Wednesday, November 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ដុតទៀនវស្សា ឆេះវត្តសារ៉ាវន្ត

 ដុតទៀនវស្សា ឆេះវត្តសារ៉ាវន្ត

ភ្នំពេញ ៖ កុដិជាន់ទី៣ ក្នុងបរិវេណវត្តសារ៉ាវន្តតេជោ ត្រូវបានអគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមូលហេតុផ្តើមចេញពីការដុតទៀនវស្សាល ធ្វើឱ្យឆេះរាលយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ព្រះសង្ឃ និងសិស្ស និស្សិតស្នាក់នៅក្នុងវត្ត ជួយពន្លត់តែទប់ទល់មិនឈ្នះ ក៏ទាក់ទងខាងរថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់ ទឹកបាញ់ពន្លត់ អស់៥ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំង ស្រុង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង១៥នាទីរំលងអធ្រាត្រ ឈានថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ត្រង់ចំណុចបរិវេណវត្តសារ៉ាវន្តតេជោ តាមផ្លូវ១៧៨ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

តាមប្រភពពីព្រះសង្ឃគង់នៅក្នុងវត្តខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ នៅក្នុងកុដិមានដុតទៀនវស្សា រហូតដល់ពេលកើតហេតុ ស្រាប់តែមានធំឈ្ងៀមផ្សែងភ្លើងខុសពីធម្មតា ទើបព្រះសង្ឃដែរគង់នៅក្នុងកុដិជិតនោះ បាននាំគ្នា ចេញមកមើល ស្រាប់តែឃើញមានភ្លើងកំពុងឆាបឆេះចេញពីក្នុងកុដិជិតនោះ និងឆាបឆេះនៅជាន់ទី៣ យ៉ាងសន្ធោសន្ធៅទៅហើយ ធ្វើឱ្យកើតមានការឆោឡោ ផ្អើលយកទឹក បំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ តែដោយស្ថានភាពឆាបឆេះខ្លាំងពេក ទើបពន្លត់មិនឈ្នះ ក៏បានទាក់ទងទៅកម្លាំងជំនាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ ចេញរថយន្តពន្លត់អគ្គិភ័យ ជាច្រឿនគ្រឿង ជាបន្តបន្ទាប់ ជួយ អន្តរាគមន៍បាញ់ទឹកពន្លត់ កុំឱ្យមានការឆាបឆេះបន្តដល់កុដិនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ ៥ឡាន ស្មើនឹង ១៦ម៉ែត្រគូប។

ចំពោះប្រភេទសំណង់ខាងលើនេះ គឺថ្មបេតុង ឆេះបន្ទប់ ទំហំ ២ម៉ែត្រ គុណនឹង ២ម៉ែត្រ ទៀនវស្សា ពិតានខាងលើ និងសម្ភារៈ មួយចំនួន តែពុំបណ្តាលឱ្យឆេះរាលដាលដល់កុដិក្បែរខាងឡើយ។ គ្រោះអគ្គិភ័យនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការបាញ់ពន្លត់រលត់ទាំងស្រុង នៅវេលាម៉ោង ២និង១៥នាទី រំលងអធ្រាត្រ ថ្ងៃដដែល។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ បញ្ជាក់ថា បណ្តាលមកពីការដុតទៀនវស្សា បង្កជាអគ្គិភ័យ។ នៅក្នុងហេតុការណ៍នេះ មិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសឡើយ៕

RELATED ARTICLES