ភ្នំពេញ ៖ ក្រោយគេចោទថា នៅក្នុងក្រសួងទេសចរណ៍ មានបញ្ហាបក្ខពួកនិយម រដ្ឋមន្ត្រីគប់គិតជាមួយរដ្ឋលេខាធិការជាឪពុកមា កម្ចាត់មន្រ្តីចាស់ ដាក់បក្ខពួកថ្មីចូល ហើយត្រូវបានក្រសួងទេសចរណ៍ ធ្វើការបំភ្លឺ ច្រានចោលរួចមក ពេលនេះរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកអង្គប្រជុំ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់សមាសភាពរាជរដ្ឋាភិបាល ដោយផ្លាស់ប្ដូររដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកសុខ សុកេន ឲ្យទៅកាន់តំណែងថ្មី ជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច ចំណែកលោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ត្រូវបានផ្លាស់ប្តូរមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់លោក ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំនួសលោក សុខ សូកេន ដែលត្រូវរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ បានបញ្ជាក់ថា នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទី រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេចឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ចូលរួមពេលផ្តើមសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ ចំនួន១០៥រូប។ លទ្ធផលគឺបានអនុម័តយល់ព្រមរបៀបវារៈរបស់សម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ស្តីពីការផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប គឺ១. លោកហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ២. លោកសុខ សូកេន ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ចូលរួមចំនួន ១០៦រូប និងទទួលបានលទ្ធផល យល់ព្រម ១០៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
គួររំលឹកថា មុនត្រូវបានរដ្ឋសភា បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ផ្លាស់ប្តូរលោកសុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ទៅកាន់តំណែងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច នេះ រដ្ឋមន្ត្រីវ័យក្មេង ជាកូនប្រុសសម្ដេចសុខ អាន រូបនេះ ត្រូវបានសារព័ត៌មានខេមបូឌាដេលីខ្មែរ ផ្សាយជាបន្តបន្ទាប់ថា មន្ត្រីជាច្រើននាក់ ក្នុងក្រសួងទេសចរណ៍ បានស្នើនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចហ៊ុន ម៉ាណែត ដកតំណែង ដោយចោទថា ដឹកនាំជិត១ឆ្នាំ គ្មានឃើញ ការរីកចម្រើន បានរងការចោទប្រកាន់ថា គប់គិតជាមួយលោក សូ ម៉ារ៉ា រដ្ឋលេខាក្រសួងទេសចរណ៍ ដែលជាឪពុកមា កម្ចាត់មន្ត្រីចាស់ៗដែលស្និទ្ធនឹងអតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន ដើម្បីដាក់បក្ខពួករបស់ខ្លួនចូល ។
ជាក់ស្តែង កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានខេមបូឌាដេលីខ្មែរ បានផ្សាយថា មានមន្ត្រីជាច្រើននាក់ ក្នុងក្រសួងទេសចរណ៍ បានស្នើឱ្យនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចហ៊ុន ម៉ាណែត ដកតំណែងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកសុខ សូកេន ចេញពីតំណែង ព្រោះវិស័យទេសចរណ៍របស់កម្ពុជា អាចនឹងដួលរលំ ដោយសារតែរដ្ឋមន្ត្រីក្រសួងនេះ។
បន្ទាប់មកទៀត នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានដដែល បានផ្សាយថា មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជា ទម្លាយថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកសុខ សូកេន កំពុងគប់គិតជាមួយលោកសូ ម៉ារ៉ា ដែលត្រូវជាឪពុកមាបង្កើតរបស់ខ្លួន រៀបចំល្បិចកលកម្ចាត់មន្ត្រីដែលមិនមែនជាសែស្រឡាយបក្ខពួកខ្លួន ឱ្យអស់ពីក្រសួង ដើម្បីបញ្ចូលមនុស្សថ្មីដែលពួកគេបានរៀបចំទុក។
ទោះបីជាយ៉ាងណា ក្រោយទទួលរងការចោទប្រកាន់ខាងលើនេះ ក្រសួងទេសចរណ៍ បានចេញលិខិតស្រាយបំភ្លឺ ដោយបានបញ្ជាក់ថា បណ្តាញឃោសនានយោបាយ និងផ្សព្វផ្សាយព័ត៌មានខុសច្បាប់ និងអគតិជ្រុលនិយម បានចុះផ្សាយខ្លឹមសារព័ត៌មានមិនពិត ចោទប្រកាន់ដោយបំភ្លៃ គ្មានមូលដ្ឋាន និងមានចេតនាបំពុលសង្គម បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ក្រសួងទេស ចរណ៍។
លិខិតស្រាយបំភ្លឺ របស់ក្រសួងទេសចរណ៍ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ មានខ្លឹមសារទាំងស្រុងថា «ក្រសួងទេសចរណ៍ មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា ៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បណ្តាញឃោសនានយោបាយ និងផ្សព្វផ្សាយព័ត៌មានខុសច្បាប់ និងអគតិជ្រុលនិយម បានចុះផ្សាយខ្លឹមសារព័ត៌មានមិនពិត ចោទប្រកាន់ដោយបំភ្លៃ គ្មានមូលដ្ឋាន និងមានចេតនាបំពុលសង្គម បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង ព្រមទាំងបង្កភាពចលាចលក្នុងក្រសួង និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ក្រសួងទេសចរណ៍។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងទេសចរណ៍ សូមធ្វើការបំភ្លឺ ជូនសាធារណជន ឱ្យបានជ្រាបថា ៖
១. ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ មិនជាប់ជាសាច់ញាតិនឹងគ្នាឡើយ។ ហេតុដូចនេះ សូមសាធារណជន កុំមានការយល់ច្រលំ កុំជឿលើព័ត៌មានដែលមានលក្ខណៈញុះញង់ មូលបង្កាច់ និងមិនមានមូលដ្ឋានច្បាស់លាស់ តាមរយៈការចុះផ្សាយនិងចែករំលែកតាមបណ្តាញសង្គម។
២. ក្នុងរយៈពេលជាង ១ឆ្នាំនេះ ឯកឧត្តមរដ្ឋមន្ត្រី ខិតខំផ្តល់ឱកាសជូនមន្ត្រីដែលមានសមត្ថភាពពេញលេញ និងមិនមានការដកតំណែងមន្ត្រីមួយរូបណាឡើយ ហើយក៏មិនដែលបានធ្វើបាបមន្ត្រី និងមានគំនិតកម្ចាត់មន្ត្រីណាម្នាក់ចេញពីក្រសួងផងដែរ។ ការផ្ទេរចេញរបស់មន្ត្រីក្រសួងទេសចរណ៍ ដែលទទួលបានភារកិច្ចថ្មីនៅស្ថាប័នមួយចំនួន គឺចេញពីការចាត់តាំងនិងជាការសម្រេចចិត្តរបស់មន្ត្រីទាំងនោះ ដែលមិនធ្លុះបញ្ចាំងពីការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី នោះទេ។
៣. ចំពោះការតែងតាំងមុខតំណែងនិងតួនាទីរបស់មន្ត្រី ក្រសួងទេសចរណ៍ តែងតាំងមុខតំណែង និងតួនាទីមន្ត្រី ដោយយោងលើវិជ្ជាជីវៈ គុណសម្បទា និងសមត្ថភាព ព្រមទាំងផ្អែកលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព។ ជាក់ស្តែង ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានបង្កើតគណៈកម្មការវាយតម្លៃ និងតែងតាំងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ដោយមានថ្នាក់ដឹកនាំជាច្រើនរូប ជាសមាជិកនៃគណៈកម្មការនេះ ដោយឆ្លងតាមនីតិវិធីជ្រើសរើសប្រកបដោយតម្លាភាព ជាពិសេសការបើកទូលាយជូនមន្ត្រី និងថ្នាក់ដឹកនាំ ដើម្បីលើកបេក្ខភាពសម្រាប់ប្រអប់ទំនេរ ជូនគណៈកម្មការធ្វើការពិនិត្យនិងសម្រេច។ ក្នុងន័យនេះ ក្រសួង សូមច្រានចោលព័ត៌មានមិនពិតដែលបានចោទដោយគ្មានមូលដ្ឋាន ពីប្រភពព័ត៌មានអគតិនានា ដែលមានរចេតនាបំភាន់សាធារណមតិ។
៤. ក្រសួងទេសចរណ៍ ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការពង្រឹងសមត្ថភាពមន្ត្រីក្រោមឱវាទ និងជំរុញការអភិវឌ្ឍធនធានមនុស្ស លើវិស័យទេសចរណ៍ ប្រកបដោយគុណភាព និងមានតុល្យភាពរវាងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា មនសិការស្នេហាជាតិ និងមនុស្សជាតិ ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការលើកកម្ពស់ការអប់រំប្រកបដោយគុណភាព សមធម៌ និង បរិយាបន្ន ព្រមទាំងការបង្កើនឱកាសទទួលបានការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។
៥. ត្រឹមតែរយៈពេល ១ឆ្នាំប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ត្រី បានខិតខំជំរុញវិស័យទេសចរណ៍ តាមរយៈការគិតគូរជាលក្ខណៈប្រព័ន្ធនិងយុទ្ធសាស្ត្រ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសតាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន។ ជាក់ស្តែង ការដាក់ឱ្យដំណើរការឡើងវិញនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វ ផ្សាយទេសចរណ៍កម្ពុជា និងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយតួអង្គជាតិនិងអន្តរជាតិសំខាន់ៗនានា បាននិងកំពុងដើរតួនាទីយ៉ាងពេញលេញនិងគ្រប់ជ្រុងជ្រោយ ក្នុងការជំរុញនិងអភិវឌ្ឍន៍វិស័យទេសចរណ៍។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងទេសចរណ៍ សូមច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយដោយគ្មានវិជ្ជាជីវៈ របស់បណ្តាញផ្សព្វផ្សាយទាំងឡាយណាដែលមានលក្ខណៈបំភ្លៃការពិត ញុះញង់ឱ្យមានការរើសអើង និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម ស្ថិរភាពនយោបាយ និងកិត្យានុភាពរបស់ក្រសួងទេសចរណ៍។
ជាថ្មីម្តងទៀត ក្រសួងទេសចរណ៍ សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមកុំធ្វើការចែករំលែកព័ត៌មានដែលគ្មានមូលដ្ឋាន និងមានចេតនាបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង ដែលរៀបចំឡើងដោយឧបករណ៍ឃោសនានយោបាយខុសច្បាប់ និងជ្រុលនិយម ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ក្រសួងទេសចរណ៍។ ក្រសួង ក៏សង្ឃឹមយ៉ាងមុតមាំថា មន្ត្រីក្រោមឱវាទក្រសួងទេសចរណ៍ទាំងអស់ នឹងបន្តរូបរួមគ្នាធ្វើការរួមគ្នាដើម្បីជួយលើកស្ទួយវិស័យទេសចរណ៍ ដែលជាវិស័យស្នូលមួយក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ សម្រេចឱ្យបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន»៕ ខៀវទុំ