ខេត្តព្រះសីហនុ ៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ថ្មីៗនេះ មានគណនី TikTok ឈ្មោះ @bodyn94 បានបង្ហោះដោយនិយាយថា “បងប្អូនអ្នកនៅកំពង់សោម ហាស ជិះម៉ូតូមកដល់មុខពេទ្យ អាmកន្លែងពេទ្យគេលក់បាយស៊ីហ្នឹង អឺមើលៗផង ចោរយាមឡើងពេញផ្លូវ ចោរហាស ចោរឡើងពេញផ្លូវ រាល់ថ្ងៃរាល់យប់ អាអត់មួក អត់កញ្ចក់ ដឹងតែគ្រប់ទឹករបស់ចោរហើយ នៅនេះ ប៉ូលិសចរាចរណ៍ដូចចោរចឹង អើតលើមៗពេញផ្លូវ អស់ហើយ ទៅណាក៏អត់បានដែរ ពូកែម៉ងអាខាងចាប់យកលុយហ្នឹង ច្បាប់ក្តអីគេទេ ប្រយ័ត្នបងប្អូនជិះមកដល់ហ្នឹងហាស”។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជម្រាបជូនថា ចំពោះការបង្ហោះវីដេអូ ព្រមទាំងមានសំឡេងប្រមាថមកលើនគរបាលចរាចរណ៍ផ្លូវគោក ដូចការរៀបរាប់របស់គណនី TikTok ឈ្មោះ @bodyn94 គឺជាព័ត៌មានមិនពិត និងធ្វើឱ្យមានការភាន់ច្រឡំ ប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ជាខ្លាំង ជាពិ សេសកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ដែលកំពុងតែអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដើម្បីសំដៅកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ។
ស្នងការដ្ឋាននគរបាលខេត្ត បានឱ្យកម្លាំងជំនាញ ទូរស័ព្ទទាក់ទងទៅគណនី TikTok ខាងលើ និងចុះទៅដល់ទីតាំងគាត់ ដើម្បីអញ្ជើញម្ចាស់គណនីខាងលើ មកបំភ្លឺ តែត្រូវបានម្ចាស់គណនី ចាកចេញទៅបាត់៕