ខេត្តកែប ៖ អនុវត្តតាមបទបញ្ជារបស់លោកសោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប រដ្ឋបាលស្រុកដំណាក់ចង្អើរ បានចុះបង្ក្រាប និងចុះរុះរើរាល់ការលួចសាងសង់សំណង់គ្រប់ប្រភេទដែលរំលោភចូលលើដីសាធារណៈរបស់រដ្ឋ នៅតាមបណ្តោយមាត់សមុទ្រ ចំណុចស្រែយុល ក្នុងមូល ដ្ឋានស្រុកដំណាក់ចង្អើរ ខេត្តកែប។
ប្រតិបត្តិការនេះ ដឹកនាំដោយលោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ ដោយមានការចូលរួមពីកម្លាំងគណៈ បញ្ជាការឯកភាពស្រុក និងមានកិច្ចសហការពីកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកែប កម្លាំងកង រាជអាវុធហត្ថខេត្តកែប និងកម្លាំងការពារព្រំដែនទឹក វរៈ៤៣០ ប្រចាំខេត្តកែប រួមជាមួយអាជ្ញាធរមូលដ្ឋាន។
ក្នុងនោះកម្លាំងចម្រុះ បានចុះទៅដល់ទីតាំងទី១ ដោយម្ចាស់ទីតាំងយកគ្រឿងចក្រមករុះរើដោយខ្លួនឯង ហើយបានស្ទូចយកខ្យូសឈើ ចេញចំនួន២ខ្នង និងបន្តរុះរើថែមទៀត។ ជាមួយគ្នានោះ ទីតាំងទី២ បានរុះរើសំណង់ផ្ទះឈើ ១ខ្នង បាំងជញ្ជាំងក្តា ទំហំ ៣ម៉ែត្រ គុណនឹង ៤ម៉ែត្រ កម្ពស់២ជាន់ ដែលបានលួចសាងសង់ដោយគ្មានច្បាប់អនុញ្ញាតចូលក្នុងទឹកព្រែក ពីសំណាក់ជនឆ្លៀតឱកាស និងមិនស្គាល់អត្តសញ្ញាណ នៅចំណុចស្ពានអូរកញ្ឆែត ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ជាលទ្ធផលក្រុមការងារបានចុះដល់ទីតាំង ធ្វើការរុះរើសម្ភារៈឈើ និងកម្ទេចចោលនៅនឹងកន្លែង។
បើតាមការបញ្ជាក់ពីលោកឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ ប្រតិបត្តិការនេះ នឹងបន្តដូចភ្លៀងរលឹម ដោយមិនអនុញ្ញាតឱ្យមានការទន្ទ្រានយកដីសាធារណៈ មកធ្វើជាកម្មសិទ្ធិឯកជននោះទេ។
ដោយឡែក តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុកដំណាក់ចង្អើរ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជាពីអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បញ្ជាការឯកភាពរដ្ឋបាលខេត្តកែប និងមានគោលការណ៍ឯកភាពពីព្រះ រាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកែប គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងចម្រុះ ក្នុងនោះក៏មានការចូលរួមសហការគាំទ្រពីកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកែប កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប កម្លាំងការពារព្រំដែនទឹក វរៈ៤៣០ ប្រចាំខេត្តកែប អាជ្ញាធរឃុំ និងប្រជាការពារភូមិ បានរួមគ្នាចុះរុះរើសំណង់ខឿនសង់ពីលូបេតុង ដែលជនឆ្លៀតឱកាសបានលួចរៀបចូលទៅក្នុងសមុទ្រ ដែលជាដីសាធារណៈរបស់រដ្ឋ ដោយគ្មានច្បាប់អនុញ្ញាត នៅចំណុចស្រែយុល ស្ថិតនៅភូមិអំពេង ឃុំអង្គោល ស្រុកដំណាក់ចង្អើរខេត្តកែប។ ជាលទ្ធផលជាក់ស្តែង ក្រុមការងារបានលើកលូទាំងអស់ចេញពីក្នុងសមុទ្រ ចំនួន២៦កង់ និងថ្ម ប្រហែល ១ឡាន ដឹកចេញយកទៅរក្សាទុកនៅសាលាស្រុកដំណាក់ចង្អើរ។
សូមបញ្ជាក់ផងដែរថា សកម្មភាពលួចសាងសង់សំណង់មិនរៀបរយ នៅលើដីសាធារណៈរបស់រដ្ឋ នៅចំ ណុចស្រែយុល ខាងលើនេះ កន្លងមករអាជ្ញាធរស្រុកបានចុះណែនាំដោយផ្ទាល់ ព្រមទាំងច ព្រមទាំងបានចេញ សេចក្តីជូនដំណឹងជាសាធារណៈជាបន្តបន្ទាប់ ស្តីពីការហាមឃាត់ ការសាងសង់សំណង់រឹង ការរៀបខឿន ការចាក់ដីចូលក្នុងសមុទ្រ លើសពីទំហំដែលពួកគាត់កំពុងអាស្រ័យផលជាក់ស្តែង ឱ្យរក្សានូវស្ថានភាពដើមសិន ថែមទាំងបានជម្រាបជូនដំណឹងជាលាយល័ក្ខអក្សរ ឱ្យរុះរើសំណង់ដែលបានលួចសង់ផ្ទុយពីការណែនាំរបស់រដ្ឋបាលស្រុក។
ទន្ទឹមនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងបន្តចុះអនុវត្តវិធានការច្បាប់ រុះរើចេញវិញ គ្រប់ជនឆ្លៀតឱកាសលួចទន្ទ្រានចូលដីសាធារណៈរបស់រដ្ឋ និងស្រាវជ្រាវរកអត្តសញ្ញាណជនឆ្លៀតឱកាសនោះ មកទទួលខុសត្រូវចំពោះមុខច្បាប់…៕