ភ្នំពេញ៖អតីតតារាចម្រៀងM និងសាន់ដេ អ្នកនាងអែនជី ត្រៀមសម្រាលកូនទី២ជាកូនស្រីក្នុងពេលឆាប់ៗនេះហើយ ក្រោយពីកូនប្រុសទី១របស់នាងឈ្មោះគង់ វីរៈអ៊ីដេន គម្រប់៤ឆ្នាំ កាលពីថ្ងៃទី៤ ខែតុលា ។អែនជី ទទួលបានសារជូនពរជាច្រើនពីFan និងអ្នករួមអាជីព ខណៈដែលនាងតែងតែបង្ហាញពីការស្រលាញ់ និងថ្នាក់ថ្នមពីស្វាមីនាងលោកគង់ សុខអេង មុនពេលនាងសម្រាលកូននៅចុងឆ្នាំ២០២៤ នេះ។យ៉ាងណាគេកត់សម្គាល់ឃើញថាអែនជី នៅតែរក្សារសម្រស់បានផូផង់ ទោះជាពេលនេះនាងជិតបានកូន២ ក្ដី ហើយតាមព័តមានថានាងមានជីវភាពធូរធារដោយជិះរថយន្ដទំនើបៗ ក្រោយពេលនាងផ្ដាច់ខ្លួនពីអាជីពចម្រៀងជាង៦ឆ្នាំ ដោយងាកមករកស៊ីលក់ផលិតផល និងសម្លៀកបំពាក់ ។


គួររំលឹកថាតារាចម្រៀងអែនជី បានរៀបការជាមួយតារាសម្ដែងលោកគង់ សុខអេង កាលពីខែមេសា ឆ្នាំ២០១៨ ហើយបន្ទាប់ពីមានស្វាមីភ្លាមៗនាងនិងស្វាមីបានបោះបង់អាជីពសិល្បៈដូចគ្នាដោយងាកមកពង្រឹងអាជីវកម្មផ្ទាល់ខ្លួនដោយអែនជី ដើរតាមគន្លងបងថ្លៃរបស់ខ្លួននាងផាន់ ម៉ូនីកា និងអ៊ឹម សុគន្ធា ដែរ គឺមិនបន្ដអាជីពសិល្បៈក្រោយមានប្ដី ប៉ុន្ដែNG មិនទាន់ឡើងជាជំទាវដូចបងថ្លៃទាំងពីររបស់នាងនោះទេ ។តាមប្រភពបានឲ្យដឹងថាអែនជី គ្មានបំណងវិលមកច្រៀងរាំជាអាជីពដោយចូលផលិតកម្មណាឡើយ ក្រោយសម្រាលកូនទី២ នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ប៉ុន្ដែបើនាងចេញបទចម្រៀងថ្មីៗគឺមានតែធ្វើខ្លួនឯងដើម្បីអមជាមួយការលក់អ៊ឺវ៉ាន់តាមOnline របស់នាងប៉ុណ្ណោះ ។


សូមបញ្ជាក់ថាអែនជី លេចធ្លោគួរសមអំឡុងពេលច្រៀងឲ្យM និងសាន់ដេ ហើយនាងក៍ត្រូវមន្រ្ដីធំៗមួយចំនួនចោមស្នេហ៍ដូចពេជ្រ សូលីកា ដែលច្រៀងនៅទ្រនុំចាស់ជាមួយនាងដែរ តែចុងក្រោយNG បានជ្រើសផ្លូវសាងស្នេហ៍ជាអ្នកសិល្បៈដូចគ្នាដោយផាត់ចោលតំណែងជំទាវគឺដូចគ្នាទៅនិងរៀមច្បងមួយចំនួនដែលយកប្ដីជាតារាដូចគ្នាដែរក្នុងនោះមានដូចជាអ្នកនាងគង់ សុជាតិ,សែម ឆវី ,កុល ដាវី ,ស៊ឹម សូលិកា ,ទេព បូព្រឹក្ស ,គង់ ច័ន្ទស្រីមុំ និងម៉ានីកា ជាដើម ។ប៉ុន្ដែតាមព័តមានថាតំណែងជំទាវក៍មិននៅឆ្ងាយពីកណ្ដាប់ដៃអែនជី ដែរព្រោះតាមព័តមានថាលោកគង់ សុខអេង នឹងអាចឡើងតំណែងធំជាឯកឧត្តមដូចបងប្រុសរបស់លោកដែរនាពេលខាងមុខនេះជាមិនខាន។


ក្រៅពីអែនជី តារាដែលបន្ធូដៃពីអាជីពសិល្បៈ មករកស៊ីOnline មានដូចជាឌួង ហ្សូរីដា ,លី ម៉ារីណា,កុល ដាវី និងនី មុនីនាថ ជាដើម ៕
