ភ្នំពេញ៖អ្នកនាងលី ម៉ារីណា សែនកក់ក្ដៅចិន្ដា ខ្លាំងណាស់ដែលនៅថ្ងៃនាងរៀបចំខួបកំណើតឲ្យកូនប្រុសនាងសាត ថៃសាន់ គម្រប់១០ឆ្នាំ នៅហាងវីហ្វេ្រន សាខាបឹងកក់ កាលពីរាត្រីថ្ងៃទី២៤ កញ្ញា ស្វាមីនាងលោកទៀង ច័ន្ទសារ ធិការខ័ណ្ឌដូនពេញ បានបង្ហាញកាយវិការយកចិត្តទុកដាក់លើកូនដើមនាងដូចកូនលោកបង្កើតដែរ តាមរយៈការឈរទទួលភ្ញៀវនិងថតរូបជាមួយភ្ញៀវជុំគ្នាដែលភាគច្រើនជាអ្នកសិល្បៈ។នេះជាសកម្មភាពមួយធ្វើឲ្យម៉ារីណា រីករាយ ខណៈដែលកន្លងមកនាងក៍ស្រលាញ់កូនស្រីប្ដីដើមដូចជាកូននាងដូចគ្នា។ប៉ុន្ដែក្រោយម៉ារីណា ចាប់ដៃលោកទៀង ច័ន្ទសារ ជាង៩ខែមកនេះអ្នកទាំងពីរនៅមិនទាន់ទទួលបានលទ្ធផលដូចបំណងប្រាថ្នានោះគឺកូនភ្លោះដូចមិត្តភក្ដិជូនពរម៉ារីណា នៅថ្ងៃរៀបអាពាហ៍ ពិពាហ៍ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នោះទេ ។តែជាញឹកញាប់ម៉ារីណា បានចេញសារសរសើរស្វាមីថាជាបុរសដែលយកចិត្តទុកដាក់លើប្រពន្ធកូន ហើយនាងមានសំណាងបានក្លាយទៅជាភិរិយារបស់លោកទៀតផង។
សូមបញ្ជាក់ថាលី ម៉ារីណា ជាតារាម្នាក់ដែលតែងធ្វើខួបកំណើតខ្លួនឯងជារៀងរាល់ឆ្នាំ តែនាងក៍មិនភ្លេចថ្ងៃខួបកំណើតកូនប្រុសនាងដែលជាចំណងដៃជាមួយអតីតប្ដីលោកសាត ចាន់ថន ដែរ ។ដោយសារតែតារាខ្លះត្រូវទៅខួបម្ដាយផងកូនផង ទើបកន្លងមកមានភ្ញៀវលាន់មាត់ថាទៅខួបលី ម៉ារីណា ជាលើកទី១០០ ទៀតផង ព្រោះធ្វើរាល់ឆ្នាំពេក។តែសម្រាប់ខួបកូនប្រុសឆ្នាំនេះអតីតប្ដីម៉ារីណា លោកសាត ចាន់ថន មិនមកចូលរួមឡើយ ហើយនៅលើបណ្ដាញសង្គមហ្វេសបុករបស់លោកក៍គ្មានសារជូនពរកូនដូចរាល់ឆ្នាំដែរ ។
គួរកត់សម្គាល់ថាលី ម៉ារីណា ក្រោយក្លាយទៅជាភរិយាលោកទៀង ច័ន្ទសារ មកនាងបានកាត់បន្ថយការងារសិល្បៈដោយប្រាប់ថាក្នុង១ឆ្នាំទទួលថតតែ១រឿងប៉ុណ្ណោះ សល់ពេលទាំងអស់ទុកសមម្រាប់រកស៊ី។មុខរបរដែលភរិយាលោកអធិការខ័ណ្ឌដូនពេញ រូបនេះកំពុងកាក់កបគឺលក់អ៊ឺវ៉ាន់តាមOnline និងហាងលក់នំបញ្ចុក ផងដែរ ។តែម៉ារីណា មិនត្រូវប្ដីហួងហែងរឿងបន្ដអាជីពចាស់ឡើយ ពោលគឺនៅលើការសម្រេចចិត្តរបស់នាងប៉ុណ្ណោះ ខណៈដែលពេលនេះរឿងសំខាន់ដែលនាងត្រូវធ្វើគឺការយកកូនឲ្យខាងតែបាន ដើម្បីរឹតចំណងស្នេហាជាមួយស្វាមីឲ្យរឹងមាំ។
ក្រៅពីលី ម៉ារីណា តារាដែលចង់បានកូនភ្លោះនៅឆ្នាំ២០២៤ តែមិនទាន់បានដូចចិត្តមានដូចជាអ្នកនាងគង់ សុជាតិ,ហ៊ិន ច័ន្ទនីរ័ត្ន និងនៅ សុនិតា ជាដើម ។ប្រភពបានឲ្យដឹងថាម៉ារីណា មិនចង់ពន្យាពេលយកកូនថែមនោះទេ ព្រោះថាឆ្នាំនេះនាងមានអាយុ៤៣ឆ្នាំ ទៅហើយ ហេតុនេះទាំងរូបនាងនិងស្វាមីបានរៀបគម្រោងយកកូននៅមុនដំណាច់ឆ្នាំ២០២៤ នេះដូចគ្នា ប៉ុន្ដែលទ្ធផលក្រោយចាប់ដៃគ្នាជិត១០ខែមកនេះនៅមិនទាន់បានដូចចិត្តទៅវិញ ។គេចាំមើលថាតើម៉ារីណា នឹងពពោះកូនដំបូងឲ្យលោកអធិការជាកូនភ្លោះមែន ឬយ៉ាងណា ?