អាមេរិកៈខេមរៈ សិរីមន្ដ បានដឹកដៃប្រពន្ធអ្នកនាងគួយ ផល្លី ហោះទៅអាមេរិកនៅព្រឹកថ្ងៃទី២៥ កញ្ញា ដើម្បីចូលរួមច្រៀងសម្ដែងក្នុងព្រឹត្តិការណ៍ Cambodia Today ផលិតផលខ្មែរនៅUnion Square នៅរដ្ឋSan Francisco ,Ca នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ។មុនដល់ថ្ងៃត្រូវច្រៀងសម្ដែងលោកខេមរៈ សិរីមន្ដ មានពេល២ថ្ងៃនាំប្រពន្ធដើរលេងលើទឹកដីអាមេរិក ហើយតាមព័តមានថាពេលច្រៀងសម្ដែងចប់លោកប៊ុនថៃ គ្មានគម្រោងបង្ហួសតំណើរទៅប្រទេសជិតខាងទេ គឺនឹងវិលមកខ្មែរវិញភ្លាមៗតែម្ដង ។


មានការជជែកជាច្រើនជុំវិញការចេញទៅច្រៀងសម្ដែងនៅអាមេរិករបស់លោកខេមរៈ សិរីមន្ដ នៅជើងនេះ ព្រោះតែមុននេះលោកហាក់មានភាពចម្រូងចម្រាសខ្លាំងជាមួយអ្នកគាំទ្រជាបន្ដបន្ទាប់ក្រោយពីសិរីមន្ដ ហាក់សកម្មចេញសារការពារថៅកែ និងមន្រ្ដីធំៗមួយចំនួន ហេតុនេះគេនៅមិនទាន់ដឹងថាអ្នកគាំទ្រសិរីមន្ដ នៅអាមេរិក នៅតែមានច្រើនដូចអំឡុងលោកច្រៀងសម្ដែងនៅសាន់ដេ ដែរឬយ៉ាងណាឡើយ ។ប៉ុន្ដែនៅមុនថ្ងៃសិរីមន្ដ ហោះទៅអាមេរិកជាមួយប្រពន្ធនេះគេមិនឃើញមានពលរដ្ឋខ្មែរនៅអាមេរិកចេញសារព្រមានធ្វើពហិការលើលោកដូចអំឡុងពេលដែលលោកព្រាប សុវត្ថិ ចេញទៅច្រៀងសម្ដែងនៅអូស្រា្ដលីកាលពីខែតុលា ឆ្នាំ២០២២ នោះទេ ខណៈដែលអ្នកគាំទ្រលោកប៊ុនថៃ លើកឡើងថាគួរតែមានការបែងចែកឲ្យច្បាស់ពីការសម្ដែងសិល្បៈ និងពាក់ព័ន្ធរឿងនយោបាយរបស់តារា មិនមែនយកមកឡូកឡំជាមួយគ្នានោះទេ ។


គេកត់សម្គាល់ថាលោកខេមរៈ សិរីមន្ដ ផ្អាកចេញច្រៀងសម្ដែងនៅប៉ែកអ៊ឺរ៉ុបជាង២ឆ្នាំមកហើយ ក្រោយលោកឡើងជាឧកញ៉ាកាលពីខែកុម្ភៈ ឆ្នាំ២០២២ គឺចេញច្រៀងនៅតែប្រទេសកូរ៉េ និងថៃ តាមរយៈការរៀបចំរបស់Galaxy ។សម្រាប់ការចេញតំណើរទៅអាមេរិកលើកនេះសិរីមន្ដ បានប្ដូរម៉ូដសក់ថ្មីពីម៉ូដក្រញ៉ាញ់ស្ពៃក្ដោប មកជាព័ណស្វាយលាយស វិញម្ដង ដែលមើលទៅស្ទាវជាងមុន ។អតីតតារាចម្រៀងU2 ,សាន់ដេ និងហង្សមាសរូបនេះក៍ត្រូវបានFan ខ្លះរិះគន់ស្ពឹកមុខដែរ មុនលោកប៊ុនថៃ ទៅអាមេរិកនេះដូចជាគេថាលោកលោកប្រែប្រួលខ្លាំងទាំងការរៀបចំខ្លួន និងចេញបទចម្រៀង រហូតមានអ្នកខ្លះលើកឡើងថា«តើសិរីមន្ដ កាលពី២០ឆ្នាំមុនទៅណាបាត់ហើយទៀតផង?»។ប៉ុន្ដែសម្រាប់អ្នកគាំទ្រលោកថៃ វិញថាពេលនេះសិរីមន្ដ បានលុយ និងជិះរថយន្ដទំនើបៗដូចសេដ្ឋីទៅហើយ រឿងអីដែលលោកមិនមានការប្រែប្រួលខ្លះៗទៅតាមទឹកលុយនោះ?


គួរបញ្ជាក់ថាខេមរៈ សិរីមន្ដ បានយកប្រពន្ធជាទីប្រឹក្សារ និងជំនួយការផ្ទាល់ខ្លួនរបស់លោកព្រោះអ្នកនាងគួយ ផល្លី ចេះដឹកនាំសម្ដែងMV និងរៀបចំសម្លៀកបំពាក់ រួមទាំងគ្រឿងអលង្ការពេលលោកឡើងច្រៀង។ចំណងស្នេហាសិរីមន្ដ និងអ្នកនាងផល្លី រយៈពេល២០ឆ្នាំនេះ ទទួលបានកូន៣នាក់(ស្រី១)ដែលពេលនេះសិរីមន្ដ កំពុងបណ្ដុះកូនប្រុសទី១ឲ្យដើរគន្លងសិល្បៈតាមលោកដែរ។ប៉ុន្ដែចំពោះដំណឹងរៀបការជាសាធារណៈវិញលោកថៃ មិនដែលបង្ហើបនោះទេ បន្ទាប់ពីលោកធ្លាប់អះអាងថាបានរៀបការរួចម្ដងហើយកាលពីឆ្នាំ២០០៩ និងក្រោយឡើងងារជាឧកញ៉ាភ្លាមៗលោកនិងប្រពន្ធក៍បានតែងជាឈុតរៀបការស្ងាត់រួចហើយដែរ។

គេចាំមើលថាខេមរៈ សិរីមន្ដ ច្រៀងនៅអាមេរិកលើកនេះជោគជ័យដូចកាលពី១០ឆ្នាំមុនដែរឬមានការប្រែប្រួលយ៉ាងណា ?
