ភ្នំពេញ ៖ រថយន្ត ១គ្រឿង ត្រូវបានជនមិនស្គាល់មុខ បើកយកទៅចតចោលនៅមុខផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីចាក់សោទ្វាររថយន្តរួចរាល់ បានចាកចេញទៅបាត់ អស់ជិតកន្លះខែ ទើបអ្នកភូមិចាប់អារម្មណ៍ និងរាយការណ៍ប្រាប់សមត្ថកិច្ច។ ករណីនេះ សង្ស័យជួលឡានជិះ អត់លុយបង់ ក៏ប្លុងឡានចោលតែម្តង។
តាមប្រភពអ្នកភូមិ បានឱ្យដឹងថា រថយន្តដែលត្រូវគេបើកយកមកប្លុងចោលនេះ ម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-3396 ត្រូវបានគេប្លុងចោលតាំងពីអំឡុងចុងខែសីហា ឆ្នាំ២០២៤ មកម៉្លេះ ហើយបន្ទាប់ពីបើករថយន្តនេះយកទៅចតចោលនៅទីនោះរួច ជនមិនស្គាល់មុខបានចាក់សោទ្វាររថយន្តជាប់ រួចបានចាកចេញទៅបាត់។ ចំណែកពួកគាត់នៅពេលភ្លាមៗនោះ ពុំបានចាប់អារម្មណ៍ថា រថយន្តនេះត្រូវគេយកមកប្លុងចោលបែបនេះឡើយ។ រហូតមកដល់ម៉ោងជាង១រសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ (រយៈពេលជិតកន្លះខែ) ដោយពុំបានឃើញម្ចាស់បើកយកចេញពីទីនោះទៅណាទៀតសោះ ជាហេតុធ្វើឱ្យមានការសង្ស័យយ៉ាងខ្លាំង និងបានរាយការណ៍ជូនកម្លាំងប្រជាការពារភូមិ ឱ្យជួយរាយការណ៍បន្តទៅកាន់នគរបាលប៉ុស្តិ៍និងខណ្ឌ ចុះទៅពិនិត្យមើល និងនាំយកទៅរក្សាទុក ដើម្បីស្រាវជ្រាវ រកម្ចាស់តែម្តង ។
តាមប្រភពមន្ត្រីនគរបាលមួយរូប បានឱ្យដឹងថា រថយន្ត ១គ្រឿងនោះ ពុំដឹងថា ត្រូវចោរលួចយកមកពីកន្លែងណាមួយ ទៅប្លុងចោលនៅទីនោះ ឬម្ចាស់មានរឿងអ្វីផ្សេងទៀតនោះទេ ទើបដាច់ចិត្តយករថយន្តទៅប្លុងចោលបែបនេះ។ ប៉ុន្តែកន្លងមក ក៏ធ្លាប់មានករណីបែបនេះញឹក ញាប់ដែរ ហើយនៅពេលនគរបាលស្រាវជ្រាវ ទើបដឹងថា រថយន្តជនជាតិចិន ជួលជិះ លុះពេលត្រលប់ទៅស្រុកវិញ អត់ប្រគល់ឱ្យម្ចាស់ ណាមួយអត់លុយបង់ថ្លៃជួលផង ក៏បើកយកទៅប្លុងចោលតែម្តង។
ករណីខាងលើនេះ ក្រោយពីទទួលបានព័ត៌មានហើយ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បាននាំយករថយន្តសម្រាប់អូស ១គ្រឿង ទៅកាន់ទីតាំងខាងលើ និងបានធ្វើការពិនិត្យទៅលើរថយន្តព្រូសនេះ យ៉ាងហ្មត់ចត់ មុននឹងអូសយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនសែនជ័យ ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់ និងមូល ហេតុនៃការយកទៅប្លុងចោលនេះ ឱ្យដឹងពិតប្រាកដ៕