Saturday, November 23, 2024
Homeនយោបាយ សម រង្ស៊ី ចំ.../អក យើងអស់ដី សល់ថ្ម អាជ្ញាធរខេត្តស្វាយរៀង ឆ្លើយតប

 សម រង្ស៊ី ចំ…/អក យើងអស់ដី សល់ថ្ម អាជ្ញាធរខេត្តស្វាយរៀង ឆ្លើយតប

ខេត្តស្វាយរៀង ៖ ក្រោយពេលលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) និងជា ស្ថាបនិកគណពក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៉ី) ដែលកំពុងរស់និរទេសនៅក្រៅប្រទេស បានលើក ឡើងក្នុងន័យចំអកឲ្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ចំពោះការដាក់តាំងដុំថ្ម ១ដុំ នៅក្នុងមូលដ្ឋានស្រុករមាសហែក ខេត្តស្វាយរៀង ដោយថា “យើងអស់ដី ប៉ុន្តែនៅសល់ថ្ម” នោះមក អាជ្ញាធរខេត្ត ស្វាយរៀង បានឆ្លើយតបថា ការការលើកឡើងរបស់ទណ្ឌិតនោះ គឺជាបំភ្លៃ បំភាន់សច្ចភាពប្រវត្តិសាស្ត្រ ជាក់ ស្តែងនៅលើដី នៃខេត្តស្វាយរៀង ក៏ដូចជាស្រុករមាសហែក មិនមានបាត់បង់ទៅណាទេ។

លោកម៉ែន អេង អភិបាលរងខេត្តស្វាយរៀង និងជាអ្នកនាំពាក្យខេត្តស្វាយរៀង បានឆ្លើយតបបំភ្លឺប្រាប់អ្នក សារព័ត៌មាន ជុំវិញករណីថ្ម ១ដុំនេះ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ថា “សូមជម្រាបជូនថា ថ្ម១ដុំហ្នឹង យើងយកពីខេត្តកំពង់ឆ្នាំង អាហ្នឹងថ្មម៉ាបយើងហ្នឹង ហើយឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា លោកយកមក ហើយគម្រោងនៃការស្ថាបនាថ្មហ្នឹង គឺយើងនឹងធ្វើឱ្យទៅជាមានរូបសត្វរមាស ឱ្យវាស័ក្តិសមទៅនឹងស្រុករមាសហែក ហើយនៅមានចម្លាក់ជាសាវតារពាក់ព័ន្ធនឹងភូមិ-ឃុំមានសុវត្ថិភាព រឿងរ៉ាវស្រុកហ្នឹងតិចតួចតែប៉ុណ្ណឹងឯង ហើយយើងដាក់ចំនៅចំណុចប្រសព្វនៅផ្សារកំពង់ត្រាច ជាទីប្រជុំជននៅស្រុករមាសហែក ហ្នឹង…”។

លោកម៉ែន អេង បានបន្តថា “ខ្ញុំគិតថា ការរិះគន់នេះ គ្រាន់តែនៅក្នុងន័យនយោបាយផ្សេងទេ ប៉ុន្តែជាសមិ ទ្ធផលរបស់ខេត្ត របស់ស្រុក វាមិនត្រូវអីមានការរិះគន់ទេ ពីព្រោះអីនៅក្នុងស្រុកខេត្តណា ក៏ត្រូវមានការអភិ វឌ្ឍន៍ដែរ គេត្រូវធ្វើនេះ ធ្វើនោះ ដើម្បីឱ្យវាមានអត្តសញ្ញាណរបស់ ខេត្ត របស់ស្រុក របស់ឃុំរៀងៗខ្លួន ហើយអ៊ីចឹងវាមានមូលហេតុអី គ្រាន់តែយកថ្ម ១ដុំ យកមកដើម្បីឆាក់ជារូបរមាស ហើយសរសេរសាវតារ ហើយនិងសរសេររឿងរ៉ាវរបស់ស្រុកមួយ វាត្រូវទទួលការរិះគន់?…”។

