Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមហោ សុខុន ត្រូវបានចា.../ប់ខ្លួន

ហោ សុខុន ត្រូវបានចា…/ប់ខ្លួន

ភ្នំពេញ ៖ សមត្ថកិច្ចបានចាប់ខ្លួនលោកហោ សុខុន អតីតព្រះចៅអធិការវត្តច្បារអំពៅ និងជាអតីតសកម្មជនគណបក្សប្រឆាំង (គណបក្សភ្លើងទៀន) និងមនុស្ស៣នាក់ផ្សេងទៀត ដែលរស់នៅជាមួយលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ។

 បើតាមការបញ្ជាក់ពីប្អូនប្រុសលោកហោ សុខុន ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឺងថា បងប្រុសរបស់ខ្លួន និងមនុស្ស ៣នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ទាំងគ្មានដីកាតុលាការ ។ ប្អូនប្រុសរូបនេះ បន្តថា កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ មានមន្រ្តីនគរបាលជាច្រើននាក់ បានទៅឡោមព័ទ្ធផ្ទះជួលរបស់លោកហោ សុខុន នៅម្ដុំផ្សារក្រមួន ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ។ ក្រោយពីឡោមព័ទ្ធ សមត្ថកិច្ចបានគោះទ្វារផ្ទះ ចូលចាប់ក្រៀក វ៉ៃខ្នោះដល់ក្នុងផ្ទះភ្លាមៗ លើលោកហោ សុខុន  និងមនុស្ស៣នាក់ទៀត យកទៅ បាត់តែម្ដង ។ មកដល់ពេលនេះ ខ្លួននិងក្រុមគ្រួសារ មិនទាន់ដឹងពីមូលហេតុនៃការចាប់ខ្លួនបងប្រុស ហោ សុខុន ពីបទអ្វី និងទីតាំងដែលសមត្ថកិច្ចយកទៅឃុំខ្លួននោះទេ ។ ប៉ុន្តែខ្លួនយល់ថា មូលហេតុដែលសមត្ថកិច្ចចាប់ខ្លួនបងប្រុសរបស់ ទំនងខឹងលោកហោ សុខុន ប្រកាសមិនគាំទ្រត្រកូនហ៊ុន ក្នុងការដឹកនាំប្រទេស និងរឿងប្រកាសមិនគាំទ្រការរៃអង្គាសលុយពីប្រជាពលរដ្ឋ យកទៅកសាងផ្លូវតាមក្រវាត់ព្រំដែន ។ 

 មនុស្ស៤នាក់ ដែលសមត្ថកិច្ចចាប់ខ្លួននោះ រួមមាន ១. លោកហោ សុខុន អតីតព្រះចៅអធិការវត្តច្បារអំពៅ ២. លោកវ៉ា រ៉ាស៊ី អ្នករស់នៅជាមួយលោក និងមិត្តភក្ដិរបស់លោក ២នាក់ទៀត ។

 គួររំលឹកថា លោកហោ សុខុន អតីតព្រះចៅអធិការវត្តពោធិ៍ព្រះបាត្រ ហៅវត្តច្បារអំពៅ និងមានឋានៈជាទីប្រឹក្សាសម្តេចសង្ឃរាជ បានសុំលាចាកសិក្ខាបទ ក្រោមហេតុផលថា អស់និស្ស័យជាសង្ឃ។ យ៉ាងណាក៏ដោយ ការលាចាកសិក្ខាបទរបស់អតីតចៅអធិការវត្តច្បារអំពៅ ហោ សុខុន គឺកើតឡើងក្រោយពីសរសើរសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលស្តាប់ទៅ ការសរសើរនោះ ហាក់មានលក្ខណៈលើកកម្ពស់ខ្លាំងពេក រហូតដល់សម្តេច ស ខេង ឆ្លើយតបថា សម្តេច មិនហ៊ានទទួលយកទេ។ សម្តេច ស ខេង ថែមទាំងយល់ថា ការសរសើររបស់អតីតព្រះចៅអធិការវត្តរូបនេះ ហាក់មានន័យបំបែកបំបាក់ទៅវិញ ។

