ខេត្តកំពង់ចាម ៖ ក្រោយទឹកទន្លេ នៅបន្តឡើង ហើយច្រាំងទន្លេនៅបន្តបាក់ ជាអន្លើរៗ រដ្ឋបាលខេត្តកំពង់ចាម បានចាត់កម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងរដ្ឋបាលស្រុកកោះសូទិន ដើម្បីទប់ទល់ការបាក់ស្រុតដីច្រាំង ទន្លេតាមបែបធម្មជាតិ នៅចំណុចផ្សារជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
លោកសា ស៊ីថា អភិបាលរងខេត្តកំពង់ចាម បានឱ្យដឹងថា កម្លាំងសហការ រួមមាន កម្លាំងរដ្ឋបាលស្រុកកោះសូទិន អភិបាលស្រុក ក្រុមប្រឹក្សាស្រុក កងកម្លាំងទាំង៣ និង កម្លាំងសសយក បានចូលរួមច្រកខ្សាច់ដាក់បាវ ដើម្បីបង្កការពារទប់ច្រាំងទន្លេកុំឱ្យបន្តបាក់ស្រុតបន្តទៀត នៅចំណុចខាងលើ។
លោកអភិបាលរងខេត្ត បានបន្តថា លទ្ធផលការច្រកខ្សាច់ដាក់បាវ បានចំនូនជាង៧០០បាវ អស់ខ្សាច់ ៣រថយន្តធំ ដើម្បីទប់ច្រាំងស្រុត ប្រវែង២០ម៉ែត្រ បានជោគជ័យ គិតមកត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។ កម្លាំងរដ្ឋបាលបានបំពេញភារកិច្ចទប់ច្រាំងបាក់ស្រុតដី ចំណុចខាង លើបានចំនួន២លើករួចមកហើយ ដូចគ្នានេះដែរនៅត្រើយខាងកោះមានការបាក់ស្រុតច្រាំងដែរ តែមិនប៉ះពាល់ដល់ពលរដ្ឋនោះទេ គឺនៅភូមិទី៩ និងភូមិទី១២ ហើយកម្លាំងក៏បានជួយរុះរើសែងផ្ទះជូនពលរដ្ឋបាន ចំនួន៣ផ្ទះផងដែរ។
ពិសេសរដ្ឋបាលខេត្តកំពង់ចាម បានត្រៀមកម្លាំងរួចជាស្រេច មិនថាតែការបាក់ច្រាំងទន្លេនោះទេ គឺត្រៀមកម្លាំងដើម្បីជួយអន្តរាគមន៍រាល់ហេតុការណ៍ជាយថាហេតុ កើតឡើងក្នុងខេត្ត គឺកម្លាំងត្រូវឈរលើសភាព ការណ៍ជានិច្ច បែបនេះទើបទទួលបាននូវសុវត្ថិភាពជូនពលរដ្ឋរបស់ ៕