ភ្នំពេញ៖រយៈពេលជាង២សប្ដាហ៍ហើយដែលសុគន្ធ និសា បាននាំស្វាមីលោកចៅ សម្បត្តិ វិលមកពីដើរលេងនៅអាមេរិកដែលចំណាយពេលដល់ទៅ១ខែនោះហើយនាងបានចេញច្រៀងតាមបណ្ដារកម្មវិធីរបស់ក្រុមហ៊ុនAgency ភ្លាមៗតែម្ដងក្នុងនោះភាគច្រើនជាប្រភេទកម្មវិធីGala Dinner ព្រោះខែនេះធ្លាក់ភ្លៀងខ្សត់Concerts តាមខេត្ត។ប៉ុន្ដែទាក់ទងដំណឹងសុគន្ធ និសា ចាកចេញពីហង្សមាសជាលើកទី២នោះនាងនៅរក្សាភាពស្ងៀមស្ងាត់ មិនទាន់ចេញមុខបំភ្លឺឡើយ តែតាមព័តមានថាហង្សមាសគ្មានវិធីទប់ស្កាត់តារាល្បីៗរបស់ខ្លួនចាកចេញនោះទេ ក្រោយតារាទាំងនោះផុតកុងត្រា ជាក់ស្ដែងដូចជាតារាស្នូលរបស់ផលិតកម្មនេះព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ ,ដួង វីរៈសិទ្ធ ,វី ឌីណែត និងរ៉េត ស៊ូហ្សាណា ជាដើម សុទ្ធតែបានចាកចេញពីផលិតកម្មធំនេះជាបន្ដបន្ទាប់។សម្រាប់សុគន្ធ និសា វិញធ្លាប់ចូលច្រៀងនៅហង្សមាសលើកទី១កាលពីឆ្នាំ២០០៧ និងបានដើរចេញនៅឆ្នាំ២០១២ ចូលថោន ហើយនៅឆ្នាំ២០១៦ នាងក៍វិលមកហង្សមាសវិញលើកទី២ ច្រៀង៨ឆ្នាំមកហើយទើបលេចឭថានាងបានចេញចេញពីហង្សមាសលើកទី២នៅឆ្នាំ២០២៤ ដោយបញ្ហាធំគឺគ្មានបទល្បីៗចេញដូចមុន ព្រោះពេលនេះតារាហង្សមាសមានបរិមាណច្រើនពេក។


អ្នកយកព័តមានយើងបានព្យាយាមទាក់ទងទៅសុគន្ធ និសា តាមទូរស័ព្ទជាច្រើនដង តែតេមិនចូលឡើយ ទើបមិនមានបានចម្លើយពីនាងទេ ។យ៉ាងណាគេកត់សម្គាល់ថាតាំងពីវិលត្រឡប់មកពីអាមេរិកនេះនិសា ក៍មិនទាន់ឡើងច្រៀងឆាកហង្សមាសដូចមុនទៀតដែរ ដែលនេះរឹតតែធ្វើឲ្យមានការសង្ស័យថានិសា ពិតជាលែងច្រៀងឲ្យហង្សមាសទៀតដូចប្រភពពីតារារួមទ្រនុំបង្ហើបប្រាប់មែន ។នៅលើបណ្ដាញសង្គមគេឃើញនិសា មមាញឹកនាំស្វាមីទៅធ្វើបុណ្យភ្ជុំបិណ្ឌតាមទីអារ៉ាមមួយចំនួន ខណៈដែលFan បានខមិនជូនពរនាងជាបន្ដបន្ទាប់ថាសូមឲ្យនិសា និងប្ដីធ្វើបុណ្យសន្សំកុសលរួមគ្នាបានកូនដំបូងសមតាមបំណង។ប៉ុន្ដែនិសា មិនបានធានាថាពេលណានាងនឹងពពោះ តាមការជូនពររបស់អ្នកគាំទ្រនោះទេ បន្ទាប់ពីនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាបានរៀបគម្រោងយកកូននៅស្រុកខ្មែរតាំងពី២០២១ ម្លេះ តែជិត៣ឆ្នាំមកនេះនៅតែគ្មានលទ្ធផលដដែល ក្រោយសម្រេចចិត្តពន្យាពេលចេញទៅរស់នៅអាមេរិក។


សូមបញ្ជាក់ថាសុគន្ធ និសា កាលពីចុងខែមីនា ឆ្នាំ២០២៤ បានថ្លែងនៅថ្ងៃសម្ពោធគ្លីនិករក្សារសម្រស់នាងចំពោះមុខអ្នកសារព័តមានជាច្រើនស្ថាប័នថានាងពិតជាមានការព្រួយបារម្ភចំពោះទីផ្សារចម្រៀងរបស់ខ្លួនមែន ព្រោះគ្មានបទថ្មីៗចេញដែលធ្វើឲ្យពិបាករក្សារលំនឹង។ប៉ុន្ដែនិសា យល់ថាពេលនេះមិនមែនតែរូបនាងម្នាក់ទេ ពោលគឺតារាស្រីសឹងតែទាំងអស់ គឺដូចគ្នា ព្រោះអ្នកសិល្បៈ លែងពឹងលើចម្រៀងមួយច្រកទៀតហើយ ដោយសារតែងាកទៅរកស៊ីOnline សឹងគ្រប់គ្នា ទើបធ្វើឲ្យបទចម្រៀងចេញមិនដិតដល់ដូចមុន។ប្រភពបានឲ្យដឹងថានិសា ត្រូវបានផលិតកម្មGalaxy បើកទ្វារស្វាគមន៍ ប្រសិនបើនាងព្រមទៅចាប់ដៃជាមួយលោកឧកញ៉ាព្រាប សុវត្ថិ ជាលើកទី២ នោះ។ប៉ុន្ដែគេចាំមើលថាហង្សមាសដែលឲ្យតំណែងធំទៅនិសា ដល់ទៅ២គឺជាគ្រូបង្វឹកThe Voice Kids Cambodia រដូវកាលទី៣ និងគណៈកម្មការCambodian Idol Junior រដូវកាលទី២ នោះអាចបន្ថែមតំណែងថ្មីណាមួយទៀតអន្ទងចិត្តនាងឲ្យបន្ដរួមរស់ជាមួយខ្លួនតទៅទៀតបានដែរឬអត់ ?



