Friday, September 20, 2024
Homeតារាខ្មែរប៉ាច គីមមួយ ៖ថានៅមានក្ដីសុខជាមួយទ្រនុំចាស់

ប៉ាច គីមមួយ ៖ថានៅមានក្ដីសុខជាមួយទ្រនុំចាស់

ភ្នំពេញ៖តារាចម្រៀងប៉ាច គីមមួយ បានជ្រកនៅហង្សមាសរយៈពេល១០ឆ្នាំហើយ ដែលរូប​នាង​​ស្ថិតក្នុងចំណោមស្រីស្អាតម្នាក់នៅទ្រនុំនេះ មានទីផ្សារចម្រៀងគួរសមព្រោះអាច​ច្រៀង​ទាំងបទខ្មែរ ភាសារអង់គ្លេស និងចិន ផងដែរ ។ប៉ុន្ដែតាំងពីលោកព្រាប សុវត្ថិ ដើរចេញពីហង្ស​មាសកាលពីឆ្នាំ២០២០ នោះធ្វើឲ្យគីមមួយ បាត់បង់ជំនួយព្រោះអំឡុង​ពេលដែលនាង​សម្ដែង​MV ជាមួយលោកសុវត្ថិ ទទួលបានការគាំទ្រច្រើនដូចជាបទ«មាន់ស្រែបន្លែស្រស់ »  និងបទ​«កា​ឌឹប​ៗ​ដាក់ »ជាដើម ។ប្រភពបានឲ្យដឹងថាគីមមួយ អាចនឹងដើរចេញពីហង្សមាស​ដូចមិត្ត​រួម​​ក្រុមរបស់នាងដែលថ្មីៗនេះពួកគេបន្ដកន្ទុយគ្នាចេញពីផលិតកម្មធំនេះ ព្រោះគីមមួយ ក៍គ្មាន​បទចម្រៀងដិតដល់លើទីផ្សារដែរ ។

ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៩ កញ្ញា គីមមួយ វាចាថានាងមិនទៅណាពី​ហង្សមាសទេ គឺនៅតែបន្ដធ្វើការឲ្យផលិតកម្មនេះជាធម្មតា បើទោះជាពេលនេះនាងច្រៀង​ដោយ​គ្មានកុងត្រាក្ដី។គីមមួយ ថ្លែងថា «ខ្ញុំច្រៀងនៅហង្សមាសអត់កុងត្រា ៥ឆ្នាំ ហើយ តែខ្ញុំ​នៅធ្វើការឲ្យផលិតកម្មធម្មតា ។ ខ្ញុំគ្មានគម្រោងចេញពីផលិតកម្មឆាប់ៗទេ និយាយទៅ​យើង​នៅ​មានក្ដីសុខ អត់បញ្ហាអីចោទទេ ធ្វើការរាល់ថ្ងៃ » ។

ទាក់ទងរឿងតារាហង្សមាសម្រុកចេញពីផលិតកម្មមួយនេះយ៉ាងគំហ៊ុកនៅឆ្នាំ២០២៤ នេះប៉ាច គីមមួយ ថានាងមិនបានដឹងរឿងអីទេ ព្រោះរវល់ធ្វើការរៀងៗខ្លួន។នាងថានៅ​រដូវ​ធ្លាក់​ភ្លៀងនេះក៍នាងនៅតែចេញច្រៀងតាមបណ្ដាកម្មវិធីទាំងឡាយជាហូរហែផងដែរតាមPub និងក្រុមហ៊ុនមួយចំនួន ។ប៉ុន្ដែនាងថាសម្រាប់បុណ្យភ្ជុំបិណ្ឌឆ្នាំនេះនាងគ្មានបទ​ចម្រៀង​ប្រពៃ​ណីខ្មែរ​ចេញ​ឡើយ ព្រោះរៀបចំមិនទាន់ ខណៈដែលបទសម័យវិញថ្មីៗនេះនាងក៍ទើបបាន​ចេញបានខ្លះ​ដែរ ។

ប៉ាច គីមមួយ អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី១បានក្លាយជាតារា​ហង្ស​​មាស​កាលពីឆ្នាំ២០១៤ ហើយនាងក៍ឈានទៅថតភាពយន្ដជាបន្ដបន្ទាប់ផងដែរ ស្រប​ពេល​ដែលលែងមានឱកាសសម្ដែងជាមួយលោកព្រាប សុវត្ថិ នោះនាងបានងាកមកចាប់ដៃគូ​ជា​មួយគូដណ្ដឹងរបស់នាងលោកសយ រតនៈ តែម្ដងក្រោយពីពួកគេបានភ្ជាប់ពាក្យ​ជាមួយគ្នា​កាល​​ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ។

 ប៉ាច គីមមួយ បន្ថែមថាពេលនេះនាងបានផ្អាកថតភាពយន្ដមួយរយៈទៅហើយ ដោយ​ផ្ដោតលើចម្រៀងសិន តែនឹងឆ្លៀតថតរឿងវិញនៅពេលមានពេលគ្រប់គ្រាន់។នាង​ថាមិន​បារម្ភ​ខ្លាចគ្មានបទចម្រៀងចេញដិតដល់លើទីផ្សារនោះទេ ព្រោះពេលចេញច្រៀងConcerts ថ្មីៗ​នេះនាងយកបទចាស់ល្បីៗ បូកបទថ្មីៗខ្លះ តំណើរការបានធម្មតា ។

 ទាក់ទងរឿងរៀបការជាមួយលោកសយ រតនៈ វិញប៉ាច គីមមួយ ថានាងមិនអាចប្រាប់​ថ្ងៃខែឆ្នាំណាបានទេ ព្រោះចង់ធ្វើឲ្យSurprise ដល់Fan របស់នាង ​ប៉ុន្ដែកម្មវិធីនោះនាងប្រាកដ​ជា​ធ្វើ ដោយមិនចង់ពន្យាពេលច្រើនឆ្នាំឡើយ ។ដោយឡែកលោកសយ រតនៈ វិញធ្លាប់ប្រាប់​អ្នក​យក​ព័តមានយើងថាទោះជាមង្គមការរបស់លោកនិងអូនគីមមួយ អត់ទាន់កំណត់ក្ដី ប៉ុន្ដែ​ពេល​នេះរូប​លោកនិងគូដណ្ដឹងចិត្ត១ថ្លើម១និងគ្នាហើយ ពោលគឺរស់នៅក្រោមដំបូលតែ១ ។

 ក្រៅពីប៉ាច គីមមួយ តារាយកប្ដីជាតារាដូចគ្នាមានដូចជាអ្នកនាងគង់ សុជាតិ ,គង់ ច័ន្ទស្រីមុំ ,ទេព បូព្រឹក្ស ,យក់ ថឹតរដ្ឋា ,និងខាត់ សុឃីម ជាដើម ៕

RELATED ARTICLES