Thursday, November 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដឹកលើសទម្ងន់ខ្ទេ.../ចផ្លូវ មន្ត្រីជំនាញឱ្យជួសជុលវិញ 

ដឹកលើសទម្ងន់ខ្ទេ…/ចផ្លូវ មន្ត្រីជំនាញឱ្យជួសជុលវិញ 

ខេត្តកោះកុង ៖ ផ្លូវលំក្រាលក្រួសក្រហម ១ខ្សែ ឆ្ពោះទៅតំបន់រមណីយដ្ឋានអេកូអេសចរណ៍ ជីផាត ដែលជាតំបន់រមណីយដ្ឋានមួយ កំពុងមានភាពទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ របស់ខេត្តកោះកុង កំពុងរងការខូចខាតយ៉ាងដំណំ បំផ្លាញដោយក្រុមហ៊ុនដឹកដើមអាកាស្យា និងក្រុមហ៊ុនឡានដឹកថ្ម។

មន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានបញ្ជាក់ប្រាប់ថា ផ្លូវលំមួយខ្សែ ជាផ្លូវឆ្ពោះទៅឃុំកាន់តំបន់ជីផាត នេះ មានប្រវែង ១៧គីឡូម៉ែត្រ កំពុងរងការខូចខាតយ៉ាងដំណំ ដោយសារឡានដឹកដើមអាកាស្យា និងឡានដឹកថ្ម មួយថ្ងៃៗជាច្រើនគ្រឿង ដោយប្រើប្រាស់សិទ្ធិលើសដែនកំណត់ បំផ្លាញផ្លូវ ដើម្បីតែផលប្រយោជន៍ខ្លួនឯង។

សកម្មភាពដឹកជញ្ជូនលើសដែនកំណត់របស់ម្ចាស់ក្រុមហ៊ុនដឹកដើមអាកាស្យា និងក្រុមហ៊ុនឡានដឹកថ្ម ទាំងពីរ ក្នុងរដូវភ្លៀង ដោយបានធ្វើឱ្យផ្លូវរងការខូចខាត នាពេលនេះ ត្រូវបានមន្ត្រីជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត កោះកុង កំណត់ឱ្យក្រុមហ៊ុនទាំងពីរ ធ្វើការជួសជុលផ្លូវជូនប្រជាពលរដ្ឋធ្វើដំណើរឡើងវិញទាំងស្រុង ក្នុងរយៈ ពេលដ៏ខ្លីខាងមុខ។

ការដាក់កំហិតរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដល់ម្ចាស់ក្រុមហ៊ុនទាំងពីរ នៅពេលនេះ ធ្វើឡើងបន្ទាប់ ពីរងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋដែលគាត់ជួបផលលំបាកក្នុងការធ្វើដំណើរ ដឹកផលទំនិញ បន្លែ ត្រី សាច់ ឆ្លងកាត់ផ្លូវលំមួយខ្សែនេះ ឆ្ពោះទៅ តំបន់រមណីយដ្ឋានអេកូអេសចរណ៍ ជីផាត ដែលជាតំបន់រមណីយដ្ឋានមួយកំពុងមានភាពទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ របស់ខេត្តកោះកុង នាពេលបច្ចុប្បន្ន។

តាមការបំភ្លឺរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីការខូចខាតផ្លូវ ក្រាលល្បាយក្រួសខាងលើ បង្ហាញថា ផ្លូវជីផាត (ផ្លូវ៤៤-មាត់ព្រែកជីផាត) មានប្រវែង ១៦,៤២០គីឡូម៉ែត្រ ក្រាលល្បាយក្រួស ទទឹងប្រវែង៧ម៉ែត្រ ស្ថិតក្នុងភូមិព្រលាន ឃុំកណ្តោល ស្រុកបទុមសាគរ ឆ្ពោះទៅកាន់ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មន្ទីរបានដាក់បញ្ចូលក្នុងគម្រោងនិរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ដៃគូអភិវឌ្ឍន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ គម្រោង (CSLEP) នេះនឹងចាប់ផ្តើមធ្វើការសាងសង់ជា ប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) នៅខែវិច្ឆិកា ឆ្នាំ២០២៤ ឆាប់ៗខាងមុខ។

ចំណែកបញ្ហាការខូចខាតផ្លូវ ដោយសារការដឹកលើសទម្ងន់នេះ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកោះកុង បានធ្វើការទំនាក់ទំនងទៅកាន់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងសាលាស្រុកថ្មបាំង ដើម្បីទំនាក់ទំនងខាងក្រុមហ៊ុនដឹកដើមអាកាស្យា និងក្រុមហ៊ុនឡានដឹកថ្ម ដោយកំណត់ឱ្យ ក្រុមហ៊ុនទាំងពីរ ធ្វើការជួសជុលផ្លូវនេះ ក្នុងពេលខ្លីខាង មុខនេះ ជូនប្រជាពលរដ្ឋឡើងវិញ៕

RELATED ARTICLES