ខេត្តស្វាយរៀង ៖ អគារកាស៊ីណូ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់អ្នកញៀនល្បែង រាប់រយនាក់ រត់ចេញពីអគារប្រសាច និងមានអ្នកខ្លះជាប់នៅលើអគារបក់ដៃតាមបង្អួច ឱ្យគេជួយ។ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង១៥នាទីរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ នៅចំណុចកាស៊ីណូ អនឡាញ អត់ស្លាកយីហោ មួយកន្លែង ត្រង់ចំណុចខាងលិចកាស៊ីណូម៉ុកបាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានអណ្តាតភ្លើងឆាបឆេះបន្ទប់ជាន់ទី៨ នៃអគារខាងលើ ធ្វើឱ្យក្រុមអ្នកលេងល្បែង ជាជនជាតិវៀតណាម ផ្អើលនាំគ្នារត់ចុះពីលើអគារ រួចរត់ចេញទៅតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត នាំគ្នា ឆ្លងដែនទៅប្រទេសវៀតណាម វិញអស់ភ្លាមៗ។
ប្រភពដដែល បន្តថា លុះប្រមាណ ១៥នាទីក្រោយមក ទើបគេឃើញក្រុមពន្លត់អគ្គិភ័យ បានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ ដោយប្រើប្រាស់រយៈពេលប្រមាណកន្លះម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។
តាមការសន្និដ្ឋាន ហេតុការណ៍អគ្គិភ័យនេះ បង្កឡើងដោយទុស្សេខ្សែភ្លើង ឆេះម៉ាស៊ីនបោកសម្លៀកបំពាក់ រួចបន្តឆាបឆេះសម្ភារៈក្នុងបន្ទប់តែម្តង តែយ៉ាងណា ករណីនេះ មិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ៕