ភ្នំពេញ៖ស្រីស្រស់ចាន់ ឡៃវលក្ខណ៍ បានបើកស្នេហ៍ជាចំហជាមួយកូនធ័មលោកយ៉ែម សំអូន គឺសំអូន ជលសារ ដែលថ្មីៗនេះពួកគេបានជិះយន្ដហោះដើរទៅរឹតចំណងស្នេហានៅក្រៅស្រុកទៀតផង ខណៈដែលអ្នកទាំងពីរបានស្វែងយល់ចិត្តគ្នាតាំងពីឆ្នាំ២០២២ ហើយពេលនេះលែងលាក់លៀមទៀតហើយ ពោលគឺបើកស្នេហ៍ជាចំហ។ទោះជាយ៉ាងណាទាំងឡៃវលក្ខណ៍ និងជលសារ មិនលើកទូរស័ព្ទទេ ទើបមិនអាចដឹងពីគម្រោងពួកគេគ្រោងដឹកដៃគ្នាចូលរោងការនៅពេលណាឡើយ។ចំណែកឪធ័មរបស់ជលសារ គឺលោកយ៉ែម សំអូន វិញនៅមិនច្បាស់លាស់ថានឹងធ្វើសន្និសីទកាសែតពីរឿងកូនធ័មលោក ដឹកដៃគ្នារត់ចោលលោកទៅចាប់ដៃជាមួយលោកអាឡិច ចាន់ត្រា នោះឡើយ ហើយលោកមិនអត្ថាធិប្បាយច្រើនទេ ដោយលើកហេតុផលថាមានអ្នកកាសែតសួរនាំលោកច្រើនពេក ទើបមិនដឹងថាគួរឆ្លើយប្រាប់រឿងនេះទៅស្ថាប័នណាមុនឡើយ ។ប៉ុន្ដែលោកយ៉ែម សំអូន នៅតែឲ្យយោបល់អ្នកយកព័តមានយើងថាគួរតែសម្ភាសន៍កូនធ័មលោកប្រុសក្មេងជលសារ វិញទើបដឹងសេចក្ដី ខណៈដែលគូស្នេហ៍របស់នាងវលក្ខណ៍ រូបនេះអត់ចេះលើកទូរស័ព្ទ ។


សូមបញ្ជាក់ថាចាន់ ឡៃវលក្ខណ៍ ជាតារាចម្រៀងសកម្មម្នាក់ក្នុងក្រុមលោកយ៉ែម សំអូន ត្រូវបានលោកទុកចិត្តលើសពីតារាផ្សេងៗទៀតក្នុងក្រុមដែរ ហើយតាមប្រភពថាលោកសំអូន ក៍បានគាំទ្រឲ្យកូនធ័មលោកនិងនាងស្រលាញ់គ្នាដែរ តែពេលវលក្ខណ៍ និងជលសារ ដើរចេញពីលោកហើយទៅធ្វើការនៅក្រុមហ៊ុនលោកអាឡិច ចាន់ត្រា ដែលជាគូប្រជែងរបស់លោកនោះលោកសំអូន បែជាគាំងនិយាយលែងចេញហើយតាមដំណឹងថាលោកក្ដៅចិត្តហួសថ្លែងទៅវិញ ដែលទំនងជាស្ដាយពេលវេលាបណ្ដុះបណ្ដាលកូនធ័ម ហើយទីបំផុតត្រូវវលក្ខណ៍ ឆក់យកទៅបាត់ហើយ ថែមទាំងធ្វើការប្រជែងជាមួយលោកវិញទៀត ។លោកសំអូន ថារឿងលោកជាមួយជលសារ មិនទាន់ដល់ពេលវេលាដែលលោកត្រូវនិយាយហេតុនេះពេលណាដល់ម៉ោងហើយលោកនឹងឆ្លើយរាល់ចម្ងល់ទាំងឡាយរបស់អ្នកកាសែតដែលចង់ដឹងការពិត ។


សូមបញ្ជាក់ថាចាន់ ឡៃវលក្ខណ៍ ធ្លាប់ស្និតស្នេហ៍ជាមួយតារាចម្រៀងលោកអ៊ាម វន្នី អតីតបេក្ខភាពCambodian Idol រដូវកាលទី១ តែពួកគេបានឃ្លាតពីគ្នាវិញក្រោយពេលលោកវន្នី ប្រកាសមានគូស្នេហ៍។តាមព័តមានថានាងវលក្ខណ៍ មានសម្រស់ទាក់ទាញក្រោយនាងបានកែខ្ទង់ច្រមុះឲ្យខ្ពស់ស្រួច ហើយនាងមានជម្រើសស្នេហ៍ច្រើន តែចុងក្រោយនាងជ្រើសកូនធ័មលោកយ៉ែម សំអូន ទើបធ្វើឪធ័មជលសារ ហាមាត់លែងរួច ។តែប្រហែលជាមិនចង់ឲ្យចាញ់កូនធ័មកំពុងតែមានក្ដីសុខទើបកាលពីថ្ងៃទី១៤ សីហា លោកសំអូន បានរៀបការជាមួយអ្នកនាងយ៉ាន លីនដា លើកទី២ស្ងាត់ៗ នៅទល់មុខពោចិនតុង ដោយហៅតារាជិតដិតមួយចំនួនផង តែលោកមិនអញ្ជើញកូនធ័មចូលរួមពិធីរបស់លោកឡើយ ។

ចាន់ឡៃ វលក្ខណ៍ ធ្លាប់ប្រាប់អ្នកយកព័តមានយើងមុនពេលទាក់ទងលែងបាននេះថានាងមិនចង់និយាយរឿងណាទាក់ទងជាមួយលោកយ៉ែម សំអូន ទេ។ប៉ុន្ដែនាងមិនប្រាប់មូលហេតុនោះទេ ។ដោយឡែកលោកជលសារ វិញពេលនេះកំពុងមានក្ដីសុខហើយលោកហៅវលក្ខណ៍ ថាជា«មេ» ទៀតផង៕

