Sunday, September 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះ.../ឃ្លាំង ខ្ទេ.../ចកង់អគ្គិសនី ៤ពាន់គ្រឿង

ភ្លើងឆេះ…/ឃ្លាំង ខ្ទេ…/ចកង់អគ្គិសនី ៤ពាន់គ្រឿង

ភ្នំពេញ ៖ កង់អគ្គិសនី (កង់អាគុយ) គ្រប់ប្រភេទ ប្រមាណ៤០០០គ្រឿង ត្រូវបានរងការឆេះខូចខាតអស់ទាំង ស្រុង ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆះឃ្លាំងស្តុកមួយកន្លែង នៅតំបន់អភិវឌ្ឍន៍ អូស៊ីអាយស៊ី។ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅត្រង់ចំណុចឃ្លាំងស្តុកកង់អគ្គិសនី មួយកន្លែង នៅតំបន់អភិវឌ្ឍន៍ អូស៊ីអាយស៊ី ស្ថិតក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ឃ្លាំងដែលរងការឆាបឆេះ សង់ពីដែកប្រក់សង្ក័សី មានទំហំ១០ម៉ែត្រ គុណនឹង ៤០ម៉ែត្រ មានស្តុកកង់អគ្គិសនីគ្រប់ប្រភេទចំនួន ប្រមាណ៤០០០គ្រឿង (រងការឆាបឆេះអស់ទាំងស្រុង)។

តាមព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានផ្សែងខ្មៅហុយខ្មួលខ្មាញ់ពេញផ្ទៃមេឃ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលស្ទើរមួយចំហៀងរាជធានីភ្នំពេញ។ ភ្លាមៗ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានទាក់ទង ហៅរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ទៅអន្តរាគមន៍បាញ់ទឹកពន្លត់ រហូតដល់វេលាម៉ោងប្រមាណ ៧និង១០នាទីយប់ ថ្ងៃដដែល  ទើបភ្លើងបានរលត់ទៅវិញ ដោយនៅក្នុងហេតុការណ៍នោះ សមត្ថកិច្ចបានប្រើគ្រឿងចក្រកាយទម្លុះឃ្លាំង ដើម្បីងាយស្រួលបាញ់ទឹកពន្លត់ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន  បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២៦គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៥គ្រឿង ប្រើប្រាស់ទឹកអស់ ៤៥ឡាន ស្មើនឹង១៨០ម៉ែត្រគូប និងរថយន្តជំនួយរបស់ក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វា ចំនួន៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២១ឡាន ស្មើនឹង ១២៦ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤ឡាន ស្មើនឹង ៣២ម៉ែត្រ គូប។ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ទីក្រុងអូឡាំព្យ៉ា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង ១២ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង ១២ម៉ែត្រគូប។

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺឃ្លាំងដែកប្រក់សង្ក័សី ទំហំ១០ម៉ែត្រ គុណនឹង ៤០ម៉ែត្រ ឆេះឃ្លាំងចំនួន១ឃ្លាំង រួមទាំង កង់ ចំនួន៤០០០គ្រឿង អស់ទាំងស្រុង និងពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ គ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការបាញ់ឱ្យរលត់ទៅវិញ នៅវេលាម៉ោង ៧និង១០នាទីយប់ថ្ងៃដដែល។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ ដោយបញ្ជាក់ថា ករណីនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ នៅក្នុងហេតុការណ៍នេះ មិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសក្នុងគ្រោះអគ្គិភ័យខាងលើនេះឡើយ៕

RELATED ARTICLES