ភ្នំពេញ៖លោកប៉ុន សុណារិន ហៅខេម ប្រធានក្រុមបាល់ទាត់ តារាកម្ពុជា បានថ្លែងថាលោកសប្បាយចិត្តដែលក្រុមតារាបាល់ទាត់ តារាកម្ពុជាចុះអនុស្សរណៈ កិច្ចសហការណ៍រវាងក្រុមហ៊ុនដៃឯក រយៈពេល១ឆ្នាំដែលជួយផ្គត់ផ្គងដល់ក្រុមកីឡាកររបស់លោកនូវសម្ភារៈកីឡា អាវ ស្រោមដៃ ស្រោមជើង ជាដើម ហើយក្រុមហ៊ុនអាចយករូបក្រុមតារាកម្ពុជាទៅបង្ហោះនៅលើផេកផ្សព្វផ្សាយរបស់ពួកគាត់បាន។លោកយល់ថាដៃឯក គឺជាអ្នកបង្កើតស្នាដៃដល់កូនខ្មែរ ហើយពេលចាប់ដៃគ្នាធ្វើការគាត់មានឱកាសផ្ដល់ការងារដល់ប្រជាជនខ្មែរយើងធ្វើដែរ ។លោកបន្ថែមថាដៃឯក តែងតែចូលរួមសង្គមនិងសប្បុរសធ័មនានា អ្វីដែលយើងបានឃើញ គួបផ្សំតារាបាល់ទាត់កម្ពុជាបង្កើតមកគឺដើម្បីការងារសង្គម និងការងារសប្បុរសធ័មនេះឯង យើងអាចជួយផ្សពផ្សាយពីកីឡាករខ្មែរឲ្យបងប្អូនអាចចូលលេងរួមកីឡាឲ្យបានច្រើនជៀសឆ្ងាយពីគ្រឿងញៀន ។


ក្រៅពីឧបត្ថម្ភឯកសណ្ឋានកីឡាដល់ក្រុមតារាបាល់ទាត់កម្ពុជានោះដៃឯក ស្ព័ត ក៍បានផ្ដល់កុងត្រាថ្មីបន្ថែមរយៈពេល២ឆ្នាំថែមទៀតសម្រាប់តួនាទីជាទូតសុឆន្ទៈ(BA )ជាមួយកីឡាករឈិន ឈឿន ជាគ្រូបង្វឹករបស់ក្រុមតារាបាល់ទាត់កម្ពុជាផងដែរ ដែលកម្មវិធីនេះធ្វើនៅសណ្ឋាគារDara Airport កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។


លោកទួន ច័ន្ទឆោមឆវី នាយកប្រតិបត្តិក្រុមហ៊ុន ដៃឯក អ៊ីមផត អ៊ិចផត បានថ្លែងថាលោកមានកិត្តិយសនិងក្ដីរីករាយខ្លាំងណាស់ ដែលក្នុងថ្ងៃតែមួយបានធ្វើកិច្ចការសំខាន់ពីរ ពោលគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុឆន្ទៈ រវាងក្រុមហ៊ុនដៃឯក ស្ព័ត និងលោកឈិន ឈឿន រយៈពេល២ឆ្នាំ ព្រមទាំងចុះអនុស្សរណៈយោគយល់ស្ដីពីកិច្ចសហការឧបត្ថម្ភឯកសណ្ឋានកីឡារយៈពេល១ឆ្នាំដល់ក្រុមតារាបាល់ទាត់កម្ពុជា។«ដៃឯកស្ពត» គឺជាក្រុមហ៊ុនមួយដែលបង្កើតឡើងដោយកូនខ្មែរអស់រយៈកាលប្រមាណជាង១០ឆ្នាំ ដែលផ្ដោតលើសម្លៀកបំពាក់កីឡា ដោយអតិថិជនអាចធ្វើការរចនាម៉ូតបានតាមចិត្តជាមួយជម្រើសប្រភេទក្រណាត់ជាង១០ប្រភេទ ប្រកបដោយគុណភាព និងត្រូវទទួលស្គាល់ដោយស្ថាប័នអន្ដរជាតិលើគុណភាពសាច់ក្រណាត់។


ចំណែកលោកឈិន ឈឿន ដែលក្លាយទៅជាBA ២ឆ្នាំទៀតរបស់ក្រុមហ៊ុនដៃឯក ស្ព័ត បានឲ្យដឹងថាលោកមានក្ដីរីករាយក្រៃលែង និងជាថ្ងៃពិសេសរបស់លោក ព្រោះក្រុមហ៊ុនមួយនេះជាស្នាដៃរបស់កូនខ្មែរ និងមានទស្សនៈចក្ខុវិស័យវែងឆ្ងាយ ហើយក្រុមហ៊ុនតែងតែជួយលើកស្ទួយដល់វិស័យកីឡា ការឧបត្ថម្ភកីឡាដល់ក្រុមហ៊ុនបាល់ទាត់ជាច្រើននៅក្នុងស្រុកមិនថាអាជីព ឬពាក់កណ្ដាលអាជីព និងក្រុមផ្សេងៗជាច្រើនទៀតចូលរួមឧបត្ថម្ភកីឡាលើសម្លៀកបំពាក់ ទាំងព្រឹត្តិការណ៍អន្ដរជាតិ រួមទាំងកម្មវិធីសប្បុរសធ័មជាច្រើនទៀត។ក្នុងនាមជាBA របស់ដៃឯក ស្ព័ត និងជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់តារាកម្ពុជាលោកសូមអរគុណដល់ដៃឯក ស្ព័ត ដែលបានឧបត្ថម្ភឯកសណ្ឋានដល់ក្រុមបាល់ទាត់តារាកម្ពុជា និងបន្ថែមកុងត្រាជាBA បន្ថែមដល់រូបលោក។


គេឃើញកីឡាកររបស់ក្រុមបាល់ទាត់តារាកម្ពុជាមានការចូលរួមនៅថ្ងៃចុះអនុស្សរណៈ រវាងក្រុមហ៊ុនដៃឯក ស្ព័ត សហការណ៍ជាមួយក្រុមបាល់ទាត់កម្ពុជាដោយមានតារាល្បីៗដូចជាលោកចា រិទ្ធី,គូម៉ា ,ពៅ ពិសិដ្ឋ ,ប៉ែន សំរ៉ុង និងតារាជាច្រើនដូងទៀត។


លោកខេម បន្ថែមថាកន្លងមកក្រុមតារាបាល់ទាត់កម្ពុជាបានចូលរួមធ្វើកិច្ចការសប្បុរសធ័មជាច្រើនមានដូចជាលើកទី១៖នៅខេត្តស្វាយរៀងប្រមូលថវិការបានជាង១៧៦លានរៀលផ្ដល់ទៅមណ្ឌុលកុមារកំព្រានៅខេត្តស្វាយរៀង ,លើកទី២៖នៅខេត្តកំពង់ស្ពឺរកថវិការបានខ្ទង់ជិត២ម៉ឺនដុល្លារជួយដល់ខេត្ត និងលើកទី៣៖ដែលធំជាងគេនោះគឺទទួលបានថវិការ៥លានដុល្លារ ជួយទៅដល់ពេទ្យកុមារអង្គរ ,ពេទ្យបេះដូងជប៉ុន និងមន្ទីពេទ្យគន្ធបុប្ផា ។លោកថានេះគឺជាអារម្មណ៍មួយសប្បាយចិត្តដែលលោកបានចូលរួមធ្វើការងារសប្បុរសធ័មជួយដល់សង្គម ហើយតារាបាល់ទាត់កម្ពុជាកាន់តែសម្រាក់សម្រាំចូលរួមកិច្ចការជួយដល់សង្គម និងការសប្បុរសធ័ម ។លោកថាអ្វីដែលពិសេសនោះនៅថ្ងៃទី២៩ ខែ១២ ខាងមុខនេះក្រុមតារាបាល់ទាត់កម្ពុជា នឹងមានព្រឹត្តិការណ៍ធំមួយទៀតនោះគឺជាព្រឹត្តិការណ៍អបអរនូវទិវាសន្ដិភាពដែលមានការប្រកួតនៅស្តាតមរតកតេជោ ហេតុនេះលោកសំណូមពរឲ្យមហាជនចូលរួមឲ្យបានច្រើនកុះក ដើម្បីទស្សនាការប្រកួតបាល់ទាត់មិត្តភាពអន្ដរជាតិ សប្បុរសធ័ម និងចូលរួមលេងកីឡាដើម្បីជៀសឆ្ងាយពីគ្រឿងញៀន លេងកីឡាដើម្បីសុខភាពទាំងអស់គ្នា ៕