 ៣ឆ្នាំក្រោយលាចាកសិក្ខាបទពីវិស័យព្រះពុទ្ធសាសនា អតីតព្រះចៅអធិការវត្តច្បារអំពៅ ហោ សុខុន បានចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន ដោយលោកត្រូវបានតែងតាំងជាសមាជិកក្រុមការ ងារបណ្ដោះអាសន្នគណបក្សភ្លើងទៀន នៅខេត្តកំពង់ធំ។ ប៉ុន្តែក្រោយមក នៅពេលដែលគណបក្សភ្លើងទៀន មិនបានចូលរូមប្រកួតប្រជែងការបោះឆ្នោត ហើយសកម្មជនគណបក្សប្រឆាំងមួយនេះ ត្រូវរងការចាប់ខ្លួន និងការគំរាមកំហែងតាមផ្លូវច្បាប់ ក៏ដូចជាសកម្មជនបក្សប្រឆាំងជាច្រើនទៀត បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា ) ហើយត្រូវបានគណបក្សទទួលស្វាគមន៍ និងផ្ដល់តំណែងទាំងនៅក្នុងបក្ស និងក្នុងរាជរដ្ឋាភិបាល ជាបន្តបន្ទាប់នោះ លោកហោ សុខុន បានសរសេរលិខិត បង្ហោះ តាមទំព័របណ្តាញសង្គម ហវេសប៊ុក របស់ខ្លួន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំ ណាច និងបម្រើត្រកូលហ៊ុន ជាពិសេសបម្រើសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ប៉ុន្តែដោយសាររង់ចាំអស់ពេល ១ខែ មិនឃើញគណបក្សកាន់អំណាច ក៏ដូចសម្ដេចហ៊ុន សែន ឆ្លើយតប ទទួលយកការសុំចូលរួមបម្រើនយោបាយ ដូចសកម្មជនប្រឆាំងដទៃទៀត  ទើបលោកហោ សុខុន បានប្រកាសស្បថ មិនបម្រើសម្តេចហ៊ុន សែន និងត្រកូលហ៊ុន ទាំងជាតិនេះ និងគ្រប់ជាតិ ដោយលោកបានងាកមកប្រឆាំងនឹងគណបក្សកាន់អំណាច និងសម្ដេចហ៊ុន សែន វិញ ។

ចាប់តាំងពីពេលនោះមក អន្ទិត ហោ សុខុន តែសរសេរ និងនិយាយតាមទំព័រ និងគណនីបណ្តាញសង្គម របស់ខ្លួន ផ្តល់គំនិតដល់អ្នកនយោបាយនៃគណបក្សនានា ដោយបញ្ជាក់ថា ប្រសិនបើយកគំនិតបញ្ញារបស់លោក ទៅអនុវត្ត ក្នុងរយៈពេលបីខែហើយ គ្មានប្រសិទ្ធភាពទេ គ្មានសង្ឃឹមឈ្នះឆ្នោតទេ រូបលោកស្ម័គ្រចិត្តដុតខ្លួនឯង បូជាជីវិតចំពោះការទទួលខុសត្រូវ និងបូជាជីវិតចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជាមួយគ្នានេះ អន្ទិត ហោ សុខុន បានព្រមានថា បើមេខ្លោងឃាតករណាបញ្ជាគេឲ្យសម្លាប់លោកនៅថ្ងៃណាមួយ ដាច់ខាតត្រូវតែទទួលបាបកម្មបច្ចុប្បន្នទាន់ហន់ផ្ទាល់ភ្នែក មើលឃើញភ្លាមៗ ហើយលោកនឹងតាមចងពៀរគ្រប់ជាតិទៀតផង។

ជាក់ស្តែង កាលពីចុងខែសីហា ឆ្នាំ២០២៤ លោកហោ សុខុន បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោកថា «ចាំមើលខ្ញុំចាប់ផ្តើមរិះគន់ចំណុចដឹកនាំខុស ចំណុចដឹកនាំខ្វះចន្លោះ ចំណុចដឹកនាំខាតប្រយោជន៍ជាតិ និងរឿងអយុត្តិធម៌សង្គម ដែលកើតឡើងក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងសម្តេចឪនាយករដ្ឋមន្ត្រី ដែលជាប្រធានព្រឹទ្ធសភាព បច្ចុប្បន្ននេះ ចាំមើលចាប់ពីថ្ងៃផុសបង្ហោះប្រកាសនេះទៅ ចាំមើលថា មានអ្នកលាបពណ៌ ប្តឹងខ្ញុំដាក់គុក ឬអត់? ជាពិសេស ចាំមើលថា តើខ្ញុំត្រូវបានមេខ្លោងឃាតករ បញ្ជាគេឲ្យសម្លាប់ខ្ញុំឬអត់? សូមរង់ចាំមើលទាំងអស់គ្នា!»។

 លោកហោ សុខុន សរសេរបន្តថា «បញ្ជាក់ បើតាមសមត្ថភាពពិតរបស់ខ្ញុំ ជាពិសេសចំណេះដឹងផ្លូវលោក ចំណេះដឹងផ្នែកច្បាប់ និងចំណេះដឹងផ្លូវធម៌ ដែលបែកបញ្ញាកម្រិតអ្នកប្រាជ្ញផងកម្រិតមនុស្សទេពរបស់ខ្ញុំផង ខ្ញុំជឿជាក់ថា ក្នុងមួយជីវិតនេះ ទោះបីខ្ញុំនិយាយរាល់ថ្ងៃ ដល់ៗ ខ្លាំងៗ ចំៗ ក៏មិនអាចខុសច្បាប់ សូម្បីម្តងឡើយ នេះបើតាមសច្ចភាពនៃកម្រិតសមត្ថភាពបញ្ញារបស់ខ្ញុំ មានតែការលាបពណ៌ប៉ុណ្ណោះ ទើបចោទខ្ញុំថា ខ្ញុំខុស ច្បាប់ តែក្នុងលោកនេះ គ្មានបុគ្គលណាម្នាក់ដែលលាបពណ៌ចំពោះខ្ញុំ ហើយចំណេញប្រយោជន៍នោះទេ បុគ្គលដែលផ្តើមគំនិត ឬបុគ្គលដែលនៅពីក្រោយគំនិតលាបពណ៌ ឬបុគ្គលដែលទទួលប្រយោជន៍ពីការលាបពណ៌ ឬជាពិសេសបុគ្គលរូបណាដែលមានឥទ្ធិពលធំជាងគេក្នុងការរៀបរឿងគ្រប់យ៉ាងក្នុងការលាបពណ៌ចំពោះរូបខ្ញុំ ទៅថ្ងៃអនាគត ដូចជាប្តឹងខ្ញុំដាក់គុក ជាដើម ដាច់ខាតត្រូវតែវិនាសក្នុងបច្ចុប្បន្នទាន់ហន់ ផ្ទាល់ភ្នែកមើលឃើញ»។

