ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្ត ១គ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ ក្នុងល្បឿនយ៉ាងលឿន រួចជ្រុលទៅបុកគល់ស្ពានអាកាសស្ទឹងមានជ័យ ពេញទំហឹង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្ក គ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង១០នាទីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ តាមផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា កាមរី ហាយប៊្រីដ ពណ៌ប្រផេះ ពាក់ស្លាកលេខ ខេមរភូមិន្ទ០២ ២-១០០៥ បើកបរដោយបុរសម្នាក់វ័យប្រហែល៤០ឆ្នាំ ក្នុងទិសដៅពីត្បូង ទៅជើង តាមបណ្តោយផ្លូវលេខ២៧១ ដោយមេឃកំពុងភ្លៀងផង ស្រាប់តែរថយន្តរេចង្កូតទៅបុកគល់ស្ពានអាកាសស្ទឹងមានជ័យពេញទំហឹង បណ្តាលឱ្យរថយន្តខ្ទាតថយក្រោយ គាំងបើកទៅមុខលែងរួច ផ្ទុះពោងសុវត្ថិភាពរងការខូចខាតយ៉ាងដំណំ។ ចំណែកអ្នកបើកបរ រងរបួសស្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក និងមន្ត្រីជំនាញចរាចរណ៍ បានចុះមកដល់កន្លែងកើតហេតុ និងធ្វើការវាស់វែង យករថយន្តបង្កហេតុ និងនាំអ្នកបើកបរ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង រង់ចាំដោះស្រាយតាមក្រោយ៕