ខេត្តកំពត ៖ មន្ត្រីជំនាញនៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ នៃក្រសួងបរិស្ថាន បានឱ្យដឹងថា ផូស៊ីលស្លឹកឈើថ្មី មួយកន្លែងទៀត ត្រូវបានរកឃើញនៅលើភ្នំកកេះ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត ហើយនេះជាផូស៊ីលទី ៦៧ ជាប្រភេទផូស៊ីលស្លឹកឈើបុរាណ ដែលមានអាយុកាល ចន្លោះ ពី៦៥-១៥០ឆ្នាំ។

លោកលីម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថា ការរកឃើញស្ថានីយផូស៊ីលស្លឹកឈើថ្មីមួយ នៅភ្នំកកេះ នេះ គឺស្ថិតក្នុងបរិវេណប្រហែលជាង ១០០ម៉ែត្រ ប៉ុន្តែវាត្រូវ បានកប់ក្នុងស្រទាប់ថ្ម ដោយក្រុមការងារបានរកឃើញតែផ្នែកខ្លះប៉ុណ្ណោះ។ ផូស៊ីល ដែលរកឃើញមានសណ្ឋានជាដើមប៉ប្រក និងរុក្ខជាតិមួយចំនួនផ្សេងទៀត។ បច្ចុប្បន្នមិនទាន់មានអ្នកជំនាញណាម្នាក់សន្និដ្ឋាន និងអាចផ្តល់ព័ត៌មានលម្អិតពីស្ថានីយផូស៊ីល នេះឡើយ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៦ឆ្នាំ នៃសកម្មភាពសិក្សាស្រាវជ្រាវ អ្នកជំនាញ បានរកឃើញស្ថានីយផូស៊ីល សរុបចំនួន ៦៧ស្ថានីយ ក្នុងនោះមានផូស៊ីលឈើ ១៤ស្ថានីយ ផូស៊ីលសត្វសមុទ្រ ៤៥ស្ថានីយ ផូស៊ីលសត្វទឹកសាប ២ស្ថានីយ ផូស៊ីលដានជើងសត្វ ៣ស្ថានីយ ផូស៊ីលដាយណូស័រ ១ស្ថានីយ និងផូស៊ីលស្លឹកឈើ ១ស្ថានីយ។ ស្ថានីយផូស៊ីល ទាំង៦៧ស្ថានីយ មានទីតាំងស្ថិតនៅខេត្តបន្ទាយមានជ័យ បាត់ដំបង កោះកុង ពោធិ៍សាត់ និងកំពត៕




