ភ្នំពេញ៖តារាសម្ដែងលោកសាយ សៀរ៉ា បានឲ្យដឹងថាពេលនេះទំនាក់ទំនងរវាងលោកនិងលោកយ៉ែម សំអូន ដែលត្រូវបានអ្នកនាងយ៉ាន លីនដា ភរិយាលោកសំអូន ធ្លាប់ប្រចណ្ឌលោកកាលពី៩ឆ្នាំមុននោះឥឡូវវិលមករកការរាប់អានគ្នាដូចបងប្អូន ។លោកសៀរ៉ា ថាមិនត្រឹមតែមិនបារម្ភខ្លាចអ្នកនាងលីនដា ប្រចណ្ឌលោកទៀតនោះទេ ប៉ុន្ដែជាក់ស្ដែងដូចជាពេលនេះលោកកាន់តែមានភាពស្និតស្នាលរាប់អានទាំងលោកសំអូន និងអ្នកនាងលីនដា តែម្ដង ពោលគឺស្និតលើសដើម។

លោកសាយ សៀរ៉ា ប្រាប់«នគរធំ » កាលពីថ្ងៃទី១៤ សីហា ថា « ខ្ញុំនិងលោកសំអូន គ្មានអ្វីជាមួយគ្នាទេ ខ្ញុំបានបកស្រាយប្រាប់អ្នកកាសែតអស់ហើយកាលពីបងលីនដា និងប្ដីគាត់ មានបញ្ហាជាមួយគ្នា ហើយខ្ញុំថែមទាំងបានស្បថមុខព្រះអង្គដងកឺទៀតផង។ឥឡូវបងអូន និងប្រពន្ធគាត់ត្រូវគ្នាវិញ ខ្ញុំមានតែអបអរសាទរពួកគាត់ ហើយខ្ញុំនៅតែធ្វើការជាមួយពួកគាត់ទាំងពីរជាធម្មតា ។និយាយទៅបងអូន គាត់ហៅខ្ញុំច្រៀងកម្មវិធីគាត់ញឹកញាប់ដែរ »។
ប្រភពបានឲ្យដឹងថាលោកសាយ សៀរ៉ា ថែមទាំងឆ្លៀតទៅកំដលោកយ៉ែម សំអូន រៀបការជាមួយអ្នកនាងយ៉ាន លីនដា រៀបការជាលើកទី២កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅមុខពោចិនតុង ទៀតផង ដែលនេះបញ្ជាក់ថាបើអ្នកនាងលីនដា ពិតជាប្រចណ្ឌលោកដូចមុនមែន កុំថាឡើយទៅធ្វើជាអ្នកកំដ ទោះជាត្រឹមភ្ញៀវក៍លោកសៀរ៉ា ប្រាកដជាមិនហ៊ានឡើយ។

លោកសាយ សៀរ៉ា បន្ថែមថាចាប់ពីពេលនេះតទៅនៅពេលដែលលោកសំអូន និងអ្នកនាងលីនដា ត្រូវការលោកធ្វើការងារសិល្បៈជាមួយគ្នាលោកពេញចិត្តនិងទៅដោយក្ដីរីករាយ ពោលគឺគ្មានរឿងអ្វីទាំងអស់ ។
ពិតជាគួរឲ្យសរសើរមែនដែលលោកសាយ សៀរ៉ា ត្រូវបានភរិយាលោកយ៉ែម សំអូន អស់មន្ទិលសង្ស័យថាស្វាមីនាងនិងលោកមានទំនាក់ទំនងលើសពីធម្មតាជាមួយគ្នាតទៅទៀត ហើយអ្នកទាំង៣បានវិលមករាប់អានគ្នាដូចបងប្អូននិងគ្នាវិញម្ដង។ប៉ុន្ដែលោកសៀរ៉ា ថាការងារសិល្បៈរបស់លោកពេលនេះពិបាកប្រឈមព្រោះប្រាក់ចំណូលធ្លាក់ចុះយ៉ាងខ្លាំង រហូតមានពេលខ្លះដល់ថ្នាក់ចង់ដាច់បាយម្ដងៗទៀតផង បន្ទាប់ពីលោកបានធ្វើផ្ទះវីឡារឲ្យឪពុកម្ដាយរបស់លោកនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលចំណាយអស់ទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លារ បានធ្វើពិធីឡើងផ្ទះនេះកាលពីមេសា ឆ្នាំ២០២៤ ។

លោកសាយ សៀរ៉ា បន្ថែមថាផ្ទះនោះលោកចង់បំពេញបំណងឪពុកម្ដាយរបស់លោក«ធ្វើបុណ្យ ទាន់ខែភ្លឺ»ហេតុនេះលោកបានលក់អស់ហើយទាំងខ្សែក ចិញ្ចៀន ខ្សែដៃ ជាដើមដើម្បីយកលុយមកបង្រ្គប់ធ្វើផ្ទះមួយនេះឲ្យខាងតែបានជូនអ្នកមានគុណ ព្រោះថាផ្ទះចាស់របស់លោកពីមុនបានសភាពទ្រុតទ្រោមខ្លាំង ភ្លៀងមកលិច មិនអាចរស់នៅបាន ទើបលោកជម្នះធ្វើផ្ទះនេះជូនពួកគាត់ទាន់លោកនៅមានកំលាំងរកលុយ។លោកថាអាជីពសម្ដែងរបស់លោកនាពេលនេះពិតជាពិបាកប្រឈមមែន ដោយសារតែផលិតករ ជាច្រើនផ្អាកផលិតកម្មរបស់ខ្លួនជាបន្ដបន្ទាប់ តែសម្រាប់រូបលោកនៅតែស្រលាញ់សិល្បៈ ហើយទោះជាអ្នកដឹកនាំរឿងឲ្យលេងជាតួឪពុក តែជាឪពុកវ័យក្មេងក៍លោកពេញចិត្តនិងលេងដែរ ពោលគឺមិនប្រកាន់ថាទាល់តែជាតួឯកទើបសម្ដែងនោះទេ ។លោកបន្ថែមទៀតថាដោយសារតែប្រាក់ចំណូលមិនល្អទើបពេលខ្លះមិនត្រឹមតែចង់ដាច់បាយនោះទេ ប៉ុន្ដែការបង់ថ្លៃទឹកភ្លើងជាប្រចាំខែក៍លោករឹតតែពិបាកប្រឈមទៀតផង ។

ដោយសាតែប្រាក់ចំណូលក្នុងស្រុកជួបហានិភ័យទើបនៅខែ១០ ខាងមុខនេះលោកសាយ សៀរ៉ា ត្រៀមចេញទៅច្រៀងសម្ដែងនៅប្រទេសបារាំងរយៈពេល១ខែ ជាមួយលោកហេង ប៊ុនលាភ និងកញ្ញាអ៊ឹង និមល ។លោកថាតាមគម្រោងក្រោយបញ្ចប់ការច្រៀងនៅបារាំង លោកត្រៀមចេញទៅច្រៀងសម្ដែងនៅកាណាដា អាមេរិក និងប្រទេសមួយចំនួនទៀតផងដែរ ។

លោកសាយ សៀរ៉ា ថាទាក់ទងរឿងយកប្រពន្ធកូនវិញលោកមិនទាន់គិតគួរនោះទេ ព្រោះពេលនេះប្រឹងរកលុយសិន ខណៈដែលលោកក៍បានសាទរចំពោះលោកយ៉ែម សំអូន ដែលវិលមករកត្រូវរ៉ូវគ្នាជាមួយប្រពន្ធលោកវិញនិងរៀបការជាលើកទី២ផងដែរ ៕
