Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបទល្មើសព្រៃឈើ មានរាល់ថ្ងៃ យូរៗចាប់១

បទល្មើសព្រៃឈើ មានរាល់ថ្ងៃ យូរៗចាប់១

ខេត្តកំពង់ធំ ៖ សមត្ថកិច្ចចម្រុះ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅទីតាំងចំនួន៣ ដោយរឹបអូសឈើជាច្រើនម៉ែត្រគូប កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។ ប៉ុន្តែស្របពេលនោះ មហាជនបានលើកឡើងថា បទល្មើសព្រៃឈើ មានរាល់ថ្ងៃ តែសមត្ថកិច្ចពាក់ព័ន្ធ ឃើញយូរៗចាប់១ ថតបង្ហាញស្នាដៃ ខណ:សកម្មជនការពារព្រៃឈើ បានអះអាងថា នេះគឺជាលទ្ធផលដែលគាត់បានរុករកឃើញ ហើយបានស្នើសុំកម្លាំងសហការពីមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់ជាតិ និងថ្នាក់ខេត្ត បង្ក្រាបបានបទល្មើសព្រៃឈើដ៏ធំ នៅខេត្តកំពង់ធំ នេះ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះ ដឹកនាំដោយលោកវរសេនីយ៍ទោ ឃុន ប៊ុនហួរ មេបញ្ជាការ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយលោក ជា វ៉ាន់ចាន់ អភិបាលរង ខេត្តកំពង់ធំ លោកពៅ សំបូរ ព្រះរាជអាជ្ញារងខេត្តកំពង់ធំ លោកអ៊ិត ភូមិរា អនុប្រធាននាយកដ្ឋានរដ្ឋបាលព្រៃ ឈើ ថ្នាក់ជាតិ។

ប្រភពដដែល បន្តថា ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះ បានធ្វើឡើងនៅទីតាំងចំនួន៣ រួមមាន ៖

១-នៅចំណុចភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ដកហូតឈើប្រណិត ចំនួន៦១ដុំ ប្រភេទសុក្រំ មិនទាន់វាស់វែង និងឃាត់ខ្លួនស្ត្រីម្នាក់ ឈ្មោះជី ណា អាយុ៣៩ឆ្នាំ រស់នៅភូមិខាងលើ យកមកសាកសួរនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម។

២-នៅចំណុចភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ដកហូតឈើប្រណិត ចំនួន ៨៥ដុំ ប្រភេទសុក្រំ មិនទាន់វាស់វែង និងរថយន្ត ១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ស្លាកលេខ ភ្នំពេញ 2R-7835។

៣-នៅភូមិតាឌុប ឃុំបល្ល័ង្ក ដកហូតឈើប្រភេទផ្តៀក និងឈើទាល ចំនួន៤៥សន្លឹក ប្រភេទឈើក្តារកកោះ ៣២សន្លឹក ឈើតាប់កកោះ ចំនួន១២ដុំ ប្រភេទឈើសសរ ១៨ដុំ និងឃាត់ខ្លួនបុរសម្នាក់ ឈ្មោះលាប សេងហុង អាយុ២៩ឆ្នាំ រស់នៅភូមិខាងលើ (ជាមេការ) យកមកសាកសួរនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម។

បន្ទាប់មក នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ ដឹកនាំដោយលោកវរសេ នីយ៍ទោ ឃុន ប៊ុនហួរ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងជំនាញរដ្ឋបាលព្រៃឈើ បានចុះបង្ក្រាបបទល្មើសព្រៃឈើ នៅចំណុចភូមិជ័យមង្គល ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មួយកន្លែងទៀត។ ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់រថយន្ត ១គ្រឿង  ម៉ាកហ៊ីយ៉ាន់ដាយ ៣ភ្លៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0306 ដឹកឈើចម្រៀក ប្រភេទឈើផ្តៀក និងឈើទាល ចំនួន ១រថយន្តពេញ (ពុំទាន់វាស់វែងនៅឡើយ)។

