Wednesday, November 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចូលផាប់ស្ទ្រីត បើកឡានបុ.../កទូ.../ត្រីម៉ាស្សា គេទារ២ពាន់ដុល្លារ ឈ្លោះ.../គ្នាផ្អើល

 ចូលផាប់ស្ទ្រីត បើកឡានបុ…/កទូ…/ត្រីម៉ាស្សា គេទារ២ពាន់ដុល្លារ ឈ្លោះ…/គ្នាផ្អើល

ខេត្តសៀមរាប ៖ រថយន្តទំនើប ១គ្រឿង បើកមកលេងតំបន់ផាប់ស្ទ្រីត (Pub Street) លុះពេលចូលមករកកន្លែងចត នៅមុខហាងម៉ាស្សាត្រី បើកថយក្រោយមិនប្រយ័ត្ន ជ្រុលបុកទូម៉ាស្សាត្រី បែកអស់២ទូ ធ្វើឱ្យងាប់ត្រីរាប់រយក្បាល ហើយភ្លាមនោះ ម្ចាស់រថយន្ត បម្រុងបើកគេច តែត្រូវម្ចាស់ទីតាងឃាត់ ទាមទារសំណង២ពាន់ដុល្លារ ធ្វើឱ្យកើតជាជម្លោះ ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍ទាំងយប់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅ ត្រង់ចំណុចខាងត្បូងផ្លូវបំបែកជាបួនមុខ Police Box  ប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តទំនើប ១គ្រឿង ម៉ាក Ford Territory ពណ៌ក្រហម ពាក់ស្លាកលេខ សៀមរាប 2D-3388 ជិះគ្នា៥នាក់ (ប្រុស២ ស្រី៣) បានបើកចូលមកលេងតំបន់ផាប់ស្ទ្រីត (Pub Street) ក៏រកកន្លែងចត រួចថយរថយន្តបំណងចតមុខហាងម៉ាស្សាត្រី ១កន្លែង ស្រាប់តែភ្លាមនោះ ម្ចាស់រថយន្តបើកថយក្រោយមិនប្រយ័ត្ន ប៉ះទូម៉ាស្សាត្រី បណ្តាលឱ្យបែកខ្ទេច និងធ្វើឱ្យងាប់ត្រីជាច្រើនក្បាល។

ប្រភពដដែល បន្តថា ក្រោយមកម្ចាស់រថយន្តបាន បើកចេញពីកន្លែងកើតហេតុ ហើយប្រជាពលនៅទីនោះក៏បានសួរថា បើករថយន្តទៅណា? អ្នកបើកបរថយន្តរូបនោះ ឆ្លើយថា យករថយន្តទៅទុកខាងនោះ តែពល រដ្ឋទៅមើលរថយន្តនោះខ្លាចរថយន្តបើករត់ ក៏នាំគ្នាទៅឈរពីមុខឡាន។ ស្រាប់តែមួយស្ទុះក្រោយមក មានតំ ណាងម្ចាស់រថយន្ត មកដោះស្រាយជាមួយម្ចាស់ទូត្រី គាត់សួរថា ទូម៉ាស្សាទាំងអស់ តម្លៃប៉ុន្មាន? ម្ចាស់ទូត្រី ទារ ២០០០ដុល្លារ តែម្ចាស់រថយន្តមិនព្រម ក៏ប្រកែកគ្នាផ្អើលទាំងយប់តែម្តង ។

ជុំវិញករណីខាងលើនេះដែរ លោកស្នងការរងទទួលការងារការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ថា រហូតមកដល់ល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ម្ចាស់ទូត្រីម៉ាស្សា បានមកដាក់ពាក្យបណ្តឹងនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីឱ្យសមត្ថកិច្ចជំនាញជួយអន្តរាគមន៍ និងចាត់ចែងទៅតាមច្បាប់៕

RELATED ARTICLES