ភ្នំពេញ៖កាលពីឆ្នាំមុនមាស សុខសោភា បាននាំស្វាមីថតMV ជាមួយនាងនូវចម្រៀងលើកសរសើរពីគុណសម្បត្តិស្វាមីតាមរយៈបទ«អរគុណលោកប្ដី» ខណៈដែលថ្មីៗនេះសុខសោភា បាននាំលោកអ៊ឹត រ៉ាដា ថតស្ពតពាណិជ្ជកម្មឲ្យកាហ្វេមួយជាមួយនាងតែម្ដង ដូចគ្នាទៅនិងឱក សុគន្ធកញ្ញា ធ្លាប់ដឹកដៃស្វាមីនាងលោកអ៊ឹង សុខលី ថតឃោសនាផលិតផលដែរ។មានការលើកឡើងនៅលើបណ្ដាញសង្គមថាសុខសោភា កំពុងតែព្យាយាមលើកមុខមាត់ស្វាមីឲ្យល្បីឈ្មោះដែរ ហើយតារាចម្រៀងវ័យ៤៣ឆ្នាំ រូបនេះចង់បង្ហាញថាជីវិតស្នេហានាងគ្មានអ្វីជាអាថ័កំបាំងទើបនាងទើបនាងព្យាយាមធ្វើការងារសិល្បៈជាមួយគូស្នេហ៍តែម្ដង បើទោះជាសុខសោភា ធ្លាប់លាក់ប្ដីជាង១០ឆ្នាំក្ដី ។ដោយឡែកកាលពីចុងខែកញ្ញា សុខសោភា ក៍បានដឹកដៃប្ដីទៅអាមេរិករយៈពេលដល់ទៅ១០ថ្ងៃដែលការចេញដំណើរលើកនេះនាងឆ្លៀតច្រៀងសម្ដែងក្នុងកម្មវិធីCambodia Day នៅUnion Square (San Francisco) កាលពីថ្ងៃទី២៨ ខែ៩ ហើយនាងទើបតែហោះមកខ្មែរវិញកាលពីថ្ងៃទី៧ ខែ១០ ។តាមរយៈវីដេអូVlog សុខសោភា បានដើរកម្សាន្ដជាមួយប្ដីលើទឹកដីអាមេរិកជាច្រើនទីតាំងរួមទាំងតំបន់Las Vegas ផងដែរ ដែលនេះជាការរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀតក្រោយពួកគេចាប់ដៃគ្នារយៈពេល១៧ឆ្នាំ ។អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះមិនត្រឹមតែរីករាយជាមួយប្ដីម៉ាអស់ដៃលើទឹកដីអាមេរិកទេ ប៉ុន្ដែសោភា ក៍បានដើរលេងជាមួយយុវជនម្នាក់ឈ្មោះBovee Hundley ដែលនាងអះអាងថាជាកូនខ្លួននោះដែរ ហើយនាងមានអារម្មណ៍សោកស្ដាយដែលកូនមិនអាចមកខ្មែរជាមួយបានដោយសារតែជាប់សិក្សារនៅអាមេរិក។
សូមបញ្ជាក់ថាមាស សុខសោភា គ្មានដំណឹងចង់នាំស្វាមីនាងលោកអ៊ឹត រ៉ាដា ចេញទៅរស់នៅកាណាដាជាថ្មីនោះទេ ក្រោយលុបចោលគម្រោងនេះកាលពីឆ្នាំ២០១០ ហើយពេលនេះប្ដីមករស់នៅខ្មែរតាមនាងជាង១០ឆ្នាំទៅហើយ បន្ទាប់ពីពួកគេបានរៀបការដោយស្ងាត់ៗ២លើកគឺលើកទី១៖ឆ្នាំ២០០៨រៀបការនៅកាណាដាដោយចូលព្រះវិហារតាមបែបគ្រិស្ទាន និងលើកទី២៖ថ្ងៃទី២៨ ខែ១២ ឆ្នាំ២០០៩ រៀបការតាមបប្រពៃណីខ្មែរនៅខ្មែរ ស្រដៀងសែនព្រេន ហើយនៅពេលនេះគ្មានដំណឹងសោភា -រ៉ាដា ចង់រៀបការលើកទី៣ ដោយបើកចំហឡើយ ។
អ្នកជំនាញសិល្បៈសង្កេតឃើញថាមាស សុខសោភា តាំងពីចេញពីរាម ជិត២ឆ្នាំ មកច្រៀងនៅCamtraxMusic គ្រប់គ្រងដោយស្វាមីលោកអ៊ឹត រ៉ាដា និងបងប្រុសនាងលោកមាស សុខរតនៈ នេះ គេឃើញទីផ្សារសិល្បៈរបស់នាងនៅតែមានជាប្រចាំដូចមុន បើទោះជាគ្មានបទថ្មីល្បីៗខ្លាំងដូចមុនក៍ដោយ តែសោភា ច្រៀងបទចាស់ល្បីៗរបស់ខ្លួនឡើងវិញតាមPub មួយចំនួន។គេនៅមិនទាន់ដឹងថានៅឆ្នាំទី៣ សោភា បន្ដច្រៀងនៅផលិតកម្មខ្លួនឯងទៀត ឬយ៉ាងណានោះទេ ព្រោះនៅមានផលិតកម្ម៣ដែលចាំត្រងសោភា នោះគឺថោន ,ហង្សមាស និងGalaxy បើទោះជានាងហាក់គ្មានចេតនាចង់ទៅជ្រកនៅផលិតកម្មខាងលើព្រោះខ្លាចជាប់ចំណងកុងត្រារើរខ្លួនមិនរួចក៍ដោយ។
ក្រៅពីមាស សុខសោភា តារាដែលយកគូស្នេហ៍ថតការងារសិល្បៈជាមួយគ្នាមានដូចជាអ្នកនាងឱក សុគន្ធកញ្ញា ,អ៊ីវ៉ា ,ម៉ានីកា ,គង់ ច័ន្ទស្រីមុំ និងទេព បូព្រឹក្ស ជាដើម ។ចំណែកប្រភពខ្លះថាសុខសោភា នៅមានមហិច្ឆតាធំ១ទៀតនោះគឺនាងចង់នាំស្វាមីថតភាពយន្ដជាមួយគ្នាបើផលិតកម្មណាចរចា ត្រូវតម្លៃខ្លួន ខណៈដែលកាលពីឆ្នាំមុនលោកមាស សុខរតនៈ បងប្រុសសោភា ធ្លាប់បង្ហើបប្រាប់អ្នកកាសែតថាប្អូនស្រីលោកព្រមថតភាពយន្ដ១ទាល់តែលុយចំណេញផលិតករចែកឲ្យសោភា ពាក់កណ្ដាលទើបលោកព្រមឲ្យថត ៕