៅចាយលុយខ្លួនឯងសុទ្ធ​នោះទេ តែ​ពួកគេក៍ឆ្លៀតទៅចូលរួមកម្មវិធីបង្ហាញម៉ូដមួយនៅទីក្រុងញូយ៉ក New York Fashion Week SS 2025 ផងដែរ ហើយនេះក៍មិនមែនជាលើកទី១ដែរ តែអ្នកទាំងពីរ​បាន​បណ្ដើរគ្នាទៅអាមេរិក​ជាច្រើនលើកច្រើនសារមកហើយ ពោលគឺដើរលេងសប្បាយផង រកលុយផង។យ៉ាង​ណា​សម្រាប់ដំណើរលើកនេះស្រីនិច្ច និងដេវីត​ បានសប្បាយម៉ាអស់ដៃតែ​ម្ដង ព្រោះទៅច្រើនទីតាំងជាងលើកមុនៗ​ដោយ​សារតែចង់ធ្វើឲ្យជីវិតស្នេហារបស់ពួកគេ​កាន់​តែ​មានន័យក្នុងថ្ងៃគម្រប់ខួបស្នេហ៍៨ឆ្នាំ ។

 ទេព បូព្រឹក្ស បាននិយាយថារយៈពេល៨ឆ្នាំមកនេះនាងគិតថាគ្មានអ្នកណា​ដឹងចិត្ត​នាង​ច្បាស់ជាងដេវីត ឡើយ ។ចំណែកដេវិត វិញបានបង្ហាញការថ្នាក់ថ្នមភរិយា និងមានការតុប​តែង​​សម្លៀកបំពាក់ និងម៉ូដសក់ព័ណទង់​ដែង​ស៊ីគ្នាតែម្ដង ប៉ុន្ដែអត់និយាយអ្វីទាំងអស់ ។

 ទេព បូព្រឹក្ស បានភ្ជាប់ស្នេហាជាមួយងួន ចាន់ដេវីត កាលពីឆ្នាំ២០១៦ ហើយនៅថ្ងៃ​ទី​១៦ ខែ២ ឆ្នាំ២០២៣ នាងសម្រាលបានកូនប្រុសមួយឈ្មោះទេព បញ្ចវរាប ហៅRobert ។មុន​ស្រីនិច្ច ដឹកដៃដេវីត ទៅអាមេរិក គូស្នេហ៍របស់នាងបានប្រកាសថាឈប់ចំណាយលុយធំ ផលិត​ MV ច្រើនសន្ធឹកសន្ធាប់ដូចមុនទៀតហើយ ព្រោះអត់បានការ ដែលបញ្ហានេះអាចធ្វើ​ឲ្យរាំងស្ទះដល់ការវាយលុកទីផ្សារមួយផ្នែកធំរបស់បូព្រឹក្ស ក្រោយមានកូន១អាយុជាង១ឆ្នាំ ។ប៉ុន្ដែការចេញទៅសាងស្នេហាលើទឹកដីអាមេរិករបស់បូព្រឹក្ស-ដេវីត នេះចំពេលដែលមាន​ព័ត​មានថាពួកគេលែងកំណត់ពេលវេលារៀបការទៀតហើយតែត្រៀមយកកូនទី២ បើទោះជា​បាន​ថតរូបPre-Wedding តាំងពីឆ្នាំ២០១៩ ក្ដី ។

 ទស្សនិកជនសង្កេតឃើញថាទេព បូព្រឹក្ស ដែលធ្លាប់ទទួលបានការចាប់អារម្មណ៍​តាម​រយៈវិធីតុបតែងខ្លួន ក្បាច់​រាំ ជាងទឹកដមសម្លេងនោះពេលនេះនាងនៅតែលេងខ្លួនមិន​ចាញ់​កាល​​នៅលីវឡើយ តែទីផ្សារចម្រៀងនាងហាក់នៅចង្អៀតជាងមុន បើទោះជាមានម្ចាស់​ស្នេ​ហា​​ថ្លើមថ្លៃជាអ្នកធ្វើភ្លេង និងនិពន្ធទំនុកច្រៀងឲ្យនាងក៍ដោយ។យ៉ាងណាគេឃើញថាស្រីនិច្ច មានយីអ៊ុនល្អនៅ​លើការផ្សព្វផ្សាយស្ពត ដែលធ្វើឲ្យនាងនិងគូស្នេហ៍រក​លុយរួមគ្នា​បានច្រើន​ក្នុង​១ឆ្នាំៗទើបធ្វើ​ឲ្យ​ពេលនេះពួកគេមានលទ្ធភាពទិញផ្ទះវីឡារទ្រនុំស្នេហ៍ និងជិះ​រថយន្ដ​ទំនើប​​ម៉ាក​Lamborghini ទៀត​ផង។ប្រភពបានឲ្យដឹងថាស្រីនិច្ច គ្មានគម្រោងទៅចូល​ផលិត​កម្មណាទេ ហើយដេវីត នៅតែដាក់ផែនការណ៍ជួយនាងឲ្យនាងល្បីដូចមុនឡើងវិញដែល​អាចតាម​រយៈ​ការច្រៀងដៃគូរួមគ្នា បើទោះជាលែង​ចាយ​លុយច្រើនធ្វើMV ឲ្យនាងទៀតក្ដី ។

 ក្រៅពីទេព បូព្រឹក្ស តារាជ្រើសគូស្នេហ៍ជាអ្នកសិល្បៈដូចគ្នាមានដូចជាស៊ឹម សូលិកា -អេង រិទ្ធី ,ប៉ាច គីមមួយ -សយ រតនៈ,កុល ដាវី -សុខ រក្សា ,ខាត់ សុឃីម-ផាណូ ,គង់ ច័ន្ទស្រីមុំ -គឹម សី​ហា ,កាតតុ -នាយខ្យង និងឈិន មុនីនាថ -នាយព្រែក ជាដើម ៕

RELATED ARTICLES