លោកអភិបាលរងខេត្តស្វាយរៀង បានបន្តថា “ខ្ញុំសូមប្រើពាក្យថា ការរិះគន់នេះ គឺមានចំនួន មួយតូចទេ ប៉ុន្តែប្រជាពលរដ្ឋភាគច្រើនលើសលប់ ជាពិសេសនៅខេត្តស្វាយរៀង ហើយដោយឡែកស្រុករមាសហែក គឺគេសាទរណាស់ ហើយសមិទ្ធផលជាច្រើន ដែលពាក់ព័ន្ធនឹងស្រុករមាសហែក ដែលយើងទាំងអស់គ្នាដឹងហើយថា ពីមុន រមាសហែក ឆ្ងាយណាស់ៗ ទៅមិនងាយដល់ទេ តែឥឡូវសូមអញ្ជើញទៅ ផ្លូវកៅស៊ូរលោងស្រិល យើងទៅដល់រមាសហែកជាប់នឹងត្បូងឃ្មុំ ជាប់នឹងកំចាយមារ គឺថាផ្លូវល្អណាស់ ប៉ុន្តែអ្វីដែលជារឿងចាំបាច់ដែលយើងទាំងអស់គ្នាត្រូវទទួលស្គាល់ថា អ្នកនយោបាយទុច្ចរិត តែងយករឿងបញ្ហាព្រំប្រទល់នេះ យកមកធ្វើជាអាជីវកម្មនយោបាយ អ៊ីចឹងថ្មីៗនេះ ទណ្ឌិតសម រង្ស៊ី យករឿងនេះយកទៅផុសថា “បាត់ដី បានថ្ម” អ៊ីចឹងអានេះហើយគឺជាការបំភ្លៃ ការបំភាន់សច្ចភាពប្រវត្តិសាស្ត្រ ជាក់ស្តែងនៅលើដីនៃខេត្តស្វាយរៀង ក៏ដូចជាស្រុក រមាសហែក ខ្ញុំបានទៅធ្វើការពន្យល់ ខ្ញុំបានទៅធ្វើការបង្ហាញពីបង្គោលព្រំដែនស្រុករមាសហែក ជាប់នឹងស្រុក២ នៃខេត្តតៃនិញ យើងបោះបង្គោលព្រំដែន យើងបានកំណត់អស់ ៨០ភាគរយ ដែលយើងអាចទស្សនកិច្ចតាមផ្លូវខ្សែក្រវាត់ព្រំដែន ទៅមើលតើបង្គោលព្រំដែន វារឹងមាំយ៉ាងម៉េច តើវាបាត់ដី បានថ្ម ដូចទណ្ឌិត សម រង្ស៊ី យកទៅផុសហ្នឹងដែរឬក៏យ៉ាងម៉េច?»។

លោកម៉ែន អេង បន្តថា «តែយ៉ាងណាក្តី ពាក្យនេះ មិនបង្កឱ្យមានផលប៉ះពាល់អីដល់ខេត្តស្វាយរៀង នោះទេ ពីព្រោះទណ្ឌិតសម រង្ស៊ី គាត់និយាយតែអ៊ីចឹង ប៉ុន្តែជារួមយើងមើលនាវាកម្ពុជា ធ្វើដំណើរទៅមុខឥតឈប់ឈរ កំណើនសេដ្ឋកិច្ចក៏កើន ជីវភាពរស់នៅ ប្រជាពលរដ្ឋ នៅតែសម្បូរសប្បាយ។ ជាក់ស្តែង ស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស ៩ដែលកំពុងតែដំណើរការសព្វថ្ងៃនេះ បងប្អូនកូនក្មួយអ្នកស្វាយរៀង ធ្វើការ លេខមូល ១០ ម៉ឺននាក់ ប្រាក់ឈ្នួលអប្បបរមាជាមធ្យម ២៥០ដុល្លារ អ៊ីចឹងយើងគិតមើលក្នុង ១ខែ លុយសុទ្ធប៉ុន្មានលាន ចូលក្នុងហោប៉ៅកូនក្មួយប្រជាពលរដ្ឋ? ជាង២០លានដុល្លារ ក្នុង១ខែ លុយដុល្លារគ្រាន់តែហូរចូលហោប៉ៅបងប្អូនកម្មករនិយោជិតយើង អ្នកស្វាយរៀង។ អ៊ីចឹងការរិះគន់ ការសរសេរស្អីៗរបស់គាត់ វាអត់មានប៉ះពាល់អីដល់សេដ្ឋកិច្ច ដល់ការអភិវឌ្ឍន៍ប្រទេស និយាយជារួម និងដោយឡែកដល់ខេត្តស្វាយរៀង នោះទេ…”៕ ដារិទ្ធ

RELATED ARTICLES