អន្ទិត ហោ សុខុន សរសេរបន្តថា «សូមជម្រាបថា នៅក្នុងលោកនេះ ជាពិសេសនៅក្នុងប្រទេសកម្ពុជា នេះ គ្មានមេខ្លោងឃាតករណាបញ្ជាគេឲ្យសម្លាប់ខ្ញុំនៅថ្ងៃណាមួយហើយយករួចខ្លួនបានទេ ប្រសិនបើបញ្ជាគេឲ្យសម្លាប់ខ្ញុំហើយ ដាច់ខាតត្រូវតែទទួលបាបកម្មបច្ចុប្បន្នទាន់ហន់ ផ្ទាល់ភ្នែកមើលឃើញភ្លាមៗ។ ខ្ញុំមិនខ្លាចមេខ្លោងឃាតករសម្លាប់នោះទេ ខ្ញុំខ្លាចតែមេខ្លោងឃាតករ មិនហ៊ានសម្លាប់តើ! បញ្ជាក់ ៖ ខ្ញុំបានត្រៀមចិត្ត ខ្ញុំបានត្រៀមខ្លួន ខ្ញុំបានត្រៀមបញ្ញា ដើម្បីវាយបកទាមទារសំណងកម្មចំពោះការជាប់គុកដោយអយុត្តិធម៌ ចំពោះការបញ្ជាសម្លាប់ អំពីសំណាក់មេខ្លោងឃាតកររួចរាល់អស់ហើយ។ សូមចងចាំថា ខ្ញុំ ហោ សុខុន ជាអ្នកប្រាជ្ញ មួយរូប ដែលមិនអាចឲ្យបុគ្គលណាម្នាក់បំពានខ្ញុំ ក្នុងទ្រង់ទ្រាយធំណាមួយដែលខ្ញុំមិនអាចទទួលបាននោះទេ ដូចជាប្រសិនបើជាប់គុក ដោយអយុត្តិធម៌ និងការបញ្ជាសម្លាប់រូបខ្ញុំជាដើម ពីព្រោះខ្ញុំជាអ្នកប្រាជ្ញផង ជាមនុស្សទេពកម្រិតខ្ពស់ផង ខ្ញុំជាឥសីព្រហ្មទេព មកចាប់កំណើតផង»។

លោកហោ សុខុន សរសេរបន្តទៀតថា «បញ្ជាក់ម្តងទៀត ខ្ញុំមិនខ្លាចមេខ្លោងឃាតករសម្លាប់ខ្ញុំនោះទេ ខ្ញុំខ្លាចតែមេខ្លោងឃាតករ មិនហ៊ានសម្លាប់តើ! ពីព្រោះថាប្រសិនបើបញ្ជាគេសម្លាប់ខ្ញុំហើយ គឺលទ្ធផលទទួលបាបកម្មបច្ចុប្បន្នទាន់ហន់ ផ្ទាល់ភ្នែកមើលឃើញភ្លាមៗ ប្រសិនបើពេលនោះ នឹងឃើញមុខ ស្គាល់ឈ្មោះ ស្គាល់ត្រកូលរបស់មេខ្លោងឃាតករហើយ។  បញ្ជាក់ ៖ បច្ចុប្បន្ន ម៉ោងនេះ ខ្ញុំជាប្រជាពលរដ្ឋម្នាក់ដែលឯករាជ្យ ដែលមានគោលជំហរយ៉ាងមុតមាំបំផុតក្នុងចូលរួមជួយលើកស្ទួយលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ ខ្ញុំជាពលរដ្ឋមួយរូបមែន តែខ្ញុំមានសិទ្ធិជាម្ចាស់របស់ប្រទេសកម្ពុជា មួយរូបផងដែរ ខ្ញុំមានសិទ្ធិគ្រប់យ៉ាងក្នុងការចូលរួមការពារ ប្រយោជន៍របស់សង្គមជាតិ ជាពិសេសចូលរួមជួយគិតគូរប្រយោជន៍របស់ពលរដ្ឋខ្មែរ»៕ កុលបុត្រ

RELATED ARTICLES