ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានធ្វើការបណ្តេញជនជាតិវៀតណាម ចំនួន៤៦នាក់ (ស្រី១៦នាក់) ពាក់ព័ន្ធករណីលួចចូលមកស្នាក់នៅធ្វើការខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត។
តាមប្រភពអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ថា ការបណ្តេញជន ជាតិវៀតណាម ខាងលើនេះ ធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោ ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន៤៦នាក់ (ស្រី១៦នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត។
ប្រភពពដដែល បន្តថា ក្នុងចំណោមជនជាតិវៀតណាម ទាំង៤៦នាក់ ដែលត្រូវបានបណ្តេញចេញ ក្នុងនោះមានចំនួន៤២នាក់ (ស្រី១៦នាក់) ពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការខុសច្បាប់ (Call Center) ទទួលពីស្នងការដ្ឋាននគរបាលខេត្តកំពត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងចំនួន៤នាក់ទៀត (ភេទប្រុស) ពាក់ពន្ធ័ករណីលួចស្នាក់នៅធ្វើការខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