Wednesday, November 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពាក់មី ឡានធំ.../កៀរ បាន៤០០ដុល្លារ

ពាក់មី ឡានធំ…/កៀរ បាន៤០០ដុល្លារ

ភ្នំពេញ ៖ រថយន្តធុនធំ ១គ្រឿង បានបើកកៀររថយន្តទំនើប ១គ្រឿង ម៉ាក  Lexus LX-570 KURO របស់តារាកំប្លែងល្បីឈ្មោះ លោកចែម ចាន់រ៉ា ហៅនាយពាក់មី បណ្តាលឱ្យរងការខូចខាត បែកចង្កៀងមុខរួចព្យា យាមបើករត់គេច តែត្រូវក្រុមការងាររបស់នាយពាក់មី ប្រដេញតាមឃាត់ជាប់ ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ សម្របសម្រួលឱ្យភាគីទាំងសងខាងចរចាគ្នាអស់ពេលរាប់ម៉ោង ទើបឈានដល់ដំណោះស្រាយ ដោយភាគីបង្កហេតុ បានសងសំណងទៅនាយពាក់មី ចំនួន៤០០ដុល្លារ ដើម្បីបញ្ចប់រឿង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ហៅផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចខាងត្បូងផ្លូវរថភ្លើង ខ្សែភ្នំពេញ-បាត់ដំបង កែងផ្លូវបង្គោលភ្លើង ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តទំនើប ១គ្រឿង ម៉ាក Lexus LX-570 KURO ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា PEKMI 007 ដែលគេស្គាល់ច្បាស់ថាជារថយន្តរបស់តារា កំប្លែងល្បីឈ្មោះ នាយពាក់មី បើកបរក្នុងទិសដៅពីជើង ទៅត្បូង ប៉ុន្តែនាយពាក់មី និងភរិយា មិនបានជិះក្នុងរថយន្តនោះទេ គឺជិះរថយន្តផ្សេង ដោយរថយន្តទំនើប Lexus LX-570 KURO ១គ្រឿងនោះ ដឹកតួសម្តែង ដែលជាកូនក្រុមរបស់នាយពាក់មី។

ប្រភពដដែល បន្តថា អំឡុងពេលនោះ នាយពាក់មី និងក្រុមរបស់គាត់ មានគោលដៅចេញទៅថតសម្តែង នៅជិតបញ្ជរបង់ប្រាក់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ស្ថិតនៅក្នុងភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំ ១គ្រឿង ម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-8112 បើកបរស្របគ្នាទៅពីក្រោយ បានវ៉ាជែងខាងឆ្វេងរថយន្តនាយពាក់មី លុះពេលវ៉ាជិតផុត រថយន្តធុនធំនោះ បានគេចជង្ហុក ធ្វើឱ្យកន្ទុយរ៉ឺម៉ករថយន្តធុនធំវ័ធកៀររថយន្តនាយពាក់មី បែកចង្កៀង និងក្រពឹតថ្ពាល់ខាងឆ្វេង ព្រមទាំងឆ្កូតថ្នាំ។ ភ្លាមនោះ រថយន្តធុនធំបង្កហេតុ មិនបានឈប់ដោះ ស្រាយ និងទទួលខុសត្រូវនោះទេ បែរជាបន្ថែមល្បឿន ព្យាយាមរត់គេចេញពីកន្លែងកើតហេតុ តែត្រូវក្រុមការ ងាររបស់នាយពាក់មី ប្រដេញតាម រហូតដល់ត្រង់ចំណុចខាងត្បូងផ្លូវរថភ្លើង ខ្សែភ្នំពេញ-កំពត ស្ថិតនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ទើបឃាត់រថយន្តបង្កហេតុនោះបាន។

ក្រោយកើតហេតុ នាយពាក់មី និងក្រុមការងារ បានចាកចេញទៅថតសម្តែងតាមផែនការ ដោយទុកអ្នកបើកបររថយន្ត និងតំណាងមួយចំនួន នៅចាំដោះស្រាយគ្នា។ បន្ទាប់មក កម្លាំងសមត្ថកិច្ចប៉ុស្តិ៍សំរោងក្រោម បានចុះទៅកាន់ទីនោះភ្លាមៗផងដែរ ហើយបើតាមតំណាងនាយ ពាក់មី បាននិយាយថា តម្លៃនៃការជួស ជុលរថយន្ត Lexus LX-570 KURO នោះ អស់ជាង១ពាន់ដុល្លារ ប៉ុន្តែនាយពាក់មី បានទារសំណងពីខាងភាគីរថយន្តបង្កហេតុ ត្រឹមតែ៦០០ដុល្លារប៉ុណ្ណោះ។

តាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ច ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ត្រូវបានតំណាងភាគីទាំងសងខាង ចរចាគ្នា តាំងពីក្រោយពេលកើតហេតុ រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃដដែល ទើបឈានដល់ការត្រូវរ៉ូវគ្នា ក្នុងតម្លៃ ៤០០ដុល្លារ ដោយភាគីរថយន្តធុនធំបង្កហេតុ បានយល់ព្រម សងសំណងទៅភាគីរថយន្តនាយពាក់មី ចំនួន៤០០ដុល្លារ។ ចំណែកភាគីនាយពាក់មី ក៏យល់ព្រមទទួល ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕

RELATED ARTICLES