ទីផ្សារអង្ករ
វៀតណាម៖ ថៃគ្រោងនឹងលក់ចេញអង្ករបម្រុងទុករបស់ខ្លួនទាំងអស់ប្រមាណជា៨លានតោនឆ្នាំ២០១៧ ដែលបានបញ្ឆេះក្តីបារម្ភថាវិធានការណ៍នេះនឹងធ្វើឲ្យអន្តរាយដល់ការនាំចេញអង្កររបស់វៀតណាម។
លោក Nguyen Van Don អគ្គនាយកក្រុមហ៊ុន Viet Hung Co Ltd ដែលមានមូលដ្ឋាននៅ Tien Giang បានឲ្យដឹងថាការនាំចេញអង្ករគឺមានភាពវិជ្ជមានកាលពីខែមុនជាមួយនិងកិច្ចសន្យាជាច្រើនត្រូវបានចុះហត្ថលេខា។
ប៉ុន្តែចាប់ផ្តើមកាលពីដើមសប្តាហ៍មុន ការជួញដូរអង្ករមានទំនោរទៅរកកម្រិតយឺត ជាក់ស្តែងគឺក្រុមហ៊ុនរបស់លោកពុំមានកិច្ចសន្យានាំចេញថ្មីអ្វីនោះឡើយ ។ លោកថែមទាំងបានឲ្យដឹងថានេះគឺមកពីតម្លៃខ្ពស់ជាងមុននៃអង្ករវៀតណាមបើប្រៀបធៀបនឹងហាងឆេងខែមុន ហើយគួបផ្សំនឹងផែនការណ៍លក់អង្ករចេញពីស្តុករបស់ខ្លួនទាំងអស់ផងដែរដែលជំរុញឲ្យពាណិជ្ជកម្មអង្ករមានសន្ទុះយឺតបែបនេះ ។
ចំណែកអគ្គនាយកក្រុមហ៊ុន Long An Foodstuff Co Ltd លោកស្រី Dang Thi Lien បានថ្លែងថាតម្លៃអង្ករបាក់វៀតណាមប្រភេទបាក់៥%និង១៥%គឺខ្ពស់ជាងអង្ករប្រភេទដូចគ្នានេះរបស់ថៃ៥ទៅ១០ដុល្លារក្នុងមួយតោន។
លោកស្រីថែមទាំងបានបញ្ជាក់ថាដើម្បីប្រកួតប្រជែងជាមួយនិងអង្ករថៃ ពាណិជ្ជករវៀតណាមគួរតែបន្ទាបតម្លៃអង្ករនាំចេញរបស់ពួកគេប៉ុន្តែ តម្លៃអង្ករក្នុងស្រុកគឺនៅតែកើនឡើង ថ្វីត្បិតវាមានកម្រិតខ្ពស់ជាងតម្លៃនាំចេញយ៉ាងណាក្តី ក៏វាធ្វើឲ្យលំបាកសម្រាប់ពាណិជ្ជករក្នុងការប្រកួតប្រជែងជាមួយបរទេស ។
ដោយឡែកប្រធានសមាគមស្បៀងអាហារវៀតណាមលោក Huynh The Nang បានថ្លែងថាវានឹងលំបាកក្នុងការប្រកួតប្រជែងជាមួយនិងថៃក្នុងការនាំចេញអង្ករសដោយសារតែតម្លៃប្រកួតប្រជែងរបស់យើងមានកម្រិតតិចតួចប៉ុណ្ណោះ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា