ភ្នំពេញ៖លីន សោម៉ា ដែលបានលើកពានBeat The Best រដូវកាលទី២ តាំងពីថ្ងៃទី១មិថុនា ២០២៤ នោះពេលនេះទើបចេញចម្រៀងបទទី១របស់ខ្លួននៅហង្សមាស«មិនចេះតាមដាន » ដែលពេលនេះនាងប្ដូរបច្ចេកទេសច្រៀងស្ទើតែទាំងស្រុង ព្រោះពីមុនធ្លាប់តែច្រៀងបទមរតកដើម ងាកមកប្រើសម្លេងបែបយុវវ័យវិញម្ដង។ទោះជាយ៉ាងណានាងថាទទួលបានទាំងការលើកទឹកចិត្ត និងFan ខ្លះចង់ឲ្យនាងសងសម្លេងដើមរបស់ខ្លួនទៅពួកគេវិញ។
លីន សោម៉ា បានប្រាប់«នគរធំ » កាលពីរសៀលថ្ងៃទី២៣ កញ្ញា ថា«ពីមុនខ្ញុំច្រៀងភាគច្រើនជាបទមរតកដើម មានអឿន គ្រលុក គ្រលៀនច្រើន ដល់មកច្រៀងបទបែបយុវវ័យសម័យឥឡូវវិញមានការប្លែកខ្លាំងដែរហ្នឹង។ប៉ុន្ដែមានការលើកទឹកចិត្តនិងគាំទ្រពីFan ខ្ញុំដែរថាខ្ញុំច្រៀងប្លែកសម្លេងថ្មីពិរោះ តែខ្លះទៀតថាឲ្យខ្ញុំសងសម្លេងពីដើមទៅឲ្យពួកគេវិញមក(សើច…)»។
លីន សោម៉ា ថាតាំងពីនាងលើកពានមកទទួលបានការច្រៀងតាមកម្មវិធីផ្សេងៗជាបន្ដបន្ទាប់ពិសេសគឺនៅស្ទីឌីយោហង្សមាស ខណៈដែលតាមបណ្ដាខេត្តមិនសូវញឹកញាប់ទេ ព្រោះតែនេះធ្លាក់ភ្លៀង ហើយសព្វថ្ងៃនាងក៍កំពុងសិក្សារបន្ដជានិស្សិតឆ្នាំទី២ ផ្នែកគណនេយ្យ និងពន្ធដា នៅវិទ្យាស្ថានជាតិគ្រប់គ្រងផងដែរ ។ប្រភពបានឲ្យដឹងថាសោម៉ា នឹងត្រូវហង្សមាសបង្វឹកបណ្ដុះនាងឲ្យច្រៀងសម្លេងបែបយុវវ័យនេះឲ្យបានច្រើនថែមទៀត ដើម្បីចេញបទថ្មីៗជាបន្ដបន្ទាប់ បើទោះជាសីម៉ា ចង់ច្រៀងជាប្រភេទបទបែបមរតកដើមច្រើនជាងសម័យក្ដី ។
គួរកត់សម្គាល់ថាលីន សីម៉ា បន្ទាប់ពីលើកពានជាង៣ខែនេះនាងបានបង្ហាញភាពស្និតស្នាលគ្នាជាមួយរៀមច្បងលោកសួរ វិចិត្រ ដែលជាម្ចាស់ពានBeat The Best រដូវកាលទី១ដូចជាពួកគេជិះរថយន្ដតែពីរនាក់ជាមួយគ្នា ហើយលោកវិចិត្រ តែងតែនិយាយសរសើរនូវសម្ថភាពរបស់នាងជាញឹកញាប់ដោយបើកចំហទៀតផង រហតមានអ្នកខ្លះសង្ស័យថាសិស្សប្អូន និងសិស្សច្បងកំពុងតែស្វែងយល់ចិត្តគ្នាទៀតផង។
ពាក់ព័ន្ធរឿងនេះលីន សោម៉ា បំភ្លឺថានាងនិងលោកចិត្រ ជួបគ្នាតែពេលទៅរួមការងារជាមួយគ្នាប៉ុណ្ណោះទាំងនៅភ្នំពេញនិងខេត្ត។នាងថាពេលមានការងារសិល្បៈរួមគ្នាខាងក្រុមហ៊ុនទម្លាក់ឲ្យទើបនាងនិងលោកបានច្រៀងជាមួយគ្នា ។
សូមបញ្ជាក់ថាលីន សោម៉ា អាយុ២១ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ មុនក្លាយជាម្ចាស់ពានBeat The Best រដូវកាលទី២ នាងធ្លាប់ប្រលងចម្រៀងCambodian Idol រដូវកាលទី៣ , «ផ្ការីកក្នុងសួន » និង«Master Singer Cambodia » ជាដើម ។សីម៉ា ថានាងចូលចិត្តច្រៀងបទរៀមច្បងដូចជាអ្នកនាងម៉េង កែវពេជ្ជតា ,មាស សុខសោភា ,ឱក សុគន្ធកញ្ញា ,ពេជ្រ សោភា និងសុគន្ធ និសា ជាដើម ។
គេចាំមើលថាស្រីក្មេងលីន សោម៉ា អាចវាយលុកទីផ្សារចម្រៀងយុវវ័យនៅហង្សមាសបានដែរឬទេ ខណៈដែលការចេញបើកឆាករបស់នាងចំពេលដែលតារាល្បីៗរបស់ហង្សមាសជាច្រើនបានដើរចេញពីផលិតកម្មនេះជាបន្ដបន្ទាប់ ដែលបញ្ហានេះអ្នកជំនាញសិល្បៈបានលើកឡើងថាជាការបើកផ្លូវឲ្យតារាថ្មីៗមានឱកាសរះឡើងវិញម្ដង បើទោះជាឱក សុគន្ធកញ្ញា នៅតែជាតួឯក ក្ដី៕