ភ្នំពេញ៖ឱក សុគន្ធកញ្ញា នឹងប្រារពខួបកំណើតគម្រប់អាយុ៣៨ឆ្នាំ លើឆាកតន្រ្ដីSolo Concerts ដំបូងបំផុតក្នុងអាជីពរបស់ខ្លួនរយៈពេលជាង២០ឆ្នាំមកនេះ ខណៈដែលនៅថ្ងៃនោះស្វាមីរបស់កញ្ញា គឺលោកអ៊ឹង សុខលី អះអាងថាក៍ជាកំណត់ត្រារបស់លោកក្នុងការរៀបចំប្រគុំតន្រ្ដីរយៈពេល២០ឆ្នាំ(២០០៤-២០២៤) ដែរ ។ព្រឹត្តិការណ៍នោះមិនត្រឹមតែសុគន្ធកញ្ញា និងស្វាមីបំបែកកំណត់ត្រាការងារសិល្បៈរបស់ពួកគេរៀងៗខ្លួនោះទេ ប៉ុន្ដែវាជាការវាស់ឲ្យដឹងថាតើក្រោយពីសុគន្ធកញ្ញា មានស្វាមីរយៈពេលជាង៥ឆ្នាំ និងមានកូនប្រុស២នាក់នេះនាងនៅតែមានការគាំទ្រច្រើនដូចមុនដែរ ឬអត់?ប្រសិនបើសុគន្ធកញ្ញា នៅតែខ្លាំងនោះមានន័យថានាងបំបែកឯតទគ្គកម្ម ចំពោះតារាស្រីខ្មែរភាគច្រើនដែលឲ្យតែមានស្វាមី និងកូនហើយពួកគេប្រឈមធ្លាក់កូដខ្លាំង ខ្លះហៅលែងឭ និងបាត់បង់ទីផ្សារសិល្បៈ ធ្លាក់ចំណូលនោះជាមិនខាន ព្រោះការវិលរកឆាកតន្រ្ដីវិញក្រោយសម្រាលកូនប្រុសទី២កាលពីដើមខែមីនា ឆ្នាំ២០២៤ និងផ្អាកឡើងឆាកជិត៧ខែ នេះគឺជាការធ្វើតេស្ដដ៍សំខាន់មួយក្នុងអាជីពចម្រៀងរបស់នាង។


ចំពោះឱក សុគន្ធកញ្ញា ដែលចេញច្រៀងConcert តែម្នាក់ឯងលើកនេះគេជឿរថានាងនឹងយកបទចម្រៀងរបស់ខ្លួនល្បីៗពីមុនសឹងតែទាំងអស់មកច្រៀងឡើងវិញ ព្រោះតាំងពីរៀបការរួចនាងមិនសូវមានបទល្បីដូចមុនទៀតឡើយ ។យ៉ាងណាការប្រគុំតន្ត្រីសម្រាប់តែសុគន្ធកញ្ញា ម្នាក់ឯងគត់លើកនេះបញ្ជាក់ថារូបនាងនៅតែជាតួឯករបស់ហង្សមាសតទៅទៀត ព្រោះផលិតកម្មមួយនេះមិនដែលរៀបចំSolo Concert ឲ្យតារារបស់ខ្លួនម្នាក់ណាឡើយ ក្រៅពីនាង ក្នុងនោះរួមទាំងព្រាប សុវត្ថិ ដែលឈរជើងនៅហង្សមាសអស់រយៈពេល២៣ឆ្នាំ(១៩៩៧-២០២០)ផងដែរ ។ចំណែកថៅកែហង្សមាសអ្នកឧកញ៉ាអ៊ឹង ឆៃងួន វិញបានគាំទ្រសុគន្ធកញ្ញា ច្រៀងលក់សំបុត្រSolo Concert នេះពេញទំហ៊ឹងតែម្ដង ព្រោះលោកក៍ចូលរួមពិធីសែនក្រុងពាលីកាលពីថ្ងៃទី៧ កញ្ញា ផងដែរ សម្រាប់ប្អូនថ្លៃរបស់លលោកទោលនៅថ្ងៃទី១៤ កញ្ញា ។


អ្នកជំនាញសិល្បៈលោកគួច ខេវិន និងលោកមិញ សុធីវណ្ណ ធ្លាប់ប្រាប់អ្នកយកព័តមានយើងស្រដៀងគ្នាថាឱក សុគន្ធកញ្ញា នឹងមិនធ្លាក់ក្រោយមានប្ដី និងកូនទេ ព្រោះអាជីពរបស់នាងស្ថិតនៅលើហង្សមាសជាអ្នកកំណត់ អីចឹងក្រោយសុគន្ធកញ្ញា ក្លាយទៅជាសមាជិកសាច់ញាត្តិរបស់ក្រុមគ្រួសារថៅកែហង្សមាសបែបនេះថាតើផលិតកម្មនេះបណ្ដោយឲ្យនាងចុះខ្សោយ ឬយ៉ាងណា? ចំណែកអ្នកស្រីអ៊ិន ថាច ម្ដាយរបស់សុគន្ធកញ្ញា ក៍ធ្លាប់និយាយដែរថាលោកស្រីមិនមានការបារម្ភខ្លាចកូនលែងល្បី ឬគ្មានអ្នកគាំទ្រក្រោយមានស្វាមីនិងកូននោះទេ ព្រោះមហាជនគាំទ្រតារានៅលើសម្ថភាព ។


មជ្ឈដ្ឋានមហាជនចាំមើលថាឱក សុគន្ធកញ្ញា ដែលឈរក្នុងតំណែងតារាស្រីនាំមុខគេនៅហង្សមាសជាង១០ឆ្នាំមកនេះនាងនៅតែបន្ដធ្វើជាតួឯកច្រើនឆ្នាំតទៅទៀតឬទៅលែងរួច ?

