Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្របី៦ក្បាល រ.../ន្ទះបា.../ញ់ងា.../ប់រដូលរណែល

ក្របី៦ក្បាល រ…/ន្ទះបា…/ញ់ងា…/ប់រដូលរណែល

ខេត្តបន្ទាយមានជ័យ ៖ ក្របី  ១ហ្វូង ត្រូវបានម្ចាស់ដឹកយកទៅចងឱ្យស៊ីស្មៅ នៅក្រោមដើមឈើ ១កន្លែង លុះក្រោយមក មានភ្លៀង ១មេធំ លាយឡំដោយខ្យល់និងផ្គររន្ទះផង ស្រាប់តែរំពេចនោះ រន្ទះបាញ់សត្វក្របី ចំនួន៦ក្បាល បានងាប់រដូករណែល។

ហេតុការណ៍បាតុភូតគ្រោះធម្មជាតិ រន្ទះបាញ់ក្របី ងាប់៦ក្បាលនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចភូមិរពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ។

លោកវរសេនីយ៍ឯក ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ប្រាប់ថា ក្របីទាំង ៦ក្បាល មានម្ចាស់ ២នាក់ផ្សេងគ្នា ក្នុងនាះម្ចាស់ក្របីម្នាក់ មានឈ្មោះសែម វែង ភេទប្រុស អាយុ៤៥ឆ្នាំ និងម្នាក់ទៀត ឈ្មោះម៉ៅ ប៉ាក់ ភេទប្រុស អាយុ៥២ឆ្នាំ។ ម្ចាស់ក្របីខាងលើរស់នៅភូមិកើតហេតុខាងលើជាមួយគ្នា។

លោកអធិការ បន្តថា មុនពេលកើតហេតុ ម្ចាស់ក្របីទាំង២នាក់ បានយកក្របីរបស់ខ្លួន ទៅលែងឲ្យស្មៅក្បែរភូមិ ជាប់ផ្លូវ ត្រង់ចំណុចកើតហេតុ លុះក្រោយមកមានភ្លៀងធ្លាក់ រួចក៏ត្រូវរន្ទះបាញ់ បណ្តាលឱ្យងាប់ក្របីទាំង៦ក្បាល រដូករណែល ក្រោមដើមឈើ ក្បែរផ្លូវតែម្តង។

លោកអធិការ បញ្ជាក់ថា ក្រោយទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលឃុំឈ្នួរមានជ័យ រួមជាមួយអាជ្ញាធរឃុំ បានចុះទៅពិនិត្យ ឃើញថា ក្របី ចំនួន៦ក្បាល ពិតជាត្រូវបានរន្ទះបាញ់ងាប់ប្រាកដមែន ហើយម្ចាស់បានដឹកសត្វក្របីទាំងនោះ ទៅផ្ទះលក់ឱ្យឈ្នួញ យកទៅកាប់សាច់លក់។

លោកវរសេនីយ៍ឯក ទេព រដ្ឋា បានណែនាំដល់ប្រជាពលរដ្ឋ នៅពេលមានភ្លៀងផ្គរ ត្រូវមានការប្រុងប្រយ័ត្ន ត្រូវរកកន្លែងជ្រកឱ្យបានត្រឹមត្រូវ ការពារបាតុភូតរន្ទះបាញ់ កើតឡើងជាយថាហេតុ៕

RELATED ARTICLES