ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋប្រមាណ ១៤៩គ្រួសារ រស់នៅក្នុងភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននាំគ្នាធ្វើការតវ៉ានៅក្នុងសាលាបុណ្យមួយកន្លែង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ និងផ្តិតមេដៃដាក់ពាក្យបណ្តឹងទៅលោកអភិបាលស្រុកសំរោងទង ដើម្បីឱ្យជួយពិនិត្យនិងអន្តរាគមន៍ទម្លាក់លោក ជា ភីន អាយុជាង៥០ឆ្នាំ ដែលជាមេភូមិ លើកបន្តុបដោយលោកមេឃុំព្នាយ ហើយប្រជាពលរដ្ឋ រស់នៅក្នុងភូមិត្រពាំងតាមាន់មិនពេញចិត្តឡើយ។
លោកហ៊ុយ មុត អាយុ៥១ឆ្នាំ មុខរបរប្រជាការពារភូមិ លោក អ៊ួង ថា អាយុ៤២ឆ្នាំ មុខរបរកសិករ និងអ្នកស្រី ផល សូយ អាយុ៤៦ឆ្នាំ មុខរបរកសិករ អ្នកទាំង៣នាក់ រស់នៅក្នុងភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តំណាងឱ្យប្រជាពលរដ្ឋចំនួន១៤៩គ្រួសារ រស់នៅក្នុងភូមិត្រពាំងតាមាន់ ឃុំព្នាយ បានលើកឡើងស្រដៀងគ្នាថា ពួកគាត់មិនពេញចិត្តចំពោះលោកមេភូមិឈ្មោះជា ភីន ដែលទើបឡើងកាន់ តំណែងជាង១ខែ មកហើយនោះទេ ដោយសារតែលោកមេឃុំព្នាយបានលើកបន្តុបជាសាច់ញាតិរបស់គាត់ផងដែរ។
ប្រជាពលរដ្ឋបានបន្តថា ពួកគាត់ទាំង១៤៩គ្រួសារ កើតទុក្ខមិនសុខចិត្តនោះទេ ដោយសារតែលោកមេឃុំព្នាយបាននិយាយថា រឿងលើក មេភូមិឡើងគឺគាត់ជាអ្នកសម្រេច គ្មានប្រជាជនណាម្នាក់មានសិទ្ធិតវ៉ានោះឡើយ។ កក្តានេះហើយ ទើបធ្វើឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិមិន សប្បាយចិត្ត ក៏ព្រោះថាឈ្មោះជា ភីន នេះ មិន មែនជាអ្នកមានកំណើតនៅក្នុងភូមិត្រពាំងតាមាន់នេះទេ គឺជាអ្នកចំណូលថ្មី។
ពួកគាត់សូមឱ្យអាជ្ញាធរឃុំ ស្រុក ខេត្ត ធ្វើការពិនិត្យនិងពិចារណាឡើងវិញ និងធ្វើការបោះឆ្នោតរៀបចំឱ្យបានត្រឹមត្រូវឡើងវិញផង។ ពួកគាត់មិនជំទាស់នោះទេ បើរៀបចំបោះឆ្នោត ហើយជ្រើសរើសអ្នកណាក៏បានឱ្យតែមានកំណើតកើតនៅក្នុងភូមិត្រពាំងតាមាន់នេះ ពួកគាត់ សប្បាយចិត្តទទួលយកដោយឥតលក្ខខណ្ឌឡើយ។ជុំវិញករណីនេះ អ្នកសារព័ត៌មាន នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោកមេឃុំព្នាយ និងសាមីខ្លួនលោកមេភូមិ ឈ្មោះជា ភីន បាននៅឡើយ កាលពីម្សិលមិញ៕