ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូ ១គ្រឿង ដឹកគ្នា ធ្វើសកម្មភាពឆក់កាបូបរបស់បុរសម្នាក់ កំពុងជិះម៉ូតូកង់បីតាមផ្លូវ តែមិនបានសម្រេច គាប់ជួនត្រូវកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួង មហាផ្ទៃ កំពុងល្បាត ប្រទះឃើញ ក៏ប្រដេញតាមចាប់ក្របួចជាប់ភ្លាមៗ។
ករណីឆក់កាបូបនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្លូវលេខ៦៣ កែងផ្លូវលេខ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះចាន់ តយ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ និងទី២-ឈ្មោះម៉ាត់ ម៉េងហុង អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្តីតាកុយ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការខាងលើ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រ ធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ។
ប្រភពដដែល បន្តថា មុនពេលកើតហេតុ នៅវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ល្បាតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដល់ចំណុចផ្លូវ លេខ៦៣ កែងផ្លូវលេខ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1KV-9571 បានធ្វើសកម្មភាពឆក់កាបូបយួរដៃរបស់បុរសម្នាក់ ដែលនៅក្នុងកង់បី ពណ៌ស មិនបានសម្រេច ក៏ត្រូវសមត្ថកិច្ចដេញតាមឃាត់ខ្លួនបានជនសង្ស័យទាំងពីរនាក់ បានភ្លាមៗ ព្រមទាំងដកហូតសម្ភារៈ រួមមាន ម៉ូតូ ចំនួន១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1KV-9571។
ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