Friday, October 18, 2024
Homeតារាខ្មែរព្រាប សុវត្ថិ៖ Fan ចង់ឲ្យធ្វើដូច«កញ្ញា »

ព្រាប សុវត្ថិ៖ Fan ចង់ឲ្យធ្វើដូច«កញ្ញា »

ភ្នំពេញ៖ក្នុងអាជីព២៧ឆ្នាំ(១៩៩៧-២០២៤ )លោកព្រាប សុវត្ថិ មានបទចម្រៀងនៅហង្សមាស ជាង៣ពាន់បទ ខណៈដែលជ្រកនៅGalaxy ជាង៤ឆ្នាំ បទចម្រៀងរបស់លោកក៍មាន​ល្បីខ្លះ​ដែរ​​។ប៉ុន្ដែលោកសុវត្ថិ មិនធ្លាប់ភ្លក្សរសជាតិច្រៀងSolo Concert ឡើយ ពោលធ្លាប់តែច្រៀង​Best Of The Best ជាច្រើនលើកច្រើនសារ អំឡុងពេលដែលលោកជ្រកនៅហង្សមាស​។យ៉ាង​ណាដោយសារតែព្រាប សុវត្ថិ មានអាយុជ្រេបន្ដិចទៅហើយ ព្រោះឆ្នាំនេះវ័យ៤៩ឆ្នាំ នោះទើប​ពេល​នេះ​Fan ជម្រុញឲ្យលោកឧកញ៉ាស្នាយ រៀបចំការប្រគុំតន្រ្ដីSolo Concert ដូចឱក សុគន្ធ​កញ្ញា ដែលបានធ្វើកាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២៤ ដែរ ព្រោះថាបទចម្រៀងរបស់​លោក​ចាស់​ៗនៅហង្សមាសមានល្បីជាច្រើនបទ ហេតុនេះបើច្រៀងជិត៤០បទ តែម្នាក់ឯងដូច​សុគន្ធ​កញ្ញា នោះលោកសុវត្ថិ នឹងត្រូវអ្នកគាំទ្រចាប់អារម្មណ៍បទលោកនៅផលិតកម្មចាស់​ជាថ្មីជាមិន​ខាន ខណៈដែលមុននេះអ្នកធ្លាប់ស្រលាញ់គាំទ្រព្រាប សុវត្ថិ មួយចំនួនក៍បានបង្ហាញ​ការខក​ចិត្តចំពោះលោកចេញមុខការពារថៅកែដែរមានអ្នកខ្លះព្រមានធ្វើពហិការ លែងស្ដាប់បទ​ចម្រៀង​របស់លោកថែមទៀតផង ។

 ហ្វេសបុកឈ្មោះវណ្ណ ណារ៉ា បានបញ្ចេញយោបល់ថា«បងប្អូនណាខ្លះដូចខ្ញុំ? សម្រាប់​ខ្ញុំសូមគាំទ្រយ៉ាងពេញទំហ៊ឹងចំពោះកំពូលតារាចម្រៀងព្រាប សុវត្ថិ  ក្នុងការរៀបចំប្រគុំ​តន្រ្ដី​Solo Concert គួរតែមានសម្រាប់បង ព្រោះបទចម្រៀងបងល្បីខ្លាំងគ្រប់ជំនាន់ មិនថាក្មេង​សម័យ​​មុន និងក្មេងជំនាន់ក្រោយ ហើយខ្ញុំហ៊ាននិយាយថាបើសិនជាព្រឹត្តិការណ៍​នោះកើត​ឡើង ខ្ញុំនឹងទៅទិញសំបុត្រមុនគេហើយ ព្រោះអ្វីដែលតែងតែស្រម៉ៃចង់ឃើញIdol ខ្ញុំគាស់​ចម្រៀង​ពីមុននិងឥឡូវមកបកស្រាយ ហើយណាមួយIdol វ័យកាន់តែច្រើនដែរហើយ »។

 មានខមិនជាច្រើនទៀតបានសំណូមពរឲ្យលោកព្រាប សុវត្ថិ ច្រៀងSolo Concert ដើម្បី​ឲ្យអ្នកគាំទ្រទទួល​យកបទពិសោធន៍ថ្មីពីលោក ប៉ុន្ដែអ្នកជំនាញសិល្បៈបាន​លើកឡើង​ថារឿងនោះពិបាកទៅរួច ព្រោះបើGalaxy រៀបចំការប្រគុំតន្រ្ដីឲ្យព្រាប សុវត្ថិ ច្រៀងខ្ទង់៤០បទ តែម្នាក់ឯងហើយសឹងតែ១០០% លោកច្រៀងបទនៅហង្ស​មាសនោះប្រាកដជាGalaxy មិនចង់ប្រូម៉ូតបទតារារបស់ខ្លួនច្រៀងនៅផលិតកម្មផ្សេងនោះទេ ។ប៉ុន្ដែព្រាប សុវត្ថិ អាច​ធ្វើ​រឿងនេះទៅបានប្រសិនបើអ្នករៀបចំការប្រគុំតន្រ្ដី​នោះជា​ម្ចាស់​Sponsor ដែលមិនមែន​ជា​Galaxy ដែលពេលនោះលោកចង់ច្រៀងបទអ្វីក៍បានដែរ។

សូមបញ្ជាក់ថាព្រាប សុវត្ថិ ល្បីល្បាញខ្លាំងអំឡុងពេលជ្រកនៅហង្សមាសរយៈពេល​២៣​ឆ្នាំ​​(១៩៩៧-២០២០ )បើទោះជាគេដឹងថាបទចម្រៀងរបស់លោកភាគ​ច្រើនបកប្រែពីបទ​ថៃ និងចិន ក្ដី។ប៉ុន្ដែនៅពេលដែលព្រាប សុវត្ថិ ជ្រកនៅGalaxy ជាង៤ឆ្នាំនេះបទចម្រៀង​របស់​លោកមិនសូវមានខ្លាំងៗដូចមុនទេ ហើយអ្វីដែលធ្វើឲ្យអ្នកស្ដាប់ធុញទ្រាន់នោះ​គឺលោក​មាន​ដៃគូតែម្នាក់គត់នោះគឺនាងតន់ច័ន្ទសីម៉ា ផ្ទុយពីនៅហង្សមាសលោកមាន​ដៃគូបុប្ផាចម្រុះ​ព័ណ​។អ្នកជំនាញសិល្បៈលោកនូ ស៊ឹប ថាព្រាប សុវត្ថិ ទោះជាមានវ័យច្រើនបន្ដិចមែនតែ​សម្លេង​​នៅមិនទាន់ធ្លាក់ចុះទេ ហើយមូលហេតុដែលទៅGalaxy លែងសូវមានបទល្បីៗព្រាះ​តាំង​ពី​ឡើងជាឧកញ៉ាមកព្រាប សុវត្ថិ មិនផ្ដោតលើចម្រៀងទាំងស្រុងដូចមុនទេ​គឺងាកទៅរក​ស៊ី​ច្រើនជាង។

 ក្រៅពីព្រាប សុវត្ថិ មាស សុខសោភា ក៍ត្រូវបានFanជម្រុញឲ្យធ្វើSolo Concert ដែរ​ហេតុនេះគេចាំមើលថាតើកំពូលតារាចម្រៀងទាំងពីរដួងមួយណារៀបចំព្រឹត្តិការណ៍ធំច្រៀងម្នាក់ឯង៤០បទមុនគេ ?

RELATED ARTICLES