ភ្នំពេញ៖ក្នុងអាយុ៤៨ឆ្នាំ អ្នកនាងគង់ សុជាតិ ដែលប្រឡូកអាជីពសិល្បៈរយៈពេល២៩ឆ្នាំ (១៩៩៥-២០២៤) នេះត្រូវបានប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ អ្នកឧកញ៉ាម៉ៅ ចំណាន ប្រកាសតែងតាំងជាទីប្រឹក្សាកិត្តិយស នៃសមាគមសិល្បករខ្មែរ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បើទោះជាអ្នកនាងសុជាតិ ត្រូវបានគេមើលឃើញថានាងមមាញឹកក្នុងមុខជំនាញ និងអាជីពMC មិនសូវចូលរួមកម្មវិធីរបស់សមាគម សកម្មក្ដី។តែទាំងសុជាតិ និងស្វាមីនាងលោកជា វិបុល បានរក្សារភាពស្ងៀមស្ងាត់ បើទោះជាក្រុមសិល្បកររួមអាជីពបានសម្ដែងការសាទរ និងចែកចាយ (Share) ពីម្នាក់ទៅម្នាក់ក្ដី ។


អ្នកយកព័តមាន«នគរធំ » បានដាក់សំណួរទៅអ្នកនាងគង់ សុជាតិ តាមឆាតហ្វេសបុកតាំងពីក្រោយនាងទទួលបានតួនាទីថ្មីនេះភ្លាមៗម្លេះ តែរហូតមកដល់រសៀលថ្ងៃទី១២ កញ្ញា នាងនៅមិនទាន់ឆ្លើយតបឡើយ ។ទោះជាយ៉ាងណាមុនសុជាតិ ត្រូវបានភរិយាអ្នកឧកញ៉ាគិត ម៉េង តែងតាំងតួនាទីថ្មីនេះ កាលពី១ឆ្នាំមុនស្វាមីនាងលោកជា វិបុល ត្រូវបានសម្ដេចតេជោ តែងតាំងលោកជាជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា មានឋានៈស្មើអគ្គនាយករង ផងដែរ ទើបមានការលើកឡើងថាប្ដីប្រពន្ធតារា១គូនេះកាន់តែមានឥទ្ធិពលក្នុងសិល្បៈលើសពីតារាធម្មតា ។ប៉ុន្ដែគេនៅមិនទាន់ដឹងថាអ្នកនាងសុជាតិ អាចជួយអ្វីខ្លះដល់សមាគមសិល្បករខ្មែរនោះទេ ក្នុងតំណែងមួយនេះ ព្រោះតាមមើលជាក់ស្ដែងសុជាតិ មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ការចូលរួមជាមួយសមាគមសិល្បករខ្មែរឡើយ ដោយសារតែនាងជាប់ធ្វើMC នៅហង្សមាស និងចេញមុខតាមAgency ទាំងឡាយ រួមទាំងគ្រប់គ្រងមុខជំនួញក្រៅសិល្បៈទាក់ទងហាងសម្រស់ដកឃ្លាមិនរួចទេ ។ដោយឡែកតារាជិតដិតសុជាតិ បង្ហើប្រាប់អ្នកយកព័តមានយើងថាសុជាតិ មិនសូវមានអារម្មណ៍រំភើប ចំពោះតួនាទីថ្មីនេះប៉ុន្មានទេ ព្រោះថាសូម្បីតែនៅ សុនិតា ដែលមានអាយុនិងបទពិសោធ៍សិល្បៈតិចជាងនាងនោះក៍ត្រូវបានប្រធានសមាគមសិល្បករខ្មែរ តែងតាំងតំណែងធំជាងនាងទៅទៀតនោះគឺជាអនុប្រធានសិល្បករខ្មែរ ។


គួរបញ្ជាក់ថាគង់ សុជាតិ និងស្វាមីលោកជា វិបុល នៅតែជាពិធីករសំខាន់របស់ហង្សមាស ហើយពេលនេះសុជាតិ ធូទ្រូងច្រើន ព្រោះថៅកែហង្សមាសមិនឲ្យលោកវិបុល ចាប់ដៃគ្នាជាមួយចាន់ កែវនិមល ធ្វើMC ទៀតទេ ព្រោះខ្លាចផ្ទុះរឿងធំដូចកាលពីឆ្នាំ២០២០ ដែលប្ដីសុជាតិ រូបសង្ហារនេះធ្វើឲ្យនាងយំព្រោះលោកលួចលោកបង្កាត់ភ្លើងស្នេហាជាមួយនិមល ក្រៅឆាកឡើងផ្អើលពេញផ្ទៃប្រទេស ។ប៉ុន្ដែពេលនេះស្នេហារបស់សុជាតិ និងប្ដីក្មេងស្រស់បំព្រងឡើងវិញ ក្រោយពីលោកវិបុល ប្រកាសថានៅលើលោកនេះលោកស្រលាញ់តែប្រពន្ធកូនជាងគេ ។សុជាតិ ក៍ចង់ធ្វើឲ្យប្ដីរំភើបដែរតាមរយៈការផ្ដល់កាដូឲ្យលោកវិបុល នូវកូនភ្លោះប្រុស តាមបំណងស្វាមីក្មេង តែជាង៥ឆ្នាំហើយដែលោកវិបុល រំអុកចង់បាននៅតែអត់បានជោគជ័យទើបនាងចេះតែលួងលោមប្ដីថានាងអាយុច្រើនដែរហើយមិនមែនចង់បានកូន បានភ្លាម បានភ្លែតនោះទេ គឺទាល់តែត្រូវការពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យច្បាស់សិនទើបដឹងលទ្ធផល ។តែសុជាតិ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាក្នុងករណីដែលនាងនៅតែមិនអាចមានលទ្ធភាពយកកូនភ្លោះឲ្យប្ដីបានក៍លោកវិបុល មិនខឹងនាងដែរ ព្រោះថានាងចាប់ដៃប្ដីជិត១១ឆ្នាំ បានកូនស្រី១ តែបើគិតកូនសរុបគឺចំនួន៣នាក់ ហេតុនេះកូនប៉ុណ្ណឹងបើមិនបានថែមក៍គ្រប់គ្រាន់ហើយដែរ ។


ក្រៅពីគង់ សុជាតិ តារាដែលអាចរក្សារទីផ្សារសិល្បៈបានជាង២០ឆ្នាំមានដូចជាអ្នកនាងម៉េង កែវពេជ្ជតា ,យុគ ចិន្ដា ,ខាត់ សុឃីម ,លោកព្រាប សុវត្ថិ,នាយកុយ និងនាយក្រឹម ជាដើម ៕