ពាក់ព័ន្ធការបង្ក្រាបបានបទល្មើសព្រៃឈើខាងលើនេះ សកម្មជនការពារព្រៃឈើ លោកតាន់ គឹមសួរ បានអះអាង នេះជាលទ្ធផលដែលលោកបានរុករកឃើញ ទើបលោកបានស្នើកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញ ចុះបង្ក្រាបបាន។

លោកតាន គឹមសួរ បានបង្ហោះរូបភាពនិងសំណេរ ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ថា «នេះគឺជាលទ្ធផលដ៏ធំធេងមួយ ដែលខ្ញុំបានរុករកឃើញ ហើយបានស្នើសុំកម្លាំងសហការពីមន្ត្រីរដ្ឋបាលព្រៃឈើ ថ្នាក់ជាតិ រួមជាមួយថ្នាក់ខេត្តកំពង់ធំ បង្ក្រាបបាននូវបទល្មើសព្រៃឈើដ៏ធំ នៅខេត្តកំពង់ធំ។ ទាំងនេះគឺសុទ្ធសឹងតែជាប្រភពឫសគល់នៃវិនាសកម្មព្រៃឈើ នៅតំបន់ព្រៃឡង់ (សុំទោសព្រៃឡង់ ដែលខ្ញុំមកយឺតបន្តិច)។ ករណីទាំងនេះ ក៏ខ្ញុំបានធ្វើការរាយការណ៍ជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយ ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដូចគ្នា ហើយក៏ទទួលបាននូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេច ផងដែរ ដើម្បីធ្វើយ៉ាងណា បង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិនេះឲ្យបានប្រសិទ្ធភាព។ សូមផ្ដាំទៅមន្ត្រីដែលកំពុងតែសម្រួលលើករណីនេះ ឲ្យបានជ្រាបថា កុំព្រហើន!!! ប្រយ័ត្នសូម្បីតែតំណែង ក៏មិនអាចរក្សាបាន ថែមទាំងជាប់ទោសជាជនក្បត់ជាតិទៅទៀត។ ដឹងទេថា រាជរដ្ឋាភិបាល មិនចូលចិត្តអាណាដែលខូចទេ? ពួកយើងកំពុងតែរង់ចាំមើលថា តើចំណាត់ការរបស់តុលាការ យ៉ាងណាទៅលើករណីនេះ ឧក្រិដ្ឋជនព្រៃឈើ ដែលខ្ញុំបានបោះអត្តសញ្ញាណឲ្យទាំងនេះ នឹងរួចទោសឬយ៉ាងណា? ខ្ញុំបង្ហាញរូបភាពទាំងនេះត្រឹម ២០% តែប៉ុណ្ណោះ»។

លោកតាន់ គឹមសួរ បានបង្ហោះរូបភាពនិងសំណេរបន្ថែម នៅថ្ងៃដដែលនោះថា «ឡាននេះចេះបំបាំងកាយ ឬអាចបត់ដាក់ហោប៉ៅបាន ទើបអាចយកចេញពីព្រៃឡង់ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ (កាត់មុខទីស្នាក់ការចាំយាមរបស់បរិស្ថាន រដ្ឋបាលព្រៃឈើ ប៉ូលិស ប៉េអឹម) កាត់ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្រុកចម្ការលើ ខេត្តកំពង់ចាម ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងចេញទៅប្រទេសវៀតណាម (ឆ្ងល់ថា ហេតុអ្វីឆ្លងគយ ចេញតាមច្រកវៀតណាមបាន?)។ អស្ចារ្យ សហការគ្នាជាប្រព័ន្ធបានល្អណាស់ មានអ្នកបើកសម្រួលផ្លូវ មានអ្នកបិទគូទ មានអ្នកជិះមើលផ្លូវមុន»៕

RELATED ARTICLES